សមាគមអ្នកនិពន្ធខ្មែរ ជូនដំណឹងពីការប្រកួតពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គលើទី១១

(ភ្នំពេញ)៖ សមាគមអ្នកនិពន្ធខ្មែរ ជូនដំណឹងស្ដីពីការប្រកួតប្រជែងស្នាដៃតែងនិពន្ធរឿងខ្លី និងកំណាព្យពានរង្វាន់អក្សរសិល្ប៍ ទន្លេមេគង្គ លើកទី១១ ឆ្នាំ ២០២០ ក្នុងប្រធានបទ “ជីវិតនិងនិរន្តភាពទន្លេមេគង្គ” ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

យោងតាមការប្រកាសរបស់សមាគមអ្នកនិពន្ធខ្មែរដែលមាន ឯកឧត្ដម ព្រឿង ប្រណីត ជាប្រធានបានចេញសេចក្ដីជូនដំណឹងដោយមានខ្លឹមសារពិស្ដារឱ្យដឹងថា៖ “សូមជម្រាបជូនដំណឹងដល់អ្នកនិពន្ធ សមាជិក សមាជិកា នៃសមាគមអ្នកនិពន្ធខ្មែរ និងសាធារណជន មេត្តាជ្រាបថា ក្នុងគោលបំណងថែរក្សា និងលើកស្ទួយតម្លៃអក្សរសិល្ប៍ជាតិឱ្យកាន់តែប្រសើរថែមទៀត ម្យ៉ាងក្នុងន័យរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសតាមដងទន្លេមគង្គ(កម្ពុជា ចិន ភូមា ថៃ លាវ និងវៀតណាម) សមាគមអ្នកនិពន្ធខ្មែរ នឹងរៀបចំប្រកួតជ្រើសរើសស្នាដៃតែងនិពន្ធស្នាដៃ រឿងខ្លី និងកំណាព្យ ពានរង្វាន់អក្សរសិល្ប៍ទន្លេ មេគង្គ លើកទី១១ ឆ្នាំ២០២០ (Mekong River Literature Award 2020) ដែលនឹងប្រារព្ធនៅប្រទេសកម្ពុជា”។

សេចក្ដីប្រកាសនេះ ក៏មានអមដោយលក្ខន្តិកក្នុងការប្រកួតប្រជែងដូចដែលបញ្ជាក់ជូនខាងក្រោមនេះ ៖

គួរបញ្ជាក់ឱ្យដឹងថា នេះជាលើកទី ៣ ហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតប្រជែងពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ ដែលលើកទី ១ គឺក្នុងឆ្នាំ ២០០៩ ដែលមាន កម្ពុជា វៀតណាម និងឡាវចូលរួម និងលើកទី២ នៅឆ្នាំ ២០១៤ មានទាំង៦ប្រទេសតាមដងទន្លេមេគង្គចូលរួម ហើយលើកទី ៣ គឺនៅ ឆ្នាំ២០២០នេះតែម្ដង។ ដំណឹងនេះចាត់ទុកជាការផ្សព្វផ្សាយដល់បណ្ដាអ្នកស្នេហាវិស័យអក្សរសិល្ប៍ទាំងអស់ឱ្យបានជ្រាប និងសូមចូលរួមឱ្យបានច្រើនកុះករដើម្បីលើកស្ទួយតម្លៃអក្សរសិល្ប៍ជាតិយើងឱ្យបានពណ្ណរាយឡើង៕ (ដោយ៖ ភូមិន្ទ)