សកម្មភាពចំនួន៣ ដែលអ្នកគួរដឹងទន្ទឹមនឹងការស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុ

យោងតាមរបាយការណ៍របស់ លោក គួច ចំរើន ដែលបានថ្លែងក្នុងឱកាសនៃការអញ្ជើញពិនិត្យលទ្ធផលដំបូង នៃការស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុចំនួន៣៤ខ្សែ របស់សម្តេច ហ៊ុន សែន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុរៀបចំចាត់ចែង ធ្វើគម្រោងសំខាន់ៗចំនួន៣គឺ៖

* ការកែលម្អឆ្នេរ៖  ចាត់ចែងកែលម្អ សម្ពោធឆ្នេរសមុទ្រ ដោយចាក់បំពេញខ្សាច់ស សម្រាប់សាធារណជន និងភ្ញៀវទេសចរចេញ-ចូលកម្សាន្តជាសាធារណៈ ពីពយតាមូងដល់ពយជំទាវម៉ៅ បានជាង៩ពាន់ម៉ែត្រ និងបន្តរៀបចំកែលម្អឆ្នេរពីចំណុចពីពយជំទាវម៉ៅឆ្ពោះទៅរាម ដោយមិនអនុញ្ញាតឱ្យមានការកាន់កាប់ឆ្នេរសាធារណៈជាលក្ខណៈឯកជន នាំឱ្យបាត់បង់សោភ័ណភាពឆ្នេរសមុទ្រ និងបានរៀបចំខ្ចុសតាមគំរូបានចំនួន ៤៣ខ្ចុស។

* គម្រោងដាំដើមផ្កា និងដើមឈើលម្អ៖ នៅតាមដងមហាវិថី និងវិថីទាំង៣៤ខ្សែ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គ្រោងនឹងដាំដើមផ្កាក្រដាស ចំនួនជាង ៦ម៉ឺនគុម្ព នៅតាម សងខាង ផ្លូវរួមមាន៖ ដើមរាជព្រឹក្ស ដើមផ្កាចា ដើមនាងនួន ដើមធ្នង់ ដើមឥន្ទនេល ដើមក្ងោក ដើមបូព្រឹក្ស ដើមរំដួល ។

* ការរៀបចំអាងប្រព្រឹត្តិកម្ម និងការសាងសង់ស្ថានីយបូមទឹកកខ្វក់៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចាត់វិធានការបឋមរៀបចំស្ថានីយបូមទឹកកខ្វក់ ចំនួន៤ទីតាំង និងបានបំពាក់ម៉ូទ័របូមផលិតនៅប្រទេសជប៉ុនម៉ាក EBARA សរុបចំនួន១០គ្រឿង ដើម្បីបូមបង្វែរ ទឹកកខ្វក់កុំឱ្យហូរចូលទៅក្នុងសមុទ្រ។ ដើម្បីធានានិរន្តរភាពរយៈពេលវែង គ.អ.ឆ.ក បាននិងកំពុង រៀបចំស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ចេញពីស្ថានីយបូមទឹកកខ្វក់ចំនួន២ទីតាំង គឺស្ថានីយបូមទឹកកខ្វក់ ទី១ ដែលមានសមត្ថភាពធ្វើ ប្រព្រឹត្តិកម្មទឹក ជាង៥ពាន់ម៉ែត្រគូប/ថ្ងៃ និងស្ថានីយទឹកកខ្វក់ទី២ ដែលមានសមត្ថភាពធ្វើប្រព្រឹត្តិកម្មទឹកជាង ៧ពាន់ ម៉ែត្រគូប/ថ្ងៃ។

លោក គួច ចំរើន បានឱ្យដឹងដែរថា ប្រជាពលរដ្ឋមានសេចក្ដីត្រេកអរ ដោយទទួលបាននូវឆ្នេរសមុទ្រដ៏ស្រស់ស្អាតសម្រាប់កម្សាន្ត និងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ដែលជាខ្សែផ្លូវមេយុទ្ធសាស្ត្រ នៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ ដឹកជញ្ជូន សេដ្ឋកិច្ច ធុរៈកិច្ច និងទេសចរណ៍ នៃខេត្តព្រះសីហនុ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងដាក់ឱ្យអនុវត្តដោយផ្ទាល់ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងលើកកម្ពស់សោភ័ណភាពខេត្តព្រះសីហនុ៕ (ដោយ៖ មណ្ឌល)