ចិន​គំរាម​​ឆ្លើយតបទៅសហរដ្ឋ​អាមេរិកវិញ រឿង​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ

(អន្តរជាតិ)៖ កាលពី​ថ្ងៃ​អង្គារ ប្រទេស​ចិន​បាន​គំរាម​ចាត់ «វិធានការ​សមស្រប» មួយបន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​ចំនួន ៤ ទៀត នៅ​ក្នុង​សហរដ្ឋ​អាមេរិក

រដ្ឋាភិបាល​ចិន​បាន​ជំទាស់​ទៅ​នឹង​វិធានការ​​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ថា ​ជា «ការ​គាប​សង្កត់​បែប​នយោបាយ ​ដោយ​មិន​ចេះ​អៀនខ្មាស​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន» ដែល «បង្ហាញ​ឲ្យ​ឃើញ​បន្ថែម​ទៀត ​នូវ​ការ​លាក់ពុត​អំពី​អ្វី​ដែល​អះអាង​ថា ​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន ដែល​សហរដ្ឋ​អាមេរិក​ចង់​សម្ញែង​នោះ»

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន លោក Zhao Lijian បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​ថា៖«រដ្ឋាភិបាល​ចិន​ជំរុញ​​ឲ្យ​សហរដ្ឋ​អាមេរិក​ បោះបង់ចោល​នូវ​គំនិត​បែប​សង្គ្រាម​ត្រជាក់ និង​ការ​លម្អៀង​បែប​មនោគមវិជ្ជា​នេះ បើ​មិន​ដូច្នេះ​ទេប្រទេស​ចិន​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​ចាត់​វិធានការ​ ឆ្លើយតប​ដ៏​សមស្រប​នោះ​ទេ»

ជម្លោះដែល​រីករាលដាល​ទាក់ទិន​នឹង​បញ្ហា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ បាន​បន្ថែម​ទៅលើ​ភាព​តានតឹងដែលមានស្រាប់ រវាង​មហា​អំណាច​ទាំង​ពីរ ដោយ​ចិន​បាន​បណ្ដេញ​អ្នក​កាសែត​អាមេរិក ១២ នាក់ ចេញ​ពី​ប្រទេសចិន​នៅ​ក្នុង​ឆ្នាំ​នេះ កាល​ពី​ថ្ងៃ​ចន្ទ ក្រសួង​ការបរទេស​អាមេរិក​បាន​រិះគន់​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន ៤ របស់​ចិន ដែលក្នុង​នោះមាន​ទូរទស្សន៍ CCTV ទីភ្នាក់ងារ​ព័ត៌មាន China News Service កាសែត People’s Daily និង​កាសែត Global Times ថា ​ជា​បេសកកម្ម​របស់​បរទេស និង​ជា «ប្រព័ន្ធ​​ឃោសនា» នេះ ​គឺ​ជា​ការ​បន្ថែម​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយចិន ៥ ផ្សេង​ទៀត កាល​ពី​ខែ​កុម្ភៈ

កាល​ពី​ខែ​មីនា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​តបត​វិញ ដោយ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​នូវ​ពលរដ្ឋ​អាមេរិ ដែល​ធ្វើ​ការ​ឲ្យ​កាសែតធំ ៣ របស់​សហរដ្ឋ​អាមេរិក ក្នុង​នោះ ​គឺ​កាសែត The New York Times កាសែត The Wall Street Journal និង​កាសែត The Washington Post  ប្រែសម្រួល ៖ សារិទ្ធិ (យុទ្ធ)