បទពណ៌នាៈ “កំពង់ភ្លុក”- ជីវិតអ្នករស់នៅលើផ្ទៃទឹក

ជីវភាពរស់នៅរបស់ប្រជាជន ឃុំកំពង់ភ្លុក កាន់តែមានភាពល្អប្រសើរឡើងជាលំដាប់ និងកំពុងតែធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំងជាមួយនឹងសមិទ្ធផលថ្មីៗជាច្រើន ។ ថ្វីត្បិតតែបងប្អូនរស់នៅតែផ្ទៃទឹក (មួយឆ្នាំរស់នៅលើផ្ទគោកម្តង និងផ្ទៃទឹកម្តង) ប៉ុន្តែនេះជាទម្លាប់តាំងពីបរមបុរាណមក ហើយបានបង្កើននូវការទាក់ទាញ ការចង់ដឹង ចង់ស្វែងយល់ និងចង់ឃើញនូវជីវភាពមួយដែលប្លែកពីតំបន់ដីគោក ។

ប្រវត្តិទឹកដី  និងមនុស្ស

ឃុំកំពង់ភ្លុកស្ថិតនៅទិសខាងកើតទីប្រជុំជនខេត្តសៀមរាប បើធ្វើដំណើរតាមផ្លូវជាតិលេខ៦  មកដល់ជិតអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង មានចម្ងាយ១៥គីឡូម៉ែត្របត់ស្តាំតាមផ្លូវកៅស៊ូ មានចម្ងាយ១៦គីឡូ​ម៉ែត្រ​យើងនឹងមកដល់ទីនេះហើយ ។ កំពង់ភ្លុកជាឃុំមួយក្នុងចំណោមឃុំទាំង៩ របស់ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ភូមិសាស្រ្តនៃឃុំនេះមានផ្ទៃដីសរុប ១២៣២៩គីឡូម៉ែត្រក្រឡា) ក្នុងនោះផ្ទៃដីសាងសង់លំនៅដ្ឋានចំនួន១២០ហ.ត ដីព្រៃ ៦៥១ហ.ត ដីផ្សេងៗ៥៦៩០ហ.ត ។ ឃុំនេះមិនមានដីបង្កបង្កើនផលទេ ព្រោះជាតំបន់បឹងទន្លេសាប។ ប្រជាពលរដ្ឋទូទាំងឃុំប្រកបរបរនេសាទចំនួន៦៥%, ដឹកភ្ញៀវទេសចរណ៍កំសាន្តនៅតំបន់ព្រៃលិចទឹកដែលជាតំបន់អេកូទេសចរណ៍ធម្មជាតិ៣០% និង៥%ទៀតជាអ្នកលក់ដូរនិងជាជាងឈើ ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺ ការប្រកបរបរនេសាទ ពេលខ្លះក៏ទទួលបានផល តែពេលខ្លះទៀតមិនទទួលបានផលទេ ឯការប្រកបរបរកសិកម្មវិញ គឺប្រជាជនពុំមានដីកសិកម្មឡើយ ព្រោះដីក្នុងភូមិសាស្ត្រឃុំនេះលិចទឹកទាំងអស់នៅរដូវវស្សា និងរដូវប្រាំងវិញក៏មានសេសសល់ដីទួលបន្តិចបន្តួចប៉ុណ្ណោះ ។ ប៉ុន្តែកំពង់ភ្លុក មានសក្តានុពលផ្នែកទេសចរណ៍ដែលបច្ចុប្បន្នមានភ្ញៀវទេសចរណ៍មកកំសាន្ត មានការកើនឡើងគួរឲ្យកត់សម្គាល់ ធ្វើឲ្យប្រជាជនបង្កើតបានមុខរបរថ្មីមួយ ដែលផ្តល់ប្រយោជន៍ដ៏សំខាន់នោះគឺ ការប្រើប្រាស់កាណូត និងអុំទូកដឹកភ្ញៀវទេសចរណ៍កំសាន្តបន្ថែមលើមុខរបរនេសាទត្រី ។ ឃុំនេះមាន ៣ភូមិ គឺភូមិត្នោតកំបុត ភូមិដីក្រហម និងភូមិគោកក្តុល ។ ឃុំកំពង់ភ្លុកមានព្រំប្រទល់ខាងកើតទល់នឹងឃុំដានរុន ស្រុកសូទ្រនិគម , ខាងលិចទល់នឹងឃុំកណ្តែក,  ខាងជើងទល់នឹងឃុំមានជ័យ ខាងត្បូងទល់នឹងបឹងទន្លេសាប ។

ឃុំកំពង់ភ្លុកត្រូវ បានបង្កើតឡើងនៅឆ្នាំ១៩៧៩គ្រានោះស្ថិតនៅក្នុងក្របខណ្ឌរដ្ឋបាលស្រុកសូទ្រនិគម ហើយកាត់ចូលមកស្រុកសៀមរាប ក្រោយមកក៏កាត់មកស្រុកប្រាសាទបាគង។ ឃុំនេះ ផ្ទៃដីទាំងអស់ជាដីព្រៃលិចទឹក ចាប់មាត់បឹងទន្លសាបដែលមានទេសភាពគួរជាទីទាក់ទាញ ។ ប្រជាពលរដ្ឋក្នុងឃុំនេះភាគច្រើនលើសលប់ជាអ្នកភូមិដើមកំណើតនៅទីនេះតែម្តង ដោយមិនសូវមានអ្នកចំណូលថ្មីនោះឡើយ។ គិតត្រឹមឆ្នាំ ២០១៩-២០២០ឃុំមានពលរដ្ឋចំនួន៨៦៧គ្រួសារស្មើនឹងមនុស្សចំនួន ៣៦៨០នាក់ (ស្រី១៨៦៥នាក់) ។ យោងតាមទិន្នន័យរបស់ឃុំពីឆ្នាំ២០១៧ មកគឺអ្នកមានអាយុ១៧ឆ្នាំ៤០%  ,១៨ឆ្នាំដល់ ៦០ឆ្នាំ៤០% និងចាស់ជរា២០ %។ ពលរដ្ឋចំណាកស្រុកទៅធ្វើការក្នុងប្រទេស០,០៣%។ មកដល់ពេលនេះផ្ទះដែលមានអគ្គិសនីប្រើប្រាស់ជិត៩០%។ ប្រជាជនប្រើប្រាស់មានទឹក អណ្តូងស្នប់ឬអណ្តូងចម្រុះ ៤០% ។

កត្តានាំឲ្យឃុំមានការរីកចម្រើន

លោក សុខ ប្លង់ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាឃុំនិងជាមេឃុំកំពង់ភ្លុក ស្តីទី បានប្រាប់ទស្សនាវដ្តីប្រជាជនថា   ក្រោយថ្ងៃរំដោះ ៧ ខែមករា ឆ្នាំ១៩៧៩ ឃុំនេះបានខិតខំរស់រីកលូតលាស់ឡើងវិញក្រោមការការ​ពារ និងការដឹកនាំពីរដ្ឋអំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។ លោក​បន្តថាការរីកចម្រើនលឿនមួយទៀត ក៏មកពីមានអំណោយផលផ្នែកទេសចរណ៍ធម្មជាតិស្រស់ស្អាត ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបានទស្សនាកំសាន្តនាពេលបុណ្យឬថ្ងៃសម្រាកចុងសប្តាហ៍ ដែលតំបន់ទាំងនេះគ្រប់គ្រងដោយសហគមន៍ទេសចរណ៍ មានជ័យកំពង់ភ្លុកនិងការចាត់ចែងឲ្យមានការការពារសន្តិសុខសណ្តាប់ធ្នាប់ល្អ ។ ដោយហេតុនេះហើយទើបពលរដ្ឋ ក្រៅពីរបរនេសាទជាលក្ខណៈគ្រួសារ គាត់បានបន្ថែមមុខរបរផ្នែកទេសចរណ៍តាមរយៈការដឹកកាណូតនិងទូកនាំភ្ញៀវទៅទស្សនាតំបន់ព្រៃលិចក្នុងភូមិសាស្ត្រឃុំកំពង់ភ្លុក ។ ម៉្យាងទៀត ប្រជាពលរដ្ឋមានស្មារតីឧស្សាហ៍ព្យាយាមហើយជឿជាក់លើរដ្ឋអំណាច, មានមាគ៌ាដឹកនាំត្រឹមត្រូវរបស់បក្សនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា, មានមន្ត្រីថ្នាក់ដឹកនាំមន្ត្រីក្រុមការងារចុះជួយមូលដ្ឋានស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ។ លោកមេឃុំបានអធិប្បាយដោយចង្អុលទៅលើតារាងតួលេខមួយផ្ទាំងថា វិស័យទេសចរណ៍គឺជាគោលដៅសំខាន់បំផុតសម្រាប់ការអភិវឌ្ឍឃុំ។ ពិសេសការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ុន សែន ដែល លោកតែងរំលឹកដល់ពលរដ្ឋនិងអាជ្ញាធរជាញឹកញាប់ ។

ការរីកចំរើនវិស័យអប់រំ សុខាភិបាល គមនាគមន៍…

រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍រុញសាលា រៀនទៅកៀកនឹងជណ្តើរផ្ទះពលរដ្ឋ ។ អនុវត្តតាមគោលនយោបាយនេះ ក្រុមប្រឹក្សាឃុំកំពង់ភ្លុកក៏បានខិតខំយកចិត្តទុកដាក់ពង្រឹងចំណេះដឹងរបស់ប្រជាជន តាមរយៈការពង្រឹងវិស័យអប់រំថ្នាក់មូលដ្ឋានឲ្យកាន់តែប្រសើរឡើង ដើម្បីលុបបំបាត់អនក្ខរកម្មក្នុងឃុំទាំងមូល ។ កុមារ និងយុវវ័យតាមភូមិបានចូលរៀននៅថ្នាក់មត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យស្ទើរគ្រប់ៗគ្នា ។ ពេលនេះឃុំកំពង់ភ្លុក មានសាលាបឋមសិក្សា១កន្លែងស្មើនឹង១០ថ្នាក់ មានសិស្ស៤៧៧នាក់ ។ អនុវិទ្យាល័យ១ស្មើនិង៦ថ្នាក់សិស្សសរុប១៥៨នាក់ (ស្រី១១៣នាក់) ដែលពីមុនគ្រូមានតែមកពីស្រុកផ្សេង តែបច្ចុប្បន្នគ្រូបង្រៀនមាននៅក្នុងមូលដ្ឋានស្រាប់។ សាលាមត្តេយ្យរដ្ឋ២ថ្នាក់សិស្ស៣៦នាក់(ស្រី១៨នាក់)។ រីឯការសិក្សាវិញកុមារដល់អាយុចូលរៀន និងកុមារបន្តរៀនបានចុះឈ្មោះ និងនៅរៀនសូត្រជិត៩៥ភាគរយ។  ក្នុងឃុំ មានមណ្ឌលសុខភាពមួយកន្លែងទើបនឹងសាងសង់ជិតរួចរាល់ហើយដោយមានការផ្តួចផ្តើមរបស់ឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងជីកស្រះទឹកដ៏ធំមួយសម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាសផងដែរ។ស្ត្រីសម្រាលកូនដោយពេទ្យឆ្មប​​៩៩%(បញ្ជូនទៅឃុំមានជ័យ)។ អត្រាស្លាប់របស់មាតានិងទារកក្រោយពេលសម្រាល ០% ។ កុមារអាយុ៩-១២ ឆ្នាំ បានចាក់ថ្នាំ បង្ការ៩០% ។ លោកមេឃុំបានបន្តថា តំបន់ដែលគោក ឬក៏លិចទឹកក្នុងរយៈពេលខ្លីពីមុន គឺផ្លូវពិបាកធ្វើដំណើរណាស់ តែបច្ចុប្បន្នត្រូវបានកសាង និងជួសជុលជាបណ្តើរៗ បានប្រែក្លាយពីផ្លូវក្រាលដីសទៅក្រាលគ្រួសក្រហមនិង ឈានទៅចាក់បេតុង។ ទន្ទឹមនឹងទទួលបានការស្ថាបនាកែលំអផ្លូវថ្មីៗ ក៏មានផ្លូវលំមួយចំនួនបានខូចខាតទៅវិញ ។ ឃុំមានវត្តចំនួន១កន្លែង,វិហារគ្រឹស្តសាសនា១កន្លែង។ លោកមេឃុំបានរំលឹកផងដែរថាឃុំបានទំនាក់ទំនងនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន(ក្រុមហ៊ុន អាជីវករ ពាណិជ្ជករ សេវាករ)ដើម្បីទៅបង្កើតមុខរបររកស៊ី និងជួយលើកទឹកចិត្តពលរដ្ឋឲ្យចូលរួម ។ បច្ចុប្បន្នឃុំបាននឹងកំពុងសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលជួយលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្តដើម្បីជំរុញលើកកម្ពស់ជីវភាពពលរដ្ឋនិងសេដ្ឋកិច្ចមូលដ្ឋាន ក្នុងនោះមានអង្គការរ៉ាឆា(RACHA),  អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ជាដើម ។ គិតត្រឹមឆ្នាំ២០២០នេះ ក្នុងឃុំ ផ្ទះពលរដ្ឋបានសាងសង់ឡើងខ្ពស់ផុតពីទឹកបានជាច្រើនខ្នងបន្ថែមទៀត ។ ចំពោះមុខ  ដោយបានការគាំទ្រពីស្ថាប័នអង្គភាពនិងដៃគូ ឃុំក៏យកចិត្តទុកដាក់លើការងារវិស័យ យេនឌ័រ លើកកម្ពស់តួនាទីនិងជីវភាពស្ត្រី-ក្មេងស្រី ការជំរុញកាត់បន្ថយអត្រានៃភាពក្រីក្រ និងអន្តរាគមន៍ វិស័យសង្គមកិច្ច មនុស្សធម៌ កាត់បន្ថយភាពងាយរងគ្រោះ និងគ្រោះធម្មជាតិ ។ ក្នុងនោះ មានបង្កើនការគ្រប់គ្រងលើធនធានធម្មជាតិ បរិស្ថាននិងការបន្សាំទៅនឹងបម្រែ បម្រួល អាកាសធាតុ ។

សមិទ្ធផលច្រើន  ក៏ត្រូវភ្ជាប់ការផ្តល់សេវាល្អ….

លោក សុខ ប្លង់ បានបញ្ជាក់ថា  កន្លងមកក៏ដូចជានិងបច្ចុប្បន្ន អ្វីដែលត្រូវអនុវត្តចំពោះមុខក្នុងផែនការបីឆ្នាំរំកិល និងផែនការប្រាំឆ្នាំ យើងមានគម្រោងស្តារនិងអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងឃុំ  ស្របតាមការចូលរួម ក៏ដូចជា សំណូមពរពលរដ្ឋ ។ យើងត្រូវធ្វើឲ្យពលរដ្ឋពេញចិត្ត បញ្ជៀសការថ្នាំងថ្នាក់គឺក្រុមការងារគ្រប់ថ្នាក់ចុះជួយឃុំ ព្រមទាំងអាជ្ញាធរឃុំ និងគណៈកម្មការចំណុះ នគរបាល និងផ្នែកពាក់ព័ន្ធត្រូវបង្កើនការចូលរួម មានវត្តមានជាប្រចាំ រួសរាយ រួសរាន់ រាក់ទាក់ ឆ្លើយតបគ្រប់ទុក្ខលំបាក និងដោះស្រាយគ្រប់សំណូមពរ រួមរបស់ប្រជាពលរដ្ឋ ។  ក្នុងនោះមានអភិបាលកិច្ច ការគ្រប់គ្រង សេវាផ្នែករដ្ឋបាលការពារសន្តិសុខសណ្តាប់ធ្នាប់តាមរយៈគោនយោបាយ ភូមិឃុំមានសុវត្ថិភាព និងការបកស្រាយ ឬការផ្សព្វផ្សាយសភាពការណ៍បច្ចុប្បន្ន និងសុខភាពសាធារណៈឲ្យប្រជាជនបានយល់ដឹង ។ លោកបានបន្ថែមថា មន្ត្រីត្រូវតែមានមុខគ្រប់ពេល គ្រប់ទីកន្លែងនិងគ្រប់ហេតុការណ៍ទើបអាចឆ្លើយតបគោលបំណងរួម និងគោលបំណងដោយឡែករបស់ពលរដ្ឋបាន។ ត្រូវបញ្ជៀស បន្សាបនូវការយល់ច្រឡំចំពោះការផ្សាយ ព័ត៌មានក្លែងក្លាយនិងការមួលបង្កាច់នានា។ មន្ត្រីគ្រប់ថ្នាក់ត្រូវមានគណនេយ្យភាព  តម្លាភាព ជាមួយថ្នាក់លើរបស់ខ្លួន ហើយត្រូវមានភារកិច្ចទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋធានាឲ្យបានយុត្តិធម៌សង្គម ភាពស្មើគ្នាចំពោះមុខច្បាប់ និងភាពអាចទទួលយកបាន ។ លោកមេឃុំបន្ថែមថា ដោយមានសំណូមពរពីសំណាក់ពលរដ្ឋរឿងចង់បានដីស្រែបង្កបង្កើនផលជាច្រើនឆ្នាំមកនោះ ឃុំក៏បានបញ្ជូនសំណើទៅថ្នាក់លើរួចរាល់ដែរ តែនៅមិនទាន់មានការសម្រេច ។ ដូច្នេះហើយពលរដ្ឋស្នើឲ្យស្ថាប័នពាក់ព័ន្ធជួយពន្លឿនផង ។

លោកមេឃុំមានប្រសាសន៍ដែរថា ចំពោះមុខសភាពការណ៍ថ្មីនិងបន្ទាន់បំផុតមន្ទីរ អង្គភាពនិងក្រុមការងារចុះជួយបានសហការជាមួយអាជ្ញាធរឃុំផ្សព្វផ្សាយវិធានការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ នៅតាមគោលដៅក្នុងភូមិទាំងអស់នៃឃុំ ដោយចុះផ្ទាល់តាមខ្នងផ្ទះ ចែករូបភាពផ្ទាំងធំដែលមានខ្លឹមសារពីរ គឺ ទីមួយ.របៀបលាងសំអាតដៃ និងទីពីរវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយការអនុវត្តបង្ហាញផ្ទាល់ ។

លោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបាគង និងជាអនុប្រធានគណបក្សស្រុកបានមានប្រសាសន៍ដែរថា ឃុំកំពង់ភ្លុកពីមុនពិតជាពិបាកក្នុងធ្វើដំណើរណាស់ព្រោះស្ថានភាពផ្លូវគ្មានមានតែទឹកហើយពល​រដ្ឋ​មានជីវភាពក្រលំបាក។ ប៉ុន្តែបច្ចុប្បន្នក្រោមការដឹកនាំរបស់គណបក្ស និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ទើបបច្ចុប្បន្ននេះឃុំកំពង់ភ្លុក បានប្រែមុខមាត់ថ្មីជាច្រើនគួរឲ្យកត់   សម្គាល់។ លោកបញ្ជាក់ថា ឃុំកំពង់ភ្លុកគឺជាឃុំមួយគំរូគេដែលតែងតែមានសម្លេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ច្រើនជាងគេ និងឈ្នះឆ្នោតជាប្រចាំតែម្តង ៕ ប្រភព ៖ ទស្សនាវដ្តីប្រជាជន