ចិនព្រមានអំពីហានិភ័យនៃឧប្បត្តិហេតុនាវាចរណ៍ ជាមួយអាមេរិក នៅអាស៊ីប៉ាស៊ីហ្វិក

(អន្តរជាតិ)៖ មន្ត្រីជាន់ខ្ពស់ចិន បាននិយាយកាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនាថា យោធាសហរដ្ឋអាមេរិកកំពុងដាក់ពង្រាយនាវាមួយចំនួន “មិនធ្លាប់មានពីមុនមក” ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងធ្វើឲ្យកើនឡើងហានិភ័យនៃឧប្បត្តិហេតុ ជាមួយកងនាវាចរចិន ។

ភាពតានតឹងរវាងប្រទេសមហាអំណាចទាំងពីរ បានកើនឡើងយ៉ាងខ្លាំងនៅរណសិរ្សជាច្រើន ចាប់តាំងពីប្រធានាធិបតីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងឆ្នាំ ២០១៧ ដោយប្រទេសទាំងពីរបានបញ្ចេញសាច់ដុំការទូត និងយោធាដាក់គ្នាទៅវិញទៅមក ។ ប្រតិបត្តិការ “សេរីភាពនាវាចរណ៍” ជាប្រចាំរបស់សហរដ្ឋអាមេរិក នៅសមុទ្រចិនខាងត្បូង ដែលចិន និងប្រទេសជិតខាងចិន បានតវ៉ាទាមទារកម្មសិទ្ធិ បានបង្កើតកំហឹងដល់ទីក្រុងប៉េកាំង ហើយកងនាវាចរចិនតែងតែព្រមាននាវាអាមេរិក ។ ទីក្រុងប៉េកាំងបានធ្វើឱ្យមានការខឹងសម្បារដល់ប្រជាជាតិដទៃ តាមរយៈការកសាងកោះសិប្បនិម្មិត ជាមួយនឹងការដំឡើងផ្នែកយោធានៅផ្នែកខ្លះនៃសមុទ្រ ។

លោក Wu Shicun ប្រធានវិទ្យាស្ថានជាតិសិក្សាសមុទ្រចិនខាងត្បូង បានមានប្រសាសន៍ថា “ការដាក់ពង្រាយយោធារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺមិនធ្លាប់មានពីមុនមក” ។ លោក Wu បាននិយាយថា “លទ្ធភាពនៃឧប្បត្តិហេតុយោធា ឬ ការបាញ់ដោយចៃដន្យកំពុងតែកើនឡើង” ។ របាយការណ៍បាននិយាយថា សហរដ្ឋអាមេរិកបានពង្រាយទាហានចំនួន ៣៧៥.០០០ នាក់ និង ៦០ ភាគរយនៃនាវាចម្បាំងរបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។ នាវាដឹកយន្តហោះអាមេរិក ៣ គ្រឿង ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ។

លោក Wu បាននិយាយថា ក្នុងអំឡុងពេលនៃការកាន់តំណែង ៨ ឆ្នាំ របស់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការនាវាចរចំនួន ៤លើក ប៉ុន្តែនៅក្រោមការគ្រប់គ្រងរបស់លោក ត្រាំ វិញ ប្រតិបត្តិការនាវាចូលតំបន់អាស៊ីប៉ាស៊ីហ្វិក មានចំនួន ២២លើកហើយ ។ សេចក្តីថ្លែងការណ៍និយាយថា ការប្រជុំយោធាកម្រិតខ្ពស់ គួរតែចាប់ផ្តើមឡើងវិញតាមខ្សែទូរស័ព្ទដោយផ្ទាល់ ហើយគួរតែបើកសមយុទ្ធកងទ័ពជើងទឹករួមគ្នា ។

របាយការណ៍និយាយថា ប្រទេសចិនមិនចាត់ទុកសហរដ្ឋអាមេរិក ជាគូប្រជែងដ៏មានសក្តានុពល ឬ “មិនមើលឃើញថា នឹងមានសង្គ្រាមត្រជាក់ថ្មីជាមួយអាមេរិកនោះទេ” ។ ឯកសារព្រមានថា “ទំនាក់ទំនងយោធាកាន់តែយ៉ាប់យ៉ឺននឹងបង្កើនលទ្ធភាពនៃឧប្បត្តិហេតុ ប្រកបដោយគ្រោះថ្នាក់ ជម្លោះ ឬ សូម្បីតែវិបត្តិ” ។ “ប្រសិនបើវិបត្ដិមួយផ្ទុះឡើងនោះ លទ្ធផលនៃទំនាក់ទំនងទ្វេភាគីនឹងក្លាយជាគ្រោះមហន្តរាយ” ៕ ប្រែសម្រួល៖ សារិទ្ធ (យុទ្ធ)