រថយន្ត និងម៉ូតូបេីកបុកគ្នាបណ្ដាល ឱ្យរបួស៣នាក់នៅស្រុកមុខកំពូល

(កណ្តាល​)៖​ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាង រថយន្ត និងម៉ូតូបណ្ដាលឱ្យរបួសស្រាលមនុស្សម្នាក់ និងរបួសធ្ងន់០២នាក់​ នាថ្ងៃសៅរ៍ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៦និង០៥នាទីល្ងាចលើផ្លូវលេខ២៦១ ត្រង់ចំណុចភូមិជ្រែមួយរយ​ ឃុំសំបួរមាសស្រុកមុខកំពូល ខេត្តកណ្ដាល ។

ប៉ូលិស បាននិយាយថា នៅថ្ងៃកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ2B-9516 បើកបរដោយឈ្មោះ យឿន ចាន់ថា ភេទប្រុសអាយុ៤១ឆ្នាំមានទីលំនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ធ្វើដំណើរពីត្បូង ទៅជើង ។

លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានមកបុកម៉ូតូមួយគ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅពាក់ផ្លាកលេខកណ្ដាល 1L-4001 បើកបរដោយឈ្មោះ យាន សុខឃៀងភេទប្រុសអាយុ៤៥ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្ដាល ដោយមានរួមដំណើរចំនួន២នាក់រួមមាន​ ១-ឈ្មោះវាំង សុខឡី ភេទស្រី អាយុ៤៤ឆ្នាំ មានទីលំនៅជាមួយគ្នា និង២-ឈ្មោះឃៀង ស៊ីមិញ ភេទប្រុស អាយុ០៤ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា ក្នុងទិសដៅបញ្ច្រាស់គ្នា បណ្ដាលឱ្យរបួសធ្ងន់ដល់អ្នកបើកបរម៉ូតូឈ្មោះយាន សុឃៀង និងរបួសធ្ងន់ដល់អ្នករួមដំណើរឈ្មោះវាំង សុខឡី និងរបួសស្រាលដល់ឈ្មោះឃៀង ស៊ីមិញ ហើយបានបញ្ជូនទៅព្យាលនៅពេទ្យភ្នំពេញ។

ក្រោយពីទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍សំបួរមាស និងជំនាញបានចុះ ទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យ កន្លែងកើតហេតុ និង វាស់វែង ហើយបានយករថយន្តនិងម៉ូតូមករក្សាទុកនៅអធិការដ្ឋានស្រុកមុខកំពូល។

ចំពោះអ្នកបើកបររថយន្តឈ្មោះយឿន ចាន់ថា ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។ តាមមន្ត្រីនគរបាល បានសន្និដ្ឋានថា​ អ្នកបើកបររថយន្តកាមរីពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ2B-9516 បើកបរមិនប្រកាន់ស្ដាំ៕ដោយ៖  ភាវុន (សម្រួលដោយ៖ Micheal)