អ្នកនាំពាក្យកងទ័ពជើងទឹក ច្រានចោលការផ្សព្វផ្សាយ​របស់លោក​ផែង វណ្ណៈ និងចាត់ទុកជាសកម្មភាពញុះញង់

(ព្រះសីហនុ)៖ អ្នកនាំពាក្យ កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានបដិសេធទាំងស្រុង ចំពោះការផ្ស​ព្វផ្សាយ របស់លោក ផែង វណ្ណៈ ដែលបានបង្ហោះព័ត៌មាន ម្តងហើយម្តងទៀត ជុំវិ​ញករណីរ​បស់លោក ឧត្តមសេនាវីទោ ហាស់ សុទ្ធា មេបញ្ជាការរង​មូលដ្ឋាន​សមុ​ទ្រ​​កង​ទ័ព​ជើងទឹក និងបក្សពួក រត់​គេចមិនចូលខ្លួនមកបំភ្លឺ​តាមដីការរបស់តុលា​ការ​ខេត្ត​ព្រះសីហនុ។

លិខិតបំភ្លឺរបស់មូលដ្ឋានសមុទ្រកងទ័ពជើងទឹក ចេញផ្សាយនៅថ្ងៃទី ២៨ ខែឧស​ភា ឆ្នាំ ២០២០នេះ លើកឡើង« បដិសេធចោលទាំងស្រុង ចំពោះគណនី ហ្វេសប៊ុ​ក​ឈ្មោះ Vanak Pheng ដែលបានបង្ហោះព័ត៌មានលើកទី១ នៅថ្ងៃទី ២០ ខែឧស​ភា ឆ្នាំ ២០២០ និងលើកទី២ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០ ស្តីពីករ​ណី​ដែល​ថា លោក ឧត្តមនាវីទោ ហាស់ សុទ្ធា មេបញ្ជាការរងមូលដ្ឋានសមុទ្រ និងប​ក្ស​ពួករត់គេចមិនចូលខ្លួនទៅតុលាការ»។ អ្នកនាំពាក្យកងទ័ពជើងទឹកចាត់ទុកការផ្សព្វ​ផ្សាយនេះ គឺជារឿងមិនពិត និងចាត់​ទុក​ថា ក្នុងចេតនាញុះញង់។

លោកផែង វណ្ណៈ បានផ្សាយថា ចៅក្រមចេញដីការស្វែងរកចាប់ខ្លួន ឧត្តមនាវីទោ ហាស់ សុទ្ធា នាយទាហានជាន់ខ្ពស់នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសប្រព្រឹត្តទៅ នៅកោះរ៉ុង ខេត្តព្រះសីហនុ កាលពីពាក់កណ្តាលខែ ឧសភា ឆ្នាំ ២០២០។ លោកថា ករណីហិង្សារនេះ ភាគីខាងចិន ត្រូវ​តុលាការ​ខេត្ត​ព្រះសីហនុ​ ឃុំ​ខ្លួន​ចំនួន​ ១៦​ នាក់​ ដោយឡែក​ភាគខ្មែរ​ដែល​មាន​ ឧត្ដមនាវីទោ​ ហាស់​ សុទ្ធា​​ និង​ បក្សពួក​មួយចំនួន​ទៀត​មិនមានអ្នកណាម្នាក់ត្រូវជាប់ឃុំនោះទេ​ ។

ហើយថាអំពើហឹង្សារនេះ​ត្រូវ​បានសមត្ថកិច្ចអះអាងថា​ ជាករណី​វាយទៅវាយមក​ តែភាគីខាងខ្មែរ​គឺ​ ឧត្ដមនាវីទោ​ ហាស់​ សុទ្ធា​​ មាន​អាវុធ​ខ្លី​មួយដើម។

រហូត​មកដល់​ពេល​នេះ​ មិនដឹងថា​ ឧត្ដមនាវីទោ​ ហាស់​ សុទ្ធា​ ​ និង​ បក្សពួក​ គេចខ្លួន​ទៅដល់ណាខ្លះនោះទេ​ ។ ចំណែក​ភាគីចិនបានអះអាងថា​ វាអយុត្តិធម៌ណាស់​ដែល​ភាគី​ខាង​ខ្មែរ​ មានអាវុធ​ខ្លី​ នៅ​ក្រៅ​ឃុំ​ចំណែក​ពួកខ្លួនជាអ្នកទេសចរណ៍សោះ​ រងការចាប់ឃុំទាំងហ្វូងបែបនេះ​ ។

បើតាមមតិនៅលើខ្ទង់ខមិនទំព័រហ្វេសបុក របស់លោក ផែង វណ្ណៈ បានចោទប្រកាន់ថា រូបលោកយកព័ត៌មានមកផ្សាយដោយគ្មានប្រភពច្បាស់លាស់ ជុំវិញទំនាស់រវាងភាគីចិន ដែលមានគ្នា ២៥ នាក់ និងខ្មែរ ២ នាក់។ ពួកគាត់ថា លោក ផែង វណ្ណៈ មានចិត្តលំអៀងទៅរកភាគិចិន។

អាខោនគណនីឈ្មោះ Kanika Veha លើកឡើងថា« មុននិងបង្ហោះ សូមលោកយកពត៌មានអោយបានច្បាស់សិនថាអ្នកណាខុសអ្នកណាត្រូវ។តើលោកមាននៅក្នុងហេតុការណ៍នោះអត់?តើលោកដឹងទេថាអ្នកណាជាអ្នករករឿងមុន ចិន២៥នាក់មកវាយខ្មែរ២នាក់ របួសពេញខ្លួន។សុំសួលោកថាជាកងទ័ពម្នាក់តើអាចប្រើសិទ្ធការពារខ្លួនបានអត់?ក្នុងកាលះទេសះបែបនេះរឺចាំទុកអោយគេវ៉ៃដល់ងាប់ខ្លួន»។

លោក ផែង វណ្ណៈ ឆ្លើយតបថា« ខ្ញុំ​ចង់​សួរទៅ​ អស់​លោក​ជាទាហាន​ជើងទឹក​នៅក្រោមបង្គាប់​បញ្ជា​ របស់​ ឧត្ដមនាវីទោ​ ហាស់​ សុទ្ធា​ ថា​ តើ​ សមត្ថកិច្ច​ និង​ ព្រះរាជអាជ្ញា​ កសាងសំណុំរឿង​ ចោទប្រកាន់​ ឧត្ដមនាវីទោ​ ហាស់​ សុទ្ធា​​ ធ្វើ​ទាំងបំពាន​ឬ ហេតុអ្វីចាំបាច់គេខ្លួន និងបិតបាំងព័ត៌មាន មិនដោះស្រាយនៅតុលាការ»​។

លោកថា លោកមិនបានផ្សាយថា​ ឧត្ដមនាវីទោ​ ហាស់​ សុទ្ធា​ ​ ជាជនដៃដល់បង្ករហឹង្សារទេ​ តែខ្ញុំ​ផ្សាយ​ថា​ ចៅក្រម​ ចេញដីកាចាប់ខ្លួន​ បន្ទាប់​ពី​ ព្រះរាជអាជ្ញា​អមសាលាដំបូង​ខេត្ត​ព្រះសីហនុ​ ចោទប្រកាន់​រួច​ ។ បើ​ព្រះរាជអាជ្ញា​មិនចោទ​ប្រកាន់​ ទើបលោកផ្សាយខុស។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ មូលដ្ឋានសមុទ្រ នៅតែចាត់ទុក ការបង្ហោះផ្សាយព័ត៌មាន ធ្វើឡើង ដោយចរិតញុះញង់បំបែកបំបាក់ និងបង្ខូចកេរិ៍្តឈ្មោះ កងទ័ពជើងទឹក។ កងទ័ពជើងទឹក បដិសេធទាំងស្រុង ហើយទាមទាឱ្យមានការបកស្រាយ ឱ្យបានច្បាស់លាស់រាល់ចំណុចដែលបានចោទប្រកាន់៕ (ដោយ៖ ឡេង ដេត)