សេង ស្រីនាង ទទួលការចាប់អារម្មណ៍ខ្ពស់ក្នុងរឿង «ក្រោមតំណក់ភ្លៀង»

(ភ្នំពេញ)៖  សេង ស្រីនាង ហៅអូននាង គឺជាតារាសម្បុរស្រអែមស្រស់កម្ពស់ត្រូវស្ដង់ដារ ស្ដារកេរ្តិ៍ឈ្មោះពីតារាបង្ហាញម៉ូដរហូតដល់ត្រូវប៉ាន់ក្លាយជាតួអង្គកាចឆ្នាសឆ្នើមក្នុងខ្សែភាពយន្ដភាគ និងបន្ដទទួលដំណែងជាតួអង្គទឹកភ្នែក រហូតឡើងកូដក្លាយជាតួអង្គឯកជាបន្ដបន្ទាប់។ ហើយថ្មីៗនេះនាងហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងមិនធម្មតាក្នុងខ្សែភាពយន្ដភាគថ្មី ក្រោមចំណងជើងថា «ក្រោមតំណក់ភ្លៀង» ដែលជាខ្សែភាពយន្ដបែបមនោសញ្ចេតនាកម្សត់ កំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ My TVជារៀងរាល់សប្ដាហ៍។

 

តារាជំនាន់ថ្មីល្បីថាមានសមត្ថភាពខ្លាំងឡើងរាសីក្លាយជាតួឯកជាបន្តបន្ទាប់រូបនេះ ក្រៅពីអាចសម្ដែងជាតួអង្គកាចឆ្នាសឆ្នើមធ្វើឱ្យមហាជនចោមរោមស្អប់គ្រប់គ្នាហើយនោះ រូបនាងក៏មានសមត្ថភាពបង្ហូរទឹកភ្នែកដោយការដាក់មនោសញ្ចេតនាដល់កម្រិតកំពូលអង្រួលដួងចិត្តមហាជនឱ្យក្ដុកក្ដួលតាមមិនស្ទើរនោះទេ ជាពិសេសគឺក្នុងរឿង «ផ្លូវទៅកាន់ភូមិ» និង «ក្រោមតំណក់ភ្លៀង» ដែលមានរូបនាងសម្ដែងជាតួឯកនេះតែម្ដង។

ងាកមកជីវិតឯកជនរបស់តារារូបនេះវិញឃើញថា ចំណងស្នេហ៍ជាមួយកំលោះម្នាក់ដែលតែងតែបណ្ដើរគ្នាយ៉ាងត្រសងនោះ នៅតែល្អូកល្អិននឹងគ្នានៅឡើយ ប៉ុន្តែក៏មិនទាន់លេចឮដំណឹងជាផ្លូវការណាមួយថាតារារូបនេះនឹងចូលរោងជ័យជម្រុះចោលពាក្យនៅលីវនៅពេលណានោះដែរ៕ (ដោយ៖ ភូមិន្ទ)