អ្នកសេដ្ឋកិច្ចគាំទ្រការជំនួសក្រដាសប្រាក់ ដុល្លារខ្នាតតូចៗ ដោយប្រាក់រៀល ព្រោះធ្វើឱ្យកម្ពុជាចំណេញបានពីការបោះពុម្ពក្រដាសប្រាក់ថ្មី

(ភ្នំពេញ)៖ លោក ចាន់ សុផល អ្នកជំនាញខាងផ្នែកសេដ្ឋកិច្ច បានថ្លែងគាំទ្រការជំនួសក្រដាសប្រាក់ ដុល្លារ​ខ្នាត​តូចៗ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ដោយក្រដាសប្រាក់រៀល ពីព្រោះការធ្វើបែបនេះ នឹងធ្វើឱ្យកម្ពុជាចំណេញបានពីការបោះពុម្ពក្រដាសប្រាក់ថ្មី យកមកជំនួសក្រដាសប្រាក់ដុល្លារទាំងនោះ។

លោក ចាន់ សុផល លើកឡឡើងយ៉ាងដូច្នេះថា«ខ្ញុំគាំទ្រការជំនួសក្រដាសប្រាក់ដុល្លារតម្លៃទាបៗទាំងនេះ ដោយក្រដាសប្រាក់រៀល។ ការធ្វើដូចនេះ នាំឱ្យកម្ពុជាចំណេញបានពីការបោះពុម្ពក្រដាសប្រាក់ថ្មី យកមកជំនួសពួកវា ជាទូទៅ ប្រទេសណាបោះពុម្ពរូបិយប័ណ្ណបានប្រទេសនោះចំណេញច្រើន»។ លោក លើក ឧទាហរណ៍ថា ប្រទេសអាមេរិកចំណាយតែ២សេន ប៉ុណ្ណោះ សម្រាប់ការបោះពុម្ពក្រដាសប្រាក់១០០ដុល្លារ។ ហើយប្រសិនបើធនាគារជាតិ បើកកម្មវិធីប្រមូលទិញក្រដាសប្រាក់ ១ ២ និង ៥ដុល្លារ ដើម្បីយកទៅដូរយកក្រដាសប្រាក់មានតម្លៃធំជាង តើអាចទៅរួចទេ?

បើតាមលោកចាន់ សុផល គេអាចឱ្យអ្នកមានក្រដាសប្រាក់ទាំងនេះដូរតាមកន្លែងប្តូរប្រាក់យកប្រាក់រៀល ហើយឱ្យចំណេញ១០% ថែមទៀតដើម្បីប្រមូលឆាប់បានអស់ពីទីផ្សារ។

អ្នកជំនាញសេដ្ឋកិច្ច រូបនេះ អះអាងថា ការបោះពុម្ពក្រដាសប្រាក់រៀលជំនួសក្រដាសប្រាក់​ដុល្លារ​ខ្នាតតូៗ ទំនងជាចំណេញច្រើនជាង ១០%ឆ្ងាយណាស់។ ហើយថា គេអាចអនុវត្តកម្មវិធីនេះរយ:ពេលពីរឬបីខែ ដោយមិនអនុញ្ញាតឱ្យមានការនាំចូលក្រដាសប្រាក់តម្លៃទាបៗនេះតទៅទៀតពីបរទេស។ បន្ទាប់ពីនេះ គេអាចដូរបានតាមកន្លែងប្តូរប្រាក់ និងតាមធនាគារជាតិជាចុងក្រោយ ដោយកាត់តម្លៃ ១០%ទៅវិញ។

ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ២៨ ខែឧសភា បានប្រកាសពីគម្រោង ប្រមូលក្រដាសប្រាក់ដុល្លារខ្នាតតូច ប្រភេទ ១ ដុល្លារ ២ ដុល្លារ និង៥ដុល្លារ ដឹកទៅក្រៅប្រទេសវិញ ដោយអះអាងអាងថា ការទុកឱ្យចរាចរក្រដាសប្រាក់ដុល្លារខ្នាតតូច គឺជាឧបសគ្គក្នុងកាជម្រុញការប្រើប្រាស់ប្រាក់រៀល។

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ អះអាងថា ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ប្រាក់រៀល ក៏ដូចជារូបិយប័ណ្ណក្នុងតំបន់ បានធ្លាក់ចុះ គួរឱ្យកត់សម្គាល់បើធៀបនឹងប្រាក់ដុល្លារអាមេរិក។ ហើយថា ការធ្លាក់ចុះនៃប្រាក់រៀល បណ្តាលមកពីការថមថយសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការធ្លាក់ចុះប្រាក់រៀលសម្រាប់បង់ពន្ធ។

ធនាគារជាតិបញ្ជាក់ទៀតថា ប្រាក់ដុល្លារខ្នាតូច ប្រភេទ ១ ដុល្លារ ២ដុល្លារ និង៥ដុល្លារ ដើម្បីដឹកទៅក្រៅប្រទេស ដោយអះអាងថា ប្រាក់ដុល្លារខ្នាតតូច និងចាស់ ទក់ រហែក លំបាកគ្រប់គ្រងគុណភាពក្នុងការដឹកចេញទៅក្រៅប្រទេស ត្រូវចំណាយពលកម្ម និងថវិកាខ្ពស់ ខុសពីប្រាក់រៀលអាចកម្ទេចចោលហើយបោះពុម្ពថ្មីបាន។

ធនាគារជាតិនៃកម្ពុជា នឹងផ្តល់ពេល ៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីនាំយកប្រាក់ដុល្លារខ្នាតតូចនេះមកធនាគារជាតិនៃកម្ពុជា ដឹកជញ្ជូនទៅក្រៅប្រទេសដោយមិនគិតកម្រៃសេវា។

ធនាគារជាតិថា ខ្លួននឹងរកពេលជួបពិភាក្សាបន្តទៀតជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីកំណត់ថ្ងៃផ្អាកទទួលក្រដាសប្រាក់នេះទាំង​ស្រុង​ក្នុងពេលសមស្របណាមួយ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ធនាគារជាតិ បានបញ្ជាក់ថា វិធាននេះមិនហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកខ្នាតតូចទាំងនេះនៅលើទីផ្សារនោះទេ គឺប្រជាពល​រដ្ឋ​នៅតែចាយបានជាធម្មតា​ទៅតាមទីផ្សារសេដ្ឋកិច្ច៕ (ដោយ៖ ឡេង ដេត)