អាជ្ញាធរក្រុងប៉ោយប៉ែតបដិសេធព័ត៌មានមិនពិតថា ថៃបើកបើកច្រកព្រំដែនឡើងវិញនៅថ្ងៃទី១ មិថុនា

(ប៉ោយប៉ែត)៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៅល្ងាចថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០នេះ បានចេញបដិសេធព័ត៌មានមិនពិត មួយចំនួនដែលបំផុសថា អាជ្ញាធរថៃ ប្រកាសឱ្យដំណើរច្រកទ្វាព្រំដែនអន្តរជាតិ ឡើងវិញនៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០នេះ។ រដ្ឋបាលក្រុងប៉ោយប៉ែត ចាត់ទុកការបំផុសព័ត៌មានមិនពិតនេះ ធ្វើឡើងក្នុងគោលបំណញុះញង់ឲ្យមានការយល់ច្រឡំ និងបំពុលសង្គម។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលក្រុងប៉ោយប៉ែតបានលើកឡើងថា ” ថ្មីៗនេះ មានក្រុមជនខិលខូចមួយចំនួន បានធ្វើការបំផុសព័ត៌មានដល់បងប្អូនប្រកបរបរអូសរទេះចេញ-ចូលផ្សាររ៉ុងគ្លឿ ប្រទេសថៃក្នុងគោលបំណងអោយមានការយល់ច្រលំបំពុលសង្គម ថានៅព្រឹកថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២០ នេះ អាជ្ញាធរថៃ ប្រកាសអោយដំណើរការ ច្រកព្រំដែនទ្វារអន្តរជាតិឡើងវិញ ដោយអនុញាតិអោយ បងប្អូនប្រកបរបរ អូសរទេះ អាចចេញ-ចូលក្នុងមួយរទេះមានគ្នាពីរនាក់ ដែលព័ត៌មាននេះ ជាព័ត៌មានមិនពិតឡើយ”។

អាជ្ញាធរក្រុងប៉ោយប៉ែត បដិសេធទាំងស្រុង ចំព័ត៌មានមិនពិតនេះ ហើយអះអាងថា រាជរដ្ឋាភិបាលថៃ បានប្រកាស បន្តដាក់ប្រទេស ក្នុងគ្រាមានអាសន្ន ១ខែទៀត ក្នុងខែមិថុនានេះ និងគ្រប់ច្រកទ្វារកម្ពុជា-ថៃទាំងអស់ នៅតែបន្តបិទ មិនអនុញាតឱ្យចេញចូលបានឡើយ។

រដ្ឋបាលក្រុងប៉ោយប៉ែតក៏ស្នើឱ្យ បងប្អូនប្រកបរបរអូសរទេះនៅក្រុងប៉ោយប៉ែត កុំជឿតាមការញុះញង់ ដែលបង្កឱ្យខូចសណ្តាប់ធ្នាប់ និងរបៀបរាបរយសង្គម។

កាលពីពេលកន្លងទៅថ្មីៗនេះ ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកកប្រទេសថៃ បានឱ្យដឹងថា រាជរដ្ឋាភិ បាលថៃ បានសម្រេចប្រកាសបន្តដាក់ប្រទេស  ក្នុងគ្រាមានអាសន្នរយៈពេល១ខែ បន្តទៀត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី​៣០ខែមិថុនា  ដើម្បីទប់ស្កាត់នឹងការពារ ការីក រាល ដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ៕( ឡេង ដេត)