បុរសឈ្មោះ យ៉ុន វិបុល ដែលបានសរសេរផុសលើហ្វេសបុកជេរប្រមាថអាយុជីវិតសមត្ថកិច្ច បានចូលខ្លួនសុំទោសជាសាធារណ:

(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ ចំពោះបុរសម្នាក់ឈ្មោះ យ៉ុន វិបុល ដែលប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Vibol Napat បានផុសបានជេរប្រមាថនិងមើលងាយដល់អាយុជីវិតសមត្ថកិច្ច ដែលបានធ្វេីការផាកពិន័យគាត់កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លើករណីបើកបរមិនពាក់មួកសុវត្ថិភាព នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ។

នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការសហការណ៍ជាមួយការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ បានធ្វេីការកោះហៅបុរសម្នាក់ដែលមានឈ្មោះ យ៉ុន វិបុល ដែលបានបង្ហោះលេីហ្វេសបុករបស់ខ្លួន ដោយប្រមាទមេីលងាយមកលេីអាយុជីវិតរបស់សមត្ថកិច្ច ស្របពេលដែលសមត្ថកិច្ចបានចាត់វិធានការណ៍តាមច្បាប់ដោយធ្វើការផាកពិន័យគាត់លើករណីបើកបរដោយមិនពាក់មួកសុវត្ថិភាព ។

ជនឈ្មោះ យ៉ុន វិបុល បានទទួលកំហុស ធ្វើកិច្ចសន្យា និងបានថតជាវីដេអូដើម្បីសុំទោសជាសារណ:នៅទង្វើដែលគាត់បានជេរប្រមាថមកលើអាយុជីវិតរបស់សមត្ថកិច្ច ៕ ដោយ៖ យុទ្ធ