ចិន និង​ឥណ្ឌា​ឯកភាព​គ្នា​ កាត់​បន្ថយ​ភាព​តានតឹង​នៅ​ព្រំដែន ក្រោយ​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​

(អន្តរជាតិ)៖ ប្រទេស​ចិន និង​ឥណ្ឌា​បាន​ឯកភាព​គ្នា ​កាត់​បន្ថយ​ភាព​តានតឹង ក្នុង​ពេល​មួយ​សប្ដាហ៍​ក្រោយ​មក បន្ទាប់ពីមានការ​​ប្រយុទ្ធ​គ្នា ​នៅ​ព្រំដែន​ក្នុង​តំបន់​ជួរ​ភ្នំ​ហិមាល័យ ដែល​ធ្វើ​ឲ្យ​ទាហាន​ឥណ្ឌា ២០ នាក់​ បាន​ស្លាប់ ការ​វាយ​ប្រយុទ្ធ​គ្នា​ កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា ជាការ​ប្រយុទ្ធ​ដោយ​ដៃ ដំបង និង​ដុំ​ថ្ម គឺ​ជា​លើក​ដំបូង​ហើយ​ ដែល​ទាហាន​ត្រូវ​បាន​សម្លាប់​នៅ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ចាប់​តាំង​ពី​ឆ្នាំ ១៩៧៥ មកនិង​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​យ៉ាងធ្ងន់ធ្ងរ​ នៃ​ទំនាក់ទំនង​រវាង​មហាយក្ស​អាស៊ី​ទាំង​ពីរ

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijianបាន​និយាយ​ថា បន្ទាប់ពី​មាន​ការ​ពិភាក្សា​រវាង​មេបញ្ជាការ​យោធា​កំពូល​ថ្នាក់​តំបន់​នៃ​ប្រទេស​ទាំង​ពីរ ​កាល​ពី​ថ្ងៃ​ច័ន្ទ​​មក ភាគី​ទាំង​ពីរ «បាន​ឯកភាព​គ្នា ​ចាត់​វិធានការ​ចាំបាច់​ដើម្បី​កាត់បន្ថយ​ភាព​តានតឹងតាមព្រំដែន» គេ​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​ឥណ្ឌា ​បញ្ចេញ​មតិ​ផ្លូវការ​ណា​មួយ​នៅ​ឡើយ​ទេប៉ុន្តែ​មន្ត្រី​យោធា​ឥណ្ឌា​មួយ​រូប​ បាន​បញ្ជាក់​ថា បន្ទាប់ពី​ការ​ប្រជុំ​នោះ​មក គឺ​មាន​ការ «ឯកភាព​គ្នា​ជា​រួមឲ្យមាន​ការ​ដកថយរៀងៗខ្លួន»

ជម្លោះ​កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា បាន​កើត​ឡើង​នៅ​ជុំវិញ​តំបន់​ជ្រលង​ភ្នំ Galwan ដែល​មាន​កម្ពស់​ប្រហែល ៤៥០០​ម៉ែត្រ ​ពី​នីវ៉ូ​ទឹក​សមុទ្រ ដែល​នៅ​ក្នុង​តំបន់​នោះភាគី​ទាំង​ពីរ​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា ​បាន​ឈ្លានពាន​ចូល​ដែនដី​រៀងៗ​ខ្លួន  ប្រែសម្រួល ៖ សារិទ្ធិ (យុទ្ធ)