ចេកអំបូងខ្មែរមានទីផ្សារល្អនៅចិន និងវៀតណាម

គ្រាន់តែក្រុមហ៊ុនមួយនៅខេត្តកំពង់ចាម បាននាំចេកអំបូងលឿន ទៅលក់នៅក្រៅប្រទេសក្នុងរយ:ពេល ៥ខែ ដើមឆ្នាំ២០២០ បានចំនួន ២២ ៧៦២តោន ក្នុងនោះទៅកាន់ទីផ្សារវៀតណាម ១៤ ៤១៤តោន និងទីផ្សារចិន ៨ ៣៤៨តោន។

ក្រុមហ៊ុនឡុង ស្រេង ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង១០ ដែលទទួលបានគោលការណ៍អនុញ្ញាតនាំផ្លែចេកស្រស់ទៅកាន់ទីផ្សារ​ប្រទេសចិន។ ​លោករដ្ឋមន្រ្តីក្រសួងកសិកម្ មកាលពីចុងសប្តាហ៍មុននេះ បានចុះទៅពិនិត្យមើលការដំាដុះនៅក្រុមហ៊ុននេះដោយផ្ទាល់។


ក្រុមហ៊ុន ឡុង ស្រេង កំពុងធ្វើការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម (ខ្សែច្រវាក់ផលិតកម្មដំណាំចេកអំបូងលឿង មៀនប៉ៃលិន ទុរេន ក្រូចថ្លុង ខ្មុរការ៉ុត) ដែលមានទីតាំងស្ថិតក្នុងភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ក្នុងនោះការដាំដុះដំណាំចេកចំនួន ១ ០០០ហិកតា ក្រូចថ្លុងចំនួន ៧៨ហិកតា មៀនប៉ៃលិន ២៤០ហិកតា ទុរេន ១៤៥ហិកតា និងខ្នុរការុត ១២៥ហិកតា។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ក្រសួង បាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីគាំទ្រលើការវិនិយោគគ្រប់ខ្សែច្រវាក់តម្លៃកសិកម្មចាប់ពីចំណុច A ដល់ Z តាមរយៈការបង្កើនផលិតភាពផលិតកម្ម ការវេចខ្ចប់ ការរក្សាស្តុកទុក ការកែច្នៃ ប្រកបដោយគុណភាព អនាម័យ និងសុវត្ថិភាព សមស្របតាមស្តង់ដារនៃទីផ្សារនាំចេញ។

លោករដ្ឋមន្រ្តី បានសំណូមពរឱ្យក្រុមហ៊ុន បន្តរក្សាកិច្ចសហប្រតិបត្តិការឱ្យបានល្អជាមួយអគ្គនាយកដ្ឋានកសិកម្ម និងគ្រប់តួអង្គពាក់ព័ន្ធទាំង​អស់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ធ្វើយ៉ាងណាចូលរួមគាំទ្រ និងជំរុញបរិមាណនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែច្រើនថែមទៀតនាពេលអនាគត៕ ដោយសិរី