ទៅឆក់ត្រីធ្វើម្ហូប ចៃដន្យប៉ះចំខ្សែលួសរាយឆក់យកកណ្តុរ បណ្តាលឱ្យឆក់ស្លាប់ក្នុងបឹងឈូក

(កណ្តាល) បុរសម្នាក់ចំណោម៣នាក់បានទៅឆក់ត្រី បានទៅប៉ះខ្សែលួសដោយចរន្តអគ្គិសនីដើម្បីឆក់កណ្ដុរដែលគេរាយនៅក្នុងបឹងឈូកបណ្តាលឱ្យឆក់ស្លាប់ កាលពីថ្ងៃអង្គារទី២៣ ខែ មិថុនា ឆ្នាំ២០២០ វេម៉ោង៩យប់នៅចំណុចសន្លូន ត្រង់ក្នុងបឹងវាលសំណាប ភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្កកណ្ដាល

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះមុត ណាំហេង អាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរនេសាទត្រី ទីលំនៅភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្កកណ្ដាល។ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។ វត្ថុតាងដកហូត .អាគុយ ០១ កម្លាំង៤០អំពែ(របស់ជនរងគ្រោះ),.ដុំឆក់០១(របស់ជនរងគ្រោះ),.ខ្សែលួស និង៤. ឌីណាម៉ូសម្រាប់សាកអាគុយ ០១គ្រឿង(របស់ជនសង្ស័យ)

ប៉ូលិសបន្តថា នៅថ្ងៃទី ២៣មិថុនា២០២០ វេលាម៉ោង៣រសៀលជនរងគ្រោះបានចេញទៅនេសាទត្រី នៅចំណុចកើតហេតុខាងលើជាមួយឈ្មោះញឹម ផាន្នី នឹង ឈ្មោះជឹម រដ្ឋា(ហៅប្លោក) ដោយប្រើឧបករណ៍ឆក់ត្រី។

តាមការបំភ្លឺរបស់ឈ្មោះញឹម ផាន្នី បានឱ្យដឹងថា ពេលទៅដល់កន្លែងកើតហេតុពួកគេមិនទាន់ចុះនេសាទត្រីភ្លាមទេនាំគ្នាអង្គុយលេងរហូតដល់វេលាម៉ោង៧ យប់ទើបនាំគ្នាចុះនេសាទត្រីដោយប្រើឧបករណ៍ឆក់ចុះរកបែកគ្នា។រហូតដល់វេលាម៉ោងកើតហេតុឈ្មោះ ញឹម ផាន្នី  និង ឈ្មោះជឹម រដ្ឋា បាត់ជនរងគ្រោះក៏នាំគ្នាស្រែកហៅជនរងគ្រោះតែមិនឮជនរងគ្រោះឆ្លើយតបឡើយ។

ក្រោយមកឈ្មោះ ជឹម រដ្ឋា បានឡើងមកផ្ទះមុនឈ្មោះញឹម ផាន្នី បានដើរទៅរកជនរងគ្រោះ ឃើញភ្លើងពិលពាក់ក្បាលរបស់ជនរងគ្រោះភ្លឺឡើងលើក៏ដើរទៅមើលឃើញជនរងគ្រោះ ផ្កាប់មុខក្នុងទឹកដោយឃើញខ្សែលួសឆក់កណ្ដុររុំព័ទ្ធនិងដងឆក់របស់ជនរងគ្រោះ ។បន្ទាប់មកឈ្មោះញឹម ផាន្នី បានយកដងឆក់របស់ខ្លួនគោះលើខ្សែឆក់កណ្ដុរឃើញថាអស់ភ្លើងហើយក៏លើកជនរងគ្រោះដាក់លើគោកក្បែរនោះ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ញឹម ផាន្នី បន្តថា គាត់ក៏ដោះអាគុយឆក់ត្រីរបស់ជនរងគ្រោះចេញពីស្មា។បន្ទាប់មកក៏ឃើញម្ចាស់ឈូកដើរមកមើល ឈ្មោះញឹម ផាន្នី បានសួររកទូរស័ព្ទដើម្បីទូរស័ព្ទប្រាប់សាច់ញាតិជនរងគ្រោះ ម្ចាស់ឈូកបានដើរត្រឡប់ទៅរោងចាំឈូកវិញ ឈ្មោះញឹម ផាន្នី ក៏បានមកភូមិដើម្បីប្រាប់សាច់ញាតិជនរងគ្រោះ។

តាមការពិនិត្យសាកសពសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះ បានដើរជាន់ខ្សែលួសឆក់កណ្ដុរបណ្ដាលឱ្យឆក់ស្លាប់។ក្រោយការពិនិត្យបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ដោយ ភារុន (យុទ្ធ)