Breaking  News៖ បាតុកម្មហិង្សានៅអាមេរិក ឈានដល់កាផ្ទុះអាវុធស្លាប់មនុស្សម្នាក់ និងចាប់ខ្លួនរាប់ពាន់នាក់

(អាមេរិក)៖ ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក រាយការណ៍ថា មនុស្សម្នាក់ត្រូវបានបាញ់សម្លាប់ កំឡុងបាតុកម្មប្រើហឹង្សាដុតបំផ្លាញអគារនៅរដ្ឋ Indiana សហរដ្ឋអាមេរិក ដើម្បីទាមទារយុត្តិធម៌ដល់ George Floyd។

អាជ្ញាធរនៃទីក្រុង Indianapolis មិនបានបញ្ជាក់លម្អិតពីករណីបាញ់ប្រហារខាងលើនោះទេ តែបានណែនាំឱ្យបាតុករទាំងអស់បញ្ឈប់ការធ្វើបាតុកម្មជាបន្ទាន់។ បាតុករ នៅក្នុងទីក្រុង Indianapolis បានដុតបំផ្លាញអគារ និងទ្រព្យសម្បត្តិមួយចំនួន កំឡុងប៉ះទង្គិចគ្នាជាមួយប៉ូលិស អស់រយៈពេលពីរថ្ងៃមកនេះ។

បាតុកម្មតវ៉ានៅក្នុងសហរដ្ឋអាមេរិក បានផ្ទុះឡើង ក្រោយបុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd បានស្លាប់កំឡុងត្រូវបានប៉ូលិស០៤នាក់ ធ្វើការឃាត់ ខ្លួននៅទីក្រុង Minneapolis នៃរដ្ឋ Minnesota ក្រោមការសង្ស័យថា រូបលោកបានប្រព្រឹត្តបទល្មើសគឺចាយលុយ ក្លែងក្លាយចំនួន ២០​ដុល្លា​អាមេរិក។

ក្នុងចំណោមនោះប៉ូលិសម្នាក់ ឈ្មោះ ដេរិក ឆូវីន (Derek Chauvin) បានយកជង្គង់សង្កត់កលោក Floyd អស់រយៈពេលជាច្រើននាទី ទោះបីលោក Floyd បានស្រែកសុំអង្វរករម្តងហើយ ម្តងទៀតថា លោកពិបាកដកដង្ហើមយ៉ាងណាក្តី រហូតទាល់លោកបាត់បង់ស្មារតីលែងកម្រើក គឺលោកទំនងជាបានបាត់បង់ជីវិតភ្លាមៗនាពេលនោះតែម្តង ខណៈអាជ្ញាធរបានប្រកាសថា Floyd បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ៕ (ឡេង ដេត)