អាជ្ញាធរក្រុងប៉ោយប៉ែតដាក់ពង្រាយកម្លាំងចម្រុះនៅច្រកទ្វារព្រំដែនដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់

(ក្រុងប៉ោយប៉ែត)៖  អាជ្ញាធរក្រុងប៉ោយប៉ែតដាក់ពង្រាយកម្លាំងចម្រុះនៅច្រកទ្វារព្រំដែនរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្រោយមានព័ត៌មានថា កម្មករអូសរទេះជាច្រើននាក់ គ្រោង ធ្វើការតវ៉ាឱ្យអាជ្ញាធរថៃ បើកឱ្យពួកគាត់ចូលទៅផ្សាររ៉ុងក្លឿ។

សមត្ថកិច្ចម្រុះក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០នេះ បានឈរ ពង្រាយកងកម្លាំងសន្តិសុខ ការពារ​សណ្តាប់ធ្នាប់​យ៉ាង​តឹងរ៉ឹង​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ជា​ពិសេស​នៅ​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដើម្បី​ទប់ស្កាត់​អំពើ​ប៉ុនប៉ង​បាតុកម្ម​ពី​ក្រុម​ណាមួយ​។

រដ្ឋបាលក្រុងប៉ោយប៉ែត  បានចេញបដិសេធព័ត៌មានមិនពិត មួយចំនួនដែលបំផុសថា អាជ្ញាធរថៃ ប្រកាសឱ្យដំណើរច្រកទ្វាព្រំដែនអន្តរជាតិ ឡើងវិញនៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០នេះ។ រដ្ឋបាលក្រុងប៉ោយប៉ែត ចាត់ទុកការបំផុសព័ត៌មានមិនពិតនេះ ធ្វើឡើងក្នុងគោលបំណញុះញង់ឲ្យមានការយល់ច្រឡំ និងបំពុលសង្គម។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលក្រុងប៉ោយប៉ែតបានលើកឡើងថា ” ថ្មីៗនេះ មានក្រុមជនខិលខូចមួយចំនួន បានធ្វើការបំផុសព័ត៌មានដល់បងប្អូនប្រកបរបរអូសរទេះចេញ-ចូលផ្សាររ៉ុងគ្លឿ ប្រទេសថៃក្នុងគោលបំណងអោយមានការយល់ច្រលំបំពុលសង្គម ថានៅព្រឹកថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២០ នេះ អាជ្ញាធរថៃ ប្រកាសអោយដំណើរការ ច្រកព្រំដែនទ្វារអន្តរជាតិឡើងវិញ ដោយអនុញាតិអោយ បងប្អូនប្រកបរបរ អូសរទេះ អាចចេញ-ចូលក្នុងមួយរទេះមានគ្នាពីរនាក់ ដែលព័ត៌មាននេះ ជាព័ត៌មានមិនពិតឡើយ”។

អាជ្ញាធរក្រុងប៉ោយប៉ែត បដិសេធទាំងស្រុង ចំពោះព័ត៌មានមិនពិតនេះ ហើយអះអាងថា រាជរដ្ឋាភិបាលថៃ បានប្រកាស បន្តដាក់ប្រទេស ក្នុងគ្រាមានអាសន្ន ១ខែទៀត ក្នុងខែមិថុនានេះ និងគ្រប់ច្រកទ្វារកម្ពុជា-ថៃទាំងអស់ នៅតែបន្តបិទ មិនអនុញាតឱ្យចេញចូលបានឡើយ។

រដ្ឋបាលក្រុងប៉ោយប៉ែតក៏ស្នើឱ្យ បងប្អូនប្រកបរបរអូសរទេះនៅក្រុងប៉ោយប៉ែត កុំជឿតាមការញុះញង់ ដែលបង្កឱ្យខូចសណ្តាប់ធ្នាប់ និងរបៀបរាបរយសង្គម៕ (ដោយ៖ ឡេង ដេត)