សន្លឹកឆ្នោតជាង២២លានសន្លឹក ត្រូវបានបំផ្លាញចោល ដើម្បីបង្ហាញពីតម្លាភាព និងសុចរិតភាពក្នុងការគ្រប់គ្រងរបស់គ.ជ.ប

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំពិធីបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់រួចក្នុងការបោះឆ្នោតឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៧ និងឯកសារចាស់ៗមួយចំនួន ហើយពិធីនេះប្រព្រឹត្តទៅនៅនៅរោងពុម្ពរបស់គ.ជ.ប ដែលមានទីតាំងផ្ទះលេខ៩ ផ្លូវ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នុត សុខុម អនុប្រធាន គ.ជ.ប ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធសរុបប្រមាណ១៥០នាក់។ បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការរៀបចំបំផ្លាញសន្លឹកឆ្នោតចាស់ៗនេះធ្វើឡើងដោយអនុលោមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានសមត្ថកិច្ចសិទ្ធិអំណាច និងមានភារកិច្ចរៀបចំគណៈកម្មការ ដើម្បីបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រតាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះ រយៈពេល៦ឆ្នាំ និងសន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ តាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះរយៈពេល៣ឆ្នាំ ចាប់ពីថ្ងៃបោះឆ្នោតតាមអាណត្តិនីមួយៗ។

លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងនៅក្នុងពិធីនោះថា អនុលោមតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប មានសមត្ថកិច្ចរៀបចំការបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពតាមការកំណត់នៃច្បាប់ និងភាពចាំបាច់ នៃតម្រូវការប្រើប្រាស់ទីតាំងរបស់ឃ្លាំងគ.ជ.ប។ លោកបញ្ជាក់ថា ការបំផ្លាញសន្លឹកឆ្នោតបានអនុវត្ត៣លើករួចមកហើយ ពេលនេះជាលើកទី៤ ហើយសន្លឹកឆ្នោតដែលត្រូវបំផ្លាញសរុបមាន២២ ០០១ ០៥០ សន្លឹក។ ការបំផ្លាញនេះ នឹងធ្វើតាមវិធីសាស្រ្តកាត់ចិញ្ច្រាំ ដែលវិធីនេះ ជាជម្រើសដ៏ល្អប្រសើរជាង វិធីដុតកំទេច ដែលមិនបង្កអោយប៉ះពាល់ដល់បរិស្ថាន។

បើតាមលោក នុត សុខុម ការរៀបចំពិធីនេះឡើង គឺក្នុងគោលបំណង ដើម្បីបង្ហាញជូនភាគីពាក់ព័ន្ធ ពិសេសតំណាងគណបក្សនយោបាយ ដែលចូលរួមនៅក្នុងការបោះឆ្នោត និងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិអំពីតម្លាភាព និងសុចរិតភាពរបស់ គ.ជ.ប ក្នុងការគ្រប់គ្រង ការរក្សាទុកសម្ភារៈ ឯកសារបោះឆ្នោត ពិសេសសន្លឹកឆ្នោត ដែលបានប្រើប្រាស់កន្លងមក និងដើម្បីបញ្ជាក់ថា ការបំផ្លាញសន្លឹកឆ្នោតចោលនៅពេលនេះ ប្រកបដោយគណនេយ្យភាព និងស្របតាមស្មារតីច្បាប់កំណត់។

តាមរបាយការណ៍របស់លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា ការបំផ្លាញសន្លឹកឆ្នោតលើកទី១, បានធ្វើឡើងនៅថ្ងៃទីនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៥ ដែលការបំផ្លាញពេលនោះ ធ្វើឡើងដោយដុតបំផ្លាញចោល។ លើកទី២, ធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៩ ការបំផ្លាញពេលនោះធ្វើឡើងដោយកាត់សន្លឹកឆ្នោត។ លើកទី៣ ធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ ដែលវិធីបំផ្លាញនាពេលនោះ គឺធ្វើឡើងតាមរយៈការកាត់បំផ្លាញចោលដូចគ្នា។

លោក ទេព នីថា បញ្ជាក់ថា សន្លឹកឆ្នោតដែលត្រូវបំផ្លាញចោលលើកទី៤នេះ ជាសន្លឹកឆ្នោតដែលបានប្រើប្រាស់នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣,សន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៤ ឆ្នាំ២០១៧, សន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ឆ្នាំ២០១២, សន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០១៤។

សូមបញ្ជាក់ថា ការបំផ្លាញសន្លឹកឆ្នោតនេះ ប្រើប្រាស់រយៈពេលមួយសប្តាហ៍ ហើយក្នុងដំណើរការនៃការបំផ្លាញនេះ គ.ជ.ប ចាត់តាំងមន្ត្រីឲ្យតាមដានត្រួតពិនិត្យជាប្រចាំ ហើយតំណាងគណបក្សនយោបាយ ក៏ដូចជាអ្នកសង្កេតការណ៍ អ្នកយកព័ត៌មាន ក៏អាចចូលរួមតាមដានសង្កេតមើលបានផងដែរ៕ ដោយ៖ ភក្តី(Micheal)