កូរ៉េខាងជើងផ្អាកផែនការសកម្មភាពយោធា ប្រឆាំងនឹងកូរ៉េខាងត្បូង

(អន្តរជាតិ) ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការ បានរាយការណ៍នៅថ្ងៃពុធ ទី២៤ ខែមិថុនានេះថាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើជាប្រធានកិច្ចប្រជុំ នៃគណៈកម្មាធិការយោធាកណ្តាលរបស់គណបក្សកាន់អំណាច និងបានសម្រេចចិត្តផ្អាកផែនការសកម្មភាពយោធា ប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង

KCNA បានរាយការណ៍ថា កិច្ចប្រជុំនេះក៏បានពិភាក្សាអំពីឯកសារ ដែលបង្ហាញពីវិធានការណ៍សម្រាប់ជំរុញបន្ថែមទៀតនូវការទប់ស្កាត់សង្គ្រាមរបស់ប្រទេស ភាពតានតឹងផ្នែកនយោបាយរវាងកូរ៉េទាំងពីរកំពុងកើនឡើង បន្ទាប់ពីក្រុមនានានៅភាគខាងត្បូង បង្ហោះខិត្តប័ណ្ណឃោសនាទៅខាងជើង ដែលក្រុងព្យុងយ៉ាងអះអាងថា រំលោភលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដែលមានគោលបំណងរារាំងការប្រឈមមុខផ្នែកយោធា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ កូរ៉េខាងជើងបានបំផ្ទុះចោលការិយាល័យទំនាក់ទំនងរួមគ្នាមួយ នៅតាមព្រំដែនរបស់ខ្លួន ដោយបានប្រកាសបញ្ចប់ការពិភាក្សាជាមួយខាងត្បូង និងបានគំរាមសកម្មភាពយោធា

ប្អូនស្រីរបស់លោក គីម គឺលោកស្រី គីម យ៉ូជុង បានព្រមានកាលពីសប្តាហ៍មុន នូវវិធានការសងសឹកប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង ដែលអាចពាក់ព័ន្ធនឹងយោធា ដោយមិនបានបញ្ជាក់លម្អិត

អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េ ក្រោយមកបាននិយាយថា ខ្លួនបាននិងកំពុងសិក្សាផែនការសកម្មភាពមួយ នៅតំបន់គ្មានយោធា នៅក្រោមកតិកាសញ្ញាអន្តរកូរ៉េ និងបង្វែរជួរមុខនោះទៅជាបន្ទាយមួយ

ប្រភពយោធាបានប្រាប់រ៉យទ័រ នៅថ្ងៃអង្គារនេះថា យោធារបស់កូរ៉េខាងជើង ត្រូវបានគេឃើញដាក់ឧបករណ៍បំពងសំឡេង នៅក្បែរតំបន់គ្មានយោធា (DMZ) ប្រព័ន្ធឃោសនាបែបនេះត្រូវបានដកហូតបន្ទាប់ពីកូរ៉េទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ នៅឆ្នាំ ២០១៨ ដើម្បីបញ្ឈប់រាល់សកម្មភាពអរិភាព ប្រែសម្រួល សារិទ្ធិ (យុទ្ធ)