រថយន្ដដឹកប្រេងបើកសំដៅបុកក្រុមបាតុករតវ៉ាតាមដងផ្លូវទីក្រុង Minneapolis ឯអ្នកបើកបរត្រូវបានចាប់ខ្លួន

(អន្តរជាតិ)៖ រថយន្តដឹកប្រេង មួយគ្រឿង បានបើកចូលទៅក្នុងក្រុមអ្នកតវ៉ានៅតាមបណ្តោយផ្លូវ ៣៥ ខាងលិចក្នុងក្រុង Minneapolis ប៉ុន្តែគ្មានអ្នកដើរហែក្បួនណាមួយ រងរបួសឡើយ ។ សាក្សីរ៉យទ័រ បាននិយាយថា បន្ទាប់មកអ្នកបើកបរបានចុះពីឡាន ត្រូវបានក្រុមអ្នកតវ៉ាវាយដំ ។

ក្រុមអ្នកតវ៉ាបានឡោមព័ទ្ធឡាន និងបានព្យាយាមចូលទៅក្នុងកាប៊ីន មុនពេលដែលប៉ូលិស Minneapolis បានឡោមព័ទ្ធ ។ បន្ទាប់មកអ្នកបើកបរត្រូវបានចាប់ខ្លួន និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ។ រូបភាពទូរទស្សន៍ បានបង្ហាញថា អ្នកតវ៉ារាប់ពាន់នាក់នៅលើស្ពានបានបិទចរាចរណ៍ នៅពេលរថយន្តដឹកប្រេងនោះ បានលេចចេញមក ។ ទោះបីគាត់មិនបានបើកបរតម្រង់ហ្វូងមនុស្សច្រើនក៏ដោយ ក៏អ្នកបើកបរបានបង្ហាញសញ្ញាតិចតួចនៃការបន្ថយល្បឿន ហើយអ្នកតវ៉ាមួយចំនួន ត្រូវបានគេមើលឃើញកំពុងរត់យ៉ាងលឿនទៅលើចិញ្ចើមថ្នល់ មុនពេលឡានឈប់ ។

ទីក្រុងMinneapolis គឺជាកន្លែងនៃការតវ៉ាទ្រង់ទ្រាយធំ ចាប់តាំងពីថ្ងៃច័ន្ទសប្តាហ៍កន្លងមក នៅពេលដែលបុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd បានស្លាប់ នៅពេលដែលត្រូវបានចាប់ខ្លួនដោយប៉ូលិសស្បែកសម្នាក់ដែលបានលុតជង្គង់សង្កត់ករបស់គាត់ប្រហែល ៨នាទី រហូតដល់ស្លាប់ ៕ ប្រែសម្រួល៖ សារិទ្ធ (យុទ្ធ)