លោក ត្រាំ គំរាមប្រើកម្លាំងប្រឆាំងក្រុមបាតុករ នៅរដ្ឋធានីវ៉ាស៊ីនតោន

(អន្តរជាតិ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការព្រមានខ្លាំងកាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ទៅកាន់ក្រុមបាតុករនៅទីក្រុងវ៉ាស៊ីនតោន ដោយប្តេជ្ញាថា នឹងប្រើកម្លាំង ប្រសិនបើពួកគេព្យាយាមបង្កើត “តំបន់ស្វយ័ត” ដែលគ្មានប៉ូលិសនៅក្នុងរដ្ឋធានីអាមេរិកនេះ

លោក ត្រាំ ក៏បានគំរាមដាក់ពន្ធនាគារ ចំពោះ “អ្នកអនាធិបតេយ្យនិយម” ដែលបំផ្លាញវិមានជាតិ អំឡុងពេលរលកបាតុកម្មទូទាំងប្រទេស លោក ត្រាំ បានសរសេរក្នុងធ្វីតធឺនៅព្រឹកថ្ងៃអង្គារថា “ខ្ញុំបានអនុញ្ញាតឱ្យរដ្ឋាភិបាលសហព័ន្ធ ចាប់ខ្លួនអ្នកដែលបំផ្លាញវិមាន និងរូបសំណាក ទ្រព្យសម្បត្តិសហព័ន្ធផ្សេងទៀតនៅសហរដ្ឋអាមេរិក ដោយដាក់ឲ្យជាប់ពន្ធនាគារ រហូតដល់ ១០ឆ្នាំ” ។

លោកបានបន្តថា មិនអាចមានតំបន់ស្វយ័តមួយ នៅក្នុងទីក្រុងវ៉ាស៊ីនតោនទេ ដរាបណាខ្ញុំជាប្រធានាធិបតី ប្រសិនបើពួកគេព្យាយាមពួកគេនឹងបានជួបជាមួយកម្លាំងធំមួយ” ។ ក្រុមអ្នកតវ៉ានៅកណ្តាលទីក្រុង Seattle បានបង្កើត “តំបន់ស្វយ័តមួយ” កាលពីពីរសប្តាហ៍មុន ដែលបង្កឱ្យមានកំហឹងក្នុងចំណោមអ្នកអភិរក្ស

ការគំរាមកំហែងបានកើតឡើងមួយថ្ងៃ បន្ទាប់ពីប៉ូលសបានប្រើកាំភ្លើងបាញ់ម្រេច ដើម្បីបំបែកក្រុមបាតុករដែលបានព្យាយាមផ្តួលរំលំរូបសំណាករបស់អតីតប្រធានាធិបតីមួយរូប នៅក្នុងឧទ្យានមួយ នៅជាប់នឹងសេតវិមាន ក្រុមអ្នកតវ៉ាបានប៉ុនប៉ងទាញទម្លាក់រូបសំណាកលោក Andrew Jackson ដែលជាប្រធានាធិបតី ពីឆ្នាំ១៨២៩ ដល់ឆ្នាំ១៨៣៧ ។

រូបសំណាកនេះត្រូវបានកំណត់គោលដៅ សម្រាប់ប្រវត្តិសាស្រ្តរបស់លោក Jackson ដែលជាម្ចាស់ទាសករ និងគោលនយោបាយដ៏ឃោរឃៅរបស់គាត់ ចំពោះជនជាតិដើមអាមេរិក ចាប់ផ្តើមនៅឆ្នាំ១៨៣០ គាត់បានបង្ខំឲ្យមានការផ្លាស់ទីលំនៅរបស់ជនជាតិដើមអាមេរិក រាប់ម៉ឺននាក់ ពីភាគអាគ្នេយ៍នៅទូទាំងប្រទេស ជាអ្វីដែលគេហៅថា «ទឹកភ្នែក Trail of Tears» ប៉ូលិសបានបង្ខំឲ្យក្រុមបាតុករចាកចេញដោយប្រើដំបង និងបាញ់ម្រេច បន្ទាប់ពីវិមាននេះត្រូវបានគេលាបថ្នាំពណ៌យ៉ាងច្រើនជាមួយពាក្យស្លោក លោក ត្រាំ បានចាកចេញពីទីក្រុងវ៉ាស៊ីនតោន កាលពីព្រឹកថ្ងៃអង្គារ ក្នុងដំណើរទៅកាន់រដ្ឋArizona ដើម្បីថ្លែងទៅកាន់អ្នកគាំទ្រ

លោកបានមានប្រសាសន៍ថា“យើងកំពុងពិនិត្យមើលការជាប់ពន្ធនាគាររយៈពេលវែង” សម្រាប់អ្នកដែលបំផ្លាញវិមានសហព័ន្ធ ។ អ្នកទាំងនេះមិនមែនជាអ្នកតវ៉ាទេ គឺជាពួកអនាធិបតេយ្យ ៕ ប្រែសម្រួល ៖ សារិទ្ធិ (យុទ្ធ)