ស៊ុក សុភា ចេញសារដាស់តឿន ក្រោយឃ្លាតសិល្បៈយូរឆ្នាំ

(អូស្ដ្រាលី)៖ ថ្មីៗនេះ អតីតតារាសម្ដែងប្រុសដ៏ស្រស់សង្ហាជាប់ងារជានាយ ខៀវ និងល្បីដល់កម្រិតកំពូលក្នុងរឿង ទុំទាវ លោក ស៊ុក សុភា ក្រោយពីឃ្លាតឆ្ងាយពីវិថីផ្កាយអស់រយៈពេលជិត ១០ ឆ្នាំមកនេះ លោកបានបញ្ចេញសារដាស់តឿនក្នុងន័យឱ្យមនុស្សគ្រប់គ្នាចេះប្រយ័ត្នពីការប្រើប្រាស់ពាក្យសម្ដីរបស់ខ្លួន ដែលការបញ្ចេញទស្សនៈប្រកបដោយអត្ថន័យនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។

នៅក្នុងគណនីហ្វេសប៊ុករបស់តារាខ្មែរដែលទើបតែទទួលបានសញ្ជាត្តិអូស្ត្រាលីពេញសិទ្ធរូបនេះបានឱ្យដឹងប្រកបដោយអត្ថន័យខ្លឹមសារអប់រំថា៖ «ពាក្យចាស់លោកពោលថា​ សម្ដីជាឯក មានន័យថា​ មនុស្សខ្លះ អាចកើតយសព្រោះសម្តី មនុស្សខ្លះ​ អាចក្ស័យព្រោះវាចា បានន័យថា យើងមិនអាចប៉ោចៗបានទេ ដូចចាស់តែងនិយាយថា​ រនាបបាក់អាចយករនាបជួស តែសម្ដីជ្រុលជ្រួស មិនអាចយកសម្ដីជួសវិញបានឡើយ អញ្ចឹងសម្ដី គឺជាប្រភព អាចឱ្យយើងមាន យស មានបុណ្យមាន ស័ក្តិ មានលុយ មានកាក់ ក៏ប៉ុន្តែ សម្ដីក៏អាចធ្វើឱ្យយើងបាត់បង់នូវជីវិត ធ្វើឱ្យយើងអន្តរាយ ធ្វើឱ្យយើងវិនាស សព្វបែបយ៉ាងផងដែរ មុននឹងគ្រលាស់ មុននឹងនិយាយស្តី យើងត្រូវគ្រលាសអណ្តាតឱ្យបានមួយរយជុំសិនសឹមនិយាយស្តី​»។

ការបញ្ចេញសារក្នុងន័យដាស់តឿនរបស់ប្រុសសង្ហារូបនេះ ត្រូវបានមហាជនចាប់អារម្មណ៍ និងបញ្ចេញមតិតបតក្នុងន័យគាំទ្រយ៉ាងពេញទំហឹង ប្រកបដោយការនឹករឭកពីសមត្ថភាពសម្ដែងដល់កម្រិតកំពូលរបស់តារាកូន ៥ រូបនេះជាពន់ពេក។

សូមបញ្ជាក់ឱ្យដឹងថា លោក ស៊ុក សុភា បានភ្ជាប់ចំណងស្នេហ៍រហូតដល់កំណត់ថ្ងៃរៀបអាពាហ៍ពិពាហ៍ ជាមួយអ្នកនាង លុយ រីម៉ា ហៅថា ហ្សារីណា ជាអនិកជនខ្មែរ-អូស្ត្រាលីម៉េម៉ាយកូនពីរកាលពីថ្ងៃទី22 ខែមិថុនា ឆ្នាំ 2012 កន្លងទៅនេះ ដែលរហូតមកទល់ពេលនេះអ្នកទាំងពីរមានកូន ៥​នាក់នៅក្នុងបន្ទុក ដោយរស់នៅក្នុងជីវភាពមួយដ៏ល្អប្រសើរលើទឹកដីអូស្ដ្រាលីមិនខ្វល់ខ្វាយក្នុងអាជីពសិល្បៈទៀតឡើយ៕ (ដោយ៖ ភូមិន្ទ)