ការចិញ្ចឹមត្រីជាច្រើនប្រភេទរបស់ប្រជាកសិករ ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយប្រើចំណីតាមលក្ខណៈបច្ចេកទេស របស់ក្រសួងកសិកម្ម

(កំពង់ឆ្នាំង)៖ បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំង បានងាកមកចាប់មុខរបរចិញ្ចឹមត្រីឆ្តោ និងត្រីប្រាត្រីពោធិនិងត្រីផ្សេងៗទៀត នៅក្នុងបែរ និងក្នុងស្រះរបស់ពួកគាត់តាមបែបវារីវប្បកម្មដោយប្រើចំណីទៅតាមបច្ចេកទេសរបស់កនរសួងកសិកម្ម ដែលធ្វើឱ្យពួកគាត់ទទួលបាននូវផលចំណេញទាំងថវិការ និងកាត់បន្ថយនូវរាលើបទល្មើសការដាក់ស្បៃមុងយកកូនត្រីមកធ្វើជានុយ ពិសេសជាងនេះទៅទៀត គឺមិនបានធ្វើអោយមានប៉ះពាល់ដល់សុខភាពអ្នកបរិភោគទៀតផង ។

ប្រជាកសិករចិញ្ចឹមត្រីក្នុងភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំងលោក ឃឹម ឡុង បានរាបរាប់ឲ្យដឹងនៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ ខណៈដែលលោកកំពុងតែអោយចំណីត្រីឆ្តោ និងត្រីពោ ត្រីប្រា ដែលលោកកំពុងចិញ្ចឹមក្នុងស្រះប្រមាណ៨០ម៉ឺនក្បាលថា មកដល់ថ្ងៃនេះ លោកបានជីកស្រះចំនួន៩កន្លែង និងបានដាក់ពូជត្រីចំនួនបីប្រភេទ គឺត្រីឆ្តោរ៥០ម៉ឺនក្បាល និងត្រីពោ ៣០ម៉ឺនក្បាល ដោយបានអោយចំណីវាស៊ីទៅតាមបច្ចេកទេសកសិកម្ម ដែលលោកសង្ឃឹមថានៅក្នុងរយៈពេលពី៣ ទៅ៤ខែ ខាងមុខនេះលោកនឹងទទួលបានមកវិញនូវផលពីការចិញ្ចឹមត្រីនេះយ៉ាងល្អប្រសើរ ។

លោកថាចំពោះចំណីត្រីធំ គឺលោកបានទិញត្រីនុយទឹកប្រៃពីខេត្តកំពង់សោម យកមកកិនអោយម៉ដ្ឋដាក់អោយវាស៊ី ដោយមិនប្រើប្រាស់កូនត្រីនុយទឹកសាបឡើយ។

ចំណែកកូនត្រីប្រាតូចៗ លោកបានទិញចំណីត្រីកសិកម្មប្រភេទគ្រាប់ ពីទីផ្សារអោយវាស៊ី ដែលការផ្តល់ចំណីត្រីបែបនេះ គឺជាការចូល រួមចំណែកកាត់បន្ថយបទល្មើសនេសាទ ក្នុងការប្រើឧបករណ៍ស្បៃមុងចាប់កូនត្រីនៅក្នុងទន្លេយកមកឲ្យស៊ី ហើយលទ្ធផលនៃការចិញ្ចឹមត្រីខាងលើនេះ វានឹងផ្តល់ទិន្នផលល្អផងដែរ និងមិនប៉ះពាល់ដល់ច្បាប់ស្តីពីជល ផលនោះឡើយ ។
លោកបានបន្តឲ្យដឹងទៀតថា កាលពីឆ្នាំកន្លងទៅ លោកចិញ្ចឹមត្រីឆ្តោរចំនួនតែ៣០ ម៉ឺនក្បាល និងត្រីពោ២០ម៉ឺនក្បាលប៉ុណ្ណោះ រីឯណាទិន្នផល គឺលោកបានចំណេញគួរសមដែលអាចទទួលយកបាន ព្រោះកាលពីឆ្នាំទៅត្រីឆ្តោរលក់ចេញក្នុង១គីឡូក្រាម តម្លៃ ១០.២០០រៀល ត្រីពោក្នុង១គីឡូក្រាមតម្លៃ ៨០.០០រៀល ដូច្នេះបន្ទាប់ពីផាត់ថ្លៃចំណី និងថ្លៃកម្មករអស់ទៅ លោកបានចំណេញគួរសម ដែលធ្វើឲ្យលោក បន្ថែមចំនួនកូនត្រីទាំងពីរប្រភេទក្នុងការចិញ្ចឹមឆ្នាំនេះ បន្ថែមទៀត ហើយឆ្នាំនេះលោកនឹងមានគម្រោងដាក់កូនត្រីប្រា១មុខទៀតផងដែរ ។

ដោយឡែកសព្វថ្ងៃនេះលោកបានប្រើប្រាស់កម្មករចំនួន៥នាក់ក្នុងការចិញ្ចឹមមលើថែទាំត្រីខាងលើនេះ ដែលលោកបានផ្គត់ផ្គង់ប្រាក់ខែឱ្យក្នុងម្នាក់ចំនួន៦០ម៉ឺនរៀល ។

ការជីកស្រះសម្រាប់ទប់ទឹកចិញ្ចឹមត្រីនេះ ក៏ជាប្រយោជន៍មួយយ៉ាងសំខាន់ផងដែរចំពោះដំណាំស្រូវ ព្រោះនៅខែប្រាំង លោកអាចបូមទឹកក្នុងស្រះត្រីដែលមានជីជាតិស្រាប់ បញ្ជូលទៅក្នុងស្រែ ប្រាំងជាង៣០ហិកតាទៀតរបស់លោក នៅជាប់នឹងស្រះចិញ្ចឹមត្រី ដូច្នេះគឺផលស្រូវក៏បាន និងផលត្រីក៏បាន ដែលលោកសង្ឃឹម ថាក្រោយពេលប្រមូលផលត្រី ក្រុមគ្រួសាររបស់លោក នឹងមានជីវភាពធូរធារមួយកំរិតថែមទៀត ។

នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក កីឡា ក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋដែលមានមុខរបរចិញ្ចឹមត្រីទាំងអស់សូមកុំនាំគ្នា ប្រើឧបករណ៍នេសាទស្បៃមុង ដែលជាឧបករណ៍ល្មើសច្បាប់ ដើម្បីដាក់ស្ទាក់ចាប់យកកូនត្រីតូចៗ មកធ្វើជានុយឲ្យត្រីស៊ីឱ្យសោះ ទាំងក្នុងរដូវបិទនេសាទក៍ដូចជារដូវបើកនេសាទ ព្រោះវាជាសកម្មភាពល្មើសច្បាប់ស្ដីពីជលផល ដែលច្បាប់ត្រូវបានហាមឃាត់ជាដាច់ខាតផងដែរ ៕ដោយ៖សុក្ខារិន (សម្រួលដោយ៖ Micheal)