ស្នងការខេត្តសៀមរាប សរសេរលិខិតសុំទោស សម្តេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍ នេត សាវឿន

(សៀមរាប)៖ លោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្ហោះសារ សុំទោស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស ជុំវិញករណីដែល លោកបានប្រើប្រាស់កំលាំងប្រជាការពារ(ដោយអោយពាក់ឯកសណ្ឋាននគរបាលជាតិ) ធ្វើអោយមានការប៉ះពាល់ និងភន្ត័ច្រឡំ មកលើកងកំលាំងនគរបាលជាតិ ។ នេះបើយោងតាមផេកផ្លូវការរបស់ខេត្ត សៀមរាបបង្ហោះនៅថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០២០ ។

ក្នុងលិខិតសុំទោសជាចំហរ  ដែលបង្ហោះតាមបណ្តាញសង្គម  បានបញ្ជាក់ថា «ខ្ញុំបាទ ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប   ជាបឋម ខ្ញុំបាទសូមគោរពសុំទោសចំពោះ    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ   និងប្រជាពលរដ្ឋទូទាំងប្រទេស ករណីដែលខ្ញុំបាទបានប្រើប្រាស់កំលាំងប្រជាការពារ(ដោយអោយពាក់ឯកសណ្ឋាននគរបាលជាតិ) ចុះប្រតិបត្តិការការងាររៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី23 ខែ06 ឆ្នាំ2020 ធ្វើអោយមានការប៉ះពាល់ និងភន្ត័ច្រឡំ មកលើកងកំលាំងនគរបាលជាតិ ខ្ញុំបាទគោរពជម្រាបជូនថាបច្ចុប្បន្ននេះ ខ្ញុំបាទបានអោយមន្ត្រីជំនាញហៅបុគ្គលនេះមកអប់រំណែនាំរួចរាល់ហើយ »។

គួររំលឹកថា ការបង្ហោះសារសុំទោស របស់ លោកស្នងការនគរបាលខេត្តសៀមរាបបានធ្វើឡើង ក្រោយពីបែកធ្លាយ វិដេអូ ឃ្លឹបមួយ បានបង្ហោះនិង ចោទប្រកាន់ថា កម្លាំងសមត្ថកិច្ចនគរបាល យកសោរចាក់កង់ឡានរបស់ភ្ញៀវចូលទៅចាក់សាំងនៅការ៉ាស ដែលគេចវេសមិនចូលបេន ធ្វើឲ្យមហាជនរិះគន់ ទៅលើ សមត្ថកិច្ចនគរបាល ខេត្ត ។ តែតាមពិត គឺជាកំលាំងប្រជាកាពារ ដែល ស្លៀកពាក់ឯកសណ្ឋាន ដូចនគរបាលជាតិ មិនមែនជានគរបាលនោះទេ ។ នេះបើយោងតាមការបំភ្លឺពី លោកឧត្តមសេនីយ៍ត្រី ស៊ន់ ចំណាន ស្នងការរងទទួលផែនសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ៕ ដោយ៖ យុទ្ធ