ឪពុកសម្លាប់កូនស្រីអាយុ១៤ឆ្នាំ ដើម្បីលុបលាងកិត្តិយសគ្រួសារ

(អន្តរជាតិ)៖ បុរសជនជាតិអ៊ីរ៉ង់ម្នាក់ បានសម្លាប់កូនស្រីខ្លួនឯងអាយុ១៤ឆ្នាំ ដោយសារបានទាក់ទងជាមួយយុវជនម្នាក់ ដែលនេះគឺជាការសម្លាប់ ដើម្បីលប់លាងកិតិ្តយសគ្រួសារ ដែលជាជំនឿហួសសម័យ និងមានលក្ខណៈឃោរឃៅបំផុត។

ការសម្លាប់នេះ បានបង្ករឲ្យមានការផ្ទុះកំហឹងទូទាំងប្រទេសអ៊ីរ៉ង់។

លោកប្រធានាធិបតីអ៊ីរ៉ង់ហាសាន់ រូហានី បានចេញបញ្ជាភ្លាមៗ ឲ្យអ្នកច្បាប់ធ្វើការងារនេះជាបន្ទាន់ ដើម្បីរាំងខ្ទប់ការប្រព្រឹត្តអំពើហឹង្សាទៅលើស្ត្រី។

យោងតាមកាសែតផ្លូវការរបស់អ៊ីរ៉ង់ បានផ្សាយឲ្យដឹងថា នាង Romina Ashrafi បានពង្រត់គ្នាជាមួយបុរសម្នាក់វ័យ២៩ឆ្នាំ កាលពីពាក់កណ្តាលខែឧសភា ពីផ្ទះរបស់ខ្លួននៅទីក្រុងTalesh ដែលមានចម្ងាយប្រមាណ៣២០គីឡូម៉ែត្រ ពីទីក្រុងតេអេរ៉ង់។

នៅពេលដែលនាងត្រឡប់មកវិញ និងកំពុងតែដេកលក់ឪពុករបស់នាងបានសម្លាប់ ដោយយកកណ្ឌៀវកាត់ក្បាលរបស់នាងតែម្តង។ ពេលនេះឪពុកចិត្តកំណាចរូបនេះ ត្រូវបានឃុំខ្លួននៅក្នុងប៉ុស្តិ៍ប៉ូលីស៕ ដោយ៖សារឹទ្ធ (សម្រួលដោយ៖ Micheal)