សម្ដេចតេជោ បញ្ជាក់ថាការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ មិនមែនមានជាអចិន្រៃ្តយ៍នោះទេ

(ភ្នំពេញ)៖​ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩» នាព្រឹកថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា  កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ មិនមែនជាកម្មវិធីដែលមានលក្ខណៈអចិន្រៃ្តយ៍នោះទេ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលរៀបចំកម្មវិធីនេះឡើង សម្រាប់ផ្តល់ជំនួយសង្គម នៅក្នុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩ ដោយការបើកផ្តល់នឹងត្រូវបានធ្វើឡើងក្នុងរយៈពេល ២ ខែម្តង ដែលជុំទី ១ គឺនឹងត្រូវបានធ្វើឡើងសម្រាប់ខែមិថុនា មួយលើក និងខែកក្កដា មួយលើក ។

សម្តេចតេជោបានបន្តថា រាជរដ្ឋាភិបាលនឹងបន្តតាមដាន និង ធ្វើការវាយតម្លៃអំពីសភាពការណ៍ និងផលប៉ះពាល់ជាក់ស្តែងពីជំងឺ    កូវីដ-១៩ នេះ តទៅទៀត។ ប្រសិនបើសភាពការណ៍និងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយ និងមិនមានភាពល្អប្រសើរ កម្មវិធីជំនួយសង្គមនេះនឹងត្រូវបានអនុវត្តន៍ក្នុងជុំថ្មីសម្រាប់រយៈពេល២ ខែទៀតជាបន្តបន្ទាប់។ តែបើផលប៉ះពាល់ពីជំងឺកូវីដ-១៩មានភាពធូរស្បើយ រាជរដ្ឋាភិបាលនឹងបញ្ឈប់នូវកម្មវិធីជំនួយសង្គមមួយនេះ ហើយបង្វែរថវិកាទៅវិនិយោគលើកិច្ចការចាំបាច់នានា ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនរួមវិញ។

សម្ដេចតេជោលើកឡើងថា ក្នុងគោលដៅជួយដល់ស្រទាប់ប្រជាពលរដ្ឋក្រីក្រ និង ងាយរងគ្រោះ ដែលរងផល់ប៉ះពាល់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាលបានសម្រេចបង្កើត និងដាក់ឱ្យដំណើរការនូវកម្មវិធីជំនួយ សង្គមថ្មីមួយដែលជាកម្មវិធី ជំនួយសង្គមពិសេស សំដៅជួយដល់ជនក្រីក្រដែលមានប័ណ្ណសមធម៌ (ក្រ-១ និងក្រ-២) នោះគឺ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩» ។ គោលបំណងធំរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវកម្មវិធីនេះ គឺជួយសម្រួលដល់ជីវភាព របស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងទទួលរងផល ប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយរួមបញ្ចូលផងដែរ នូវអ្នកបាត់បង់ការងារ ឬអ្នកបាត់បង់ចំណូល ដែលត្រូវធ្លាក់ខ្លួនចុះទៅក្នុងភាពទីទាល់ក្រីក្រឡើងវិញ ។

សម្ដេចតេជោគូសបញ្ជាក់ថា កម្មវិធីផ្តល់ ប្រាក់ឧបត្ថម្ភជូនដល់គ្រួសារក្រីក្រនេះ គឺត្រូវបានរៀបចំឡើងក្នុងគោលដៅជួយសម្រួលដោះស្រាយការលំបាករបស់ប្រជាជន ក្នុងរយៈពេលដែលបងប្អូនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ប៉ុន្តែយើងក៏ត្រូវតែចៀសវាងឱ្យបានផងដែរនូវការបង្កើតឡើងនូវទម្លាប់រស់នៅដោយពឹងផ្អែកទាំងស្រុង ទៅលើប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាល។ ការដាក់ចេញនូវកម្មវិធី នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបើ«ហ៊ាននិយាយ គឺហ៊ានធ្វើ» ហើយធ្វើដោយហ្មត់ចត់  ច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត។

តាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារក្រីក្រ ដែលការឧបត្ថម្ភនឹងត្រូវបានផ្តល់ជូននៅតាមទីកន្លែង ដែលបងប្អូនប្រជាពលរដ្ឋរស់នៅ ទៅតាមកម្រិតនៃប័ណ្ណសមធម៌នីមួយៗ ទៅតាមភាពងាយរងគ្រោះ និងទៅតាមតំបន់។ ការរៀបចំបែបនេះ គឺត្រូវបានធ្វើឡើងឱ្យស្របតាមគោលការណ៍សមធម៌ និងដើម្បីឆ្លើយតបទៅនឹងភាពខុសគ្នានៃថ្លៃទំនិញរវាងតំបន់នីមួយៗផងដែរ។ ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបានបើកផ្តល់នៅក្នុងសប្តាហ៍ទី ៤ នៃខែនីមួយៗ តាមរយៈធនាគារឯកទេសវីង ដែលមានបណ្តាញភ្នាក់ងារនៅទូទាំងប្រទេស។

បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី   រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា បច្ចុប្បន្ន គ្រួសារដែលមានប័ណ្ណសមធម៌ (ទាំងក្រ-១ និងក្រ-២) មានប្រមាណជាង ៥៦ ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជាង ១០០ ប៊ីលានរៀល (ឬប្រមាណ ២៥ លានដុល្លារអាម៉េរិក) ក្នុងមួយខែៗសម្រាប់ការបើកផ្តល់នេះ៕ ដោយ៖ Micheal