ម៉ាឡេស៊ី និងសិង្ហបុរី យល់ព្រមពន្យារពេលគំរោងផ្លូវរថភ្លើងល្បឿនលឿន HSR រហូតដល់ថ្ងៃទី៣១ ខែធ្នូ

(អន្តរជាតិ)៖ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី បាននិយាយកាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភាថា ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីពន្យារពេលគំរោងរថភ្លើងល្បឿនលឿនគូឡាឡាំពួរ-សិង្ហបុរី (HSR) ម្តងទៀត រហូតដល់ដំណាច់ឆ្នាំ២០២០នេះ ។

ការស្ថាបនាផ្លូវរថភ្លើងល្បឿនលឿន HSR ប្រវែង ៣៥០ គីឡូម៉ែត្រ ត្រូវបានផ្អាក ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨ ហើយគ្រោងនឹងចាប់ផ្តើមនៅចុងខែឧសភានេះ ។ រដ្ឋមន្រ្តីដឹកជញ្ជូនសិង្ហបុរីលោក Khaw Boon Wan បាននិយាយថា ប្រទេសសិង្ហបុរីកំពុងពិចារណាលើសំណើរបស់ប្រទេសម៉ាឡេស៊ី ដើម្បីពន្យារពេលនៃការផ្អាកគម្រោងនេះ ។

លោក Khaw បានសរសេរនៅក្នុងហ្វេសប៊ុកកាលពីថ្ងៃអាទិត្យថា ប្រទេសម៉ាឡេស៊ីបានស្នើសុំពន្យារពេល ៧ ខែ ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរពិភាក្សា និងវាយតម្លៃការផ្លាស់ប្តូរដែលបានស្នើឡើងរបស់ប្រទេសម៉ាឡេស៊ី ចំពោះគម្រោងនេះ ។

ទេសរដ្ឋមន្រ្តីម៉ាឡេស៊ី Azmin Ali បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃអាទិត្យថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នា ដើម្បីបន្តការពន្យារពេលនេះ ។ លោក Azmin ដែលជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី ក៏បាននិយាយផងដែរថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានយល់ព្រមបន្តការពិភាក្សាអំពីគម្រោង HSR នេះ “នៅពេលដ៏ខ្លីខាងមុខ” ។

ខ្សែរថភ្លើង HSR ដែលបានស្នើឡើង មានគោលបំណងកាត់បន្ថយពេលវេលាធ្វើដំណើររវាងសិង្ហបុរី និងគូឡាឡាំពួរ មកត្រឹម ៩០ នាទី ដែលសព្វថ្ងៃប្រើពេល ១១ ម៉ោង លើសេវាកម្មរថភ្លើងដែលមានស្រាប់ ៕ ប្រែសម្រួល៖ សារិទ្ធ (យុទ្ធ)