តៃកុងឡានដឹកកម្មករម្នាក់ស្លាប់ និងកម្មករជាង១០រងបួស ក្នុងករណីគ្រោះចរាចរណ៍ នៅស្រុកកៀនស្វាយ

(កណ្ដាល)៖ កម្មការនី ចំនួន១៣នាក់ បានរងរបួសធ្ងន់ស្រាល រីឯបុរសម្នាក់ជាតៃកុងឡានដឹកដីបានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយរវាងឡានដឹកដី ជាមួយឡានដឹកកម្មករ ដែលគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ១៨ និង២០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ផ្លូវជាតិលេខ១ ស្ថិតនៅភូមិ ពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើោងតាមស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានផ្ដល់ព័ត៌មានបឋមថា ហេតុការណ៍នេះ បង្កឡើងដោយរថយន្តដឹកដីបើកលឿនជ្រុលមកបុកចំឡានដឹកកម្មករ-កម្មការនី ដែលបើកបញ្រ្ចាស់ទិសយ៉ាងពេញទំហឹងតែម្ដង ដែលបណ្ដាលឱ្យឡានក្រឡាប់ចាក់កម្មករ-កម្មការនីចោលពេញថ្នល់ រីឯតៃកុងឡានដឹកដីវិញ គៀបជាប់នឹងកាប៊ីនឡានបណ្ដាលឱ្យស្លាប់ភ្លាមៗផងដែរ ។

ប្រភពបន្តថា ក្រោយកើតហេតុភ្លាមៗ នគរបាលបានចុះដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ហៅរថយន្តសង្រ្គោះមកជួយកម្មករ-កម្មការិនីទាំងអស់ទៅព្យាបាលភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ។

រីឯរថយន្តត្រូវបានសម្របសម្រួលយកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំដោះស្រាយតាមច្បាប់៕ ដោយ៖ Michea