រន្ធត់ណាស់! បុរសពីរនាក់ ជិះម៉ូតូវ៉ាជែងមិនប្រយ័ត្ន ក៏ជ្រុលប៉ះនឹងរថយន្ត ដួលចូលក្រោមកង់ឡាន

(ភ្នំពេញ)៖ បុរសមិនស្គាលអត្តសញ្ញាណពីរនាក់ បានស្លាប់ភ្លាមៗ ក្រោយពីបានជិះម៉ូតូវ៉ាឆ្វេងមិនប្រយ័ត្ន ក៏ជ្រុលចូលទៅប៉ះនឹងរថយន្ត ដួលចូលក្រោមកង់ឡាន កិនស្លាប់ យ៉ាងគួរឲ្យអាណោចអាធ័ម ដែលហេតុការណ៍នេះ បានកើតឡើងនៅ ព្រលប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ លើផ្លូវបេតុង105K ( ផ្លូវវត្តតាំងកសាង ) ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះទាំង ២នាក់ មិនទាន់បានស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូម៉ាកហុងដាគុប ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ កណ្តាល1A-1129។ ចំណែកឯ រថយន្តធុនធំ ក្បាលពណ៌ទឹកប្រាក់ មិនមានផ្លាកលេខ ( តៃកុងដោះយកទៅ) ជាប្រភេទរថយន្តទ្រុងដឹកទំនិញ ហៅរថយន្ត ( យីឌុប ៥ភ្លៅ)។
មុនពេលកើតហេតុគេឃើញរថយន្ត ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជនរងគ្រោះ កំពុងធ្វើដំណើរស្របទិសគ្នា បានវ៉ាមកឆ្វេងដៃ មិនដឹងយ៉ាងម៉េច ក៏ស្រាប់តែរេចង្កូតទៅស្ដាំដៃវិញ បណ្ដាលឲ្យប៉ះនឹងរថយន្ត ដួលចូលក្រោមកង់ឡាន កិនស្លាប់ទាំង ២នាក់ តែម្ដង។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរចរាចរណ៍ជើងគោក ដើម្បីដោះស្រាយតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យឯស្រុកកំណើត៕ ដោយ៖ Micheal