CMA ៖ អ្នកស្រី ហៀង សារ៉ាញពីអ្នកស៊ីឈ្នួលធ្វើចុងភៅតាមរោងការ ក្លាយជាអ្នកចំណូលរាប់ពាន់ក្នុងមួយខែ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលហៅកាត់ថា CMA បានបង្ហាញពីភាពភាពជោគជ័យរបស់ពលរដ្ឋ មួយគ្រួសារ ដែល​បានប្រើប្រាស់ប្រាក់ឥណទានយកទៅពង្រីកមុខរបរ ដែលធ្វើឲ្យជីវិតពលរដ្ឋមួយគ្រួសារដែលធ្លាប់ធ្វើជា​កម្មករស៊ីឈ្នួល​ធ្វើចុងភៅតាមរោងការក្លាយជាអ្នកមានមុខរបរច្រើន ហើយទទួលបានចំណូលរាប់ពាន់ដុល្លារក្នុងមួយខែៗ។

ភាពជោគជ័យនៃការប្រើប្រាស់ឥណទាន គឺអ្នកស្រី ហៀង សារ៉ាញ បានយកប្រាក់ដែលខ្ចីគេ មកប្រើប្រាស់ឲ្យចំគោលដៅ។ CMA បានឲ្យដឹងថា កាលពី២០ឆ្នាំមុន អ្នកស្រី ហៀង សារ៉ាញ និងស្វាមី ស៊ី ឈ្នួលធ្វើជាចុងភៅតាមរោងការ។ ក្រោយមក គ្រួសារគាត់បានទទួលប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដើម្បីចាប់ផ្តើមមុខរបរលក់នំបញ្ចុក។ ដោយរបរនេះរីកចម្រើន អ្នកស្រីបានបន្ថែមប្រាក់កម្ចី ដើម្បីពង្រីកនិង បង្កើតមុខរបរបន្តបន្ទាប់ទៀត។


CMA ឲ្យដឹងបន្តថាកម្ចីចុងក្រោយអ្នកស្រី ហៀង សារ៉ាញ បានខ្ចីប្រាក់ យកទៅ ទិញដីស្រែជាងមួយហិកតា និងទិញរថយន្តដឹកដីលក់។ បច្ចុប្បន្នគ្រួសារអ្នកស្រី ហៀង សារ៉ាញ មានមុខរបរច្រើន ដែលអាចអោយគាត់រកចំណូលបានរាប់ពាន់ដុល្លាក្នុងមួយខែៗ បើទោះជាមានការរីករាលដាលនៃជំងឺកូវីដ១៩ក្តី។

អ្នកស្រីហៀង សារ៉ាញ បានបញ្ជាក់ថា «យកមក [គឺ]យករកស៊ី អោយតែយកមករកស៊ីគឺដឹងតែជោគជ័យហើយ។ ដូចខ្ញុំថា ថ្ងៃនេះខាត ស្អែកឡើង[នឹង]ចំណេញហើយ។»

នៅពេលសួរត្រលប់ក្រោយថា បើមិនមានសេវាកម្ចីហិរញ្ញវត្ថុ តើជីវភាពបងស្រីអាចនឹងប្រែប្រួលដែររឺទេ បងស្រីបញ្ជាក់ថា បើមិនមានប្រាក់ឥណទានទេ ប្រហែលគាត់មិនរីកចម្រើនឡើយ។ អ្នកស្រីពោលដោយក្តីរីករាយថា ៖ «បើយើងអត់មានប្រាក់កម្ចី ក៏អត់មានប្រាក់ចំណូល…ទាល់យើងកម្ចីគេមក បានយើង[រកស៊ី]មានប្រាក់ចំណូល»៕ ដោយសិរី