រាជធានីភ្នំពេញ មានដើមឈើជាង ៥ម៉ឺនដើម ខណៈដើមឈើធំៗដែលមានអាយុកាលចាប់ពី១០០ឆ្នាំឡើង គឺមានជាង៤០ភាគរយ

(ភ្នំពេញ) លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា នៅពេលបច្ចុប្បន្ននេះ នៅទូទាំងរាជធានីដែលមានផ្ទៃក្រឡា ៦៩២,គីឡូម៉ែត្រក្រឡា មានដើមឈើប្រមាណជាជាង ៥ម៉ឺនដើម នៅលើផ្លូវ២៦ខ្សែ ក្នុងនោះដើមឈើធំៗដែលមានអាយុកាលចាប់ពី១០០ឆ្នាំឡើងគឺមានរហូតដល់ទៅជាង៤០ភាគរយ

លោក បានលើកឡើងថា ដើមឈើទាំងអស់នេះ គេសង្កេតឃើញមាននៅលើផ្លូវលេខ១៧៤ ផ្លូវ១៥៨ផ្លូវ៨១ ផ្លូវ១២៦ ផ្លូវលេខ៧០ និងតំបន់ជុំវិញមន្ទីរពេទ្យគន្ធបុប្ជា ផ្លូវត្រសក់ផ្អែម មហាវិថីព្រះសីហនុ មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តមមហាវិថីកម្ពុជាក្រោម រុក្ខវិថីក្រមួនស និងមហាវិថីម៉ៅសេទុង ជាដើម

នៅរាជធានីភ្នំពេញបច្ចុប្បន្ននេះ ដើមឈើដែលត្រូវបានដាំ និងថែរក្សានៅតាមដងផ្លូវ មានច្រើនប្រភេទដូចជា ដើមគ្រាប់បែប គគីរ ផ្កាចំប៉ី ត្របែកព្រៃ ក្ងោក លឿងរាជ អំពិល។ល។

ចំណែកនៅតាមរមណីយដ្ឋានបៃតងមួយចំនួនទៀតដូចជានៅរមណីយដ្ឋានវត្តភ្នំ ដែលទីនោះមានដើមឈើជាច្រើន ប្រភេទ នៅសួនរង្វង់មូលជ្រោយចង្វា ខណៈដែលដើមគគីរនៅទីនោះកំពុងតែធំធាត់ ផ្តល់ម្លប់ត្រឈឹងត្រឈៃ និងមានសួនបៃតងជីវចម្រុះសាធារណៈមួយចំនួនទៀតដែលអាជ្ញាធរមូលដ្ឋាន នៅជាយរាជធានីសកំពុងតែរៀបចំ

បន្ថែមលើសពីនេះ ដើម្បីប្រែក្លាយរាជធានីឱ្យទៅជាកន្លែងដែលពោរពេញទៅដោយទេសភាពបៃតងរដ្ឋបាលរាជធានីភ្នំពេញក៏កំពុងតែយកចិត្តទុកដាក់ជំរុញឱ្យអាជ្ញាធរខណ្ឌនៅជាយរាជធានីបន្តពង្រីកទេសភាពបៃតងតាមរយៈការលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្តដាំដើមឈើជាច្រើនប្រភេទបន្តទៀត ប្រភព AKP (សម្រួល៖ យុទ្ធ)