ផ្ទះប្រជាពលរដ្ឋ២៨ខ្នង ត្រូវដួលរលំនិងរបើកដំបូល ដោយសារតែភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ !

(ស្វាយរៀង)៖ ផ្ទះប្រជាពលរដ្ឋ២៨ខ្នងនៅក្នុងក្រុងស្វាយរៀង ស្រុករំដួល ស្រុករមាសហែកស្រុកកំពង់រោទ៍ និងស្រុកស្វាយទាបត្រូវបានដួលរលំនិងរបើកដំបូលដោយសារតែភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់ កាលពីចន្លោះម៉ោង២ទៅ៣រសៀល ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០។

បើតាមរបាយការណ៍ពីគ្រប់ក្រុងស្រុកបានឱ្យដឹងថាមានផ្ទះ១៩ខ្នងរបស់បងប្អូនប្រជាពលរដ្ឋដួលរលំនិងរបើកដំបូលនៅ៣ស្រុកនិងក្រុងស្វាយរៀង ប៉ុន្តែសំណាងដែរដែលមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះ។

តាមរបាយការណ៍បញ្ជាក់ថា នៅស្រុកកំពង់រោទ៍មានផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នងស្មើ និងចំនួន២ឃុំ គឺឃុំព្រៃធំនិងឃុំស្វាយតាយានត្រូវដួលរលំនិងរបើកដំបូល។ ស្រុករំដួលមានផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤ខ្នងបានរងការខូចខាតគឺនៅក្នុងភូមិត្រពាំងចំបក់ និងភូមិអង្គពក ស្ថិតក្នុងឃុំម៉ឺននជ័យ ស្រុករំដួល។ ស្រុករមាសហែកមានផ្ទះប្រជាពលរដ្ឋ៥ខ្នងរងការខូចខាតគឺនៅភូមិស្វាយទន្ទឹម ភូមិតាកុត ភូមិបន្លាស្អិត ភូមិខ្នងជ្រូកខាងលិច ស្ថិតក្នុងឃុំត្រពាំងស្ដៅ។

ចំណែកក្រុងស្វាយរៀងមានមួយខ្នងផ្ទះមានម្ចាស់ឈ្មោះចិន សាវ៉ាត ភេទស្រីអាយុ៤១ឆ្មាំ​ ជាកម្មកររោងចក្រមានកូន៤នាក់ ក្នុងបន្ទុកស្ថិតក្នុងភូមិស្រម៉ជ្រំ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មានទំហំ៦ម៉ែត្រគុណ និង៥ម៉ែត្រជញ្ជាំងស្លឹក ដំបូលប្រក់សង្ក័សី បានរលំទាំងស្រុង ប៉ុន្តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់នោះទេ។

ចំណែកស្រុកស្វាយទាបមានដួលរលំ និងរបើកដំបូល៩ខ្នងផ្ទះសរុបទាំងអស់មានចំនួន២៨ខ្នងផ្ទះ៕ ដោយ៖ ភក្តី (កែសម្រួល៖ យុទ្ធ)