នគរបាលចរាចរណ៍ ផាក ពិន័យបានទឹកប្រាក់ជាង ៧០ម៉ឺនដុល្លារ ត្រឹមរយៈពេល១ ខែដំបូងនៃ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យថ្មី

(ភ្នំពេញ)៖ ត្រឹមតែរយៈពេល ១ ខែ ឧសភា នៃការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចចរាចរណ៍ បានផាកពិន័យយានយន្ត ជាង ៤ ម៉ឺនគ្រឿង (៤៤,៧៦៥) ក្នុងនោះមានម៉ូតូ ៣២,៧​២៦ គ្រឿង និងរថយន្ត ១២,០៣៩ គ្រឿង និងទទទួលបានទឹកប្រាក់ ប្រមាណ ៣ ពាន់លានរៀល ស្មើនឹង៧០ម៉ឺនដុល្លារ។ នេះបើតាម ការឱ្យដឹង ពីលោក ហ៊ឹម យ៉ាន អគ្គស្នងការនគរ​បាល​ជាតិ ទទួលផែនការចរាចរណ៍ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃការរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុ​ក្រឹត្យថ្មី នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២០នេះ។

លោក នាយឧត្តម សេនីយ៍ ហ៊ឹម យ៉ាន បាន​​​ឱ្យដឹងថា ក្នុងរយៈពេល ១ ខែនៃការអនុវត្ត ការរឹតបន្តឹងច្បាប់ចរណ៍ផ្លូវគោកតាមអនុក្រឹត្យថ្មី កម្លាំងនគរបាលចរាចរណ៍ បានផាកពិន័យ យានយន្តបានទឹកប្រាក់ប្រមាណ ៣ ពាន់លានរៀល ដែលស្មើប្រមាណ ជាង ៧០ ម៉ឺនដុល្លារអាមេរិក ហើយក្នុងណោមយានយន្តល្មើសច្បាប់ទាំងអស់ មានប្រមាណ២០​ភាគរយ មិនទាន់មកបង់ប្រាក់ផាកពិន័យនៅឡើយទេ។

សេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញផ្សាយ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ការរឹតបណ្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកតាមស្មារតីអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានដំណើរការយ៉ាងល្អប្រសើរ ។

សេចក្តីប្រកាសបង្ហាញថា សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងផាក​ពិន័យចំពោះយានយន្ត ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤,៧៦៥​ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន៣២,៧២៦ករណី ស្មើនឹង៧៣% និងរថយន្តគ្រប់ប្រភេទចំនួន១២,០៣៩ករណី ស្មើនឹង២៧%។

គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក អះអាងថា អ្នកប្រើប្រាស់ផ្លូវយ៉ាងច្រើន នៅទូទាំងប្រទេស បានចូលរួមគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស បើកបរ ដោយ​មានការយោគយល់អធ្យាស្រ័យ និងមានសណ្ដាប់ធ្នាប់ល្អ ដែលបានឆ្លុះបញ្ចាំងអំពីចូលរួមលើកកម្ពស់ កិត្តិយស និងភាពថ្លៃថ្នូររបស់សង្គមជាតិ និងជាប្រភពលើកទឹកចិត្តដល់កងកម្លាំងអនុវត្តច្បាប់ឱ្យកាន់តែមាន ស្មារតីខ្ពស់ ក្នុងការបំពេញភារកិច្ចរឹតបណ្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកផងដែរ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ថ្លែងអរគុណ ដល់សាធារណជនដ៏ច្រើន ដែលបានចូលរួមគោរព អនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងគាំទ្រការរឹតបណ្ដឹងការអនុវត្តច្បាប់ ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបាន បញ្ជាក់ឱ្យដឹងទៀតថា កងកម្លាំងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នឹងបន្តធ្វើការរឹតបន្ដឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយភាពម៉ឺងម៉ាត់ និងសីលធម៌វិជ្ជាជីវបន្តទៀត។ ម៉្យាងវិញទៀត បើទោះបីជាក្នុងខែឧសភាកន្លងទៅនេះ ស្ថានភាពចរាចរណ៍មានភាពកាន់តែល្អប្រសើរក្ដី ប៉ុន្តែ ករណីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅមានតែតួលេខគួរឱ្យបារម្ភ ជាពិសេសអត្រាខ្ពស់នៃគ្រោះថ្នាក់ ចំពោះអ្នកជិះម៉ូតូ និងអត្រាខ្ពស់នៃការមិនបានពាក់មួកសុវត្ថិភាព ពេលមានគ្រោះថ្នាក់នៅតែបន្តកើតមាន។

បើប្រៀបធៀបរយៈពេលដូចគ្នានៃខែឧសភា ឆ្នាំ២០១៩ ឃើញថា ស្ថានភាពចរាចរណ៍មាន ភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ១៣០លើក ស្មើ​៣៧% (២១៨/៣៤៨ លើក) អ្នកស្លាប់ថយចុះ៤២នាក់ ស្មើ២៧% (១១៣/១៥៥នាក់) អ្នករបួសថយចុះ ១៦២នាក់ ស្មើ៣២% (៣៤២/៥០៤នាក់)។ ប៉ុន្តែបើប្រៀបធៀបទៅនឹងខែមេសា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ២៨លើក ស្មើ១១% (២១៨/២៤៦លើក) អ្នកស្លាប់ថយចុះ ១៤នាក់ ស្មើ១១% (១១៣/១២៧នាក់) អ្នក របួស​ថយ​ចុះ២៦នាក់ ស្មើ៧%(៣៤២/៣៦៨នាក់)៕ (ដោយ៖ ឡេង ដេត)