អស្ចារ្យមែនទែន! ជិះម៉ូតូបញ្ច្រាស់ផ្លូវមកបុកគោយន្ត រួចសំឡុតប្តឹងទារបីពាន់ដុល្លារ បើមិនព្រម ទារឡើងប្រាំពីរពាន់ដុល្លារទៀត នៅក្រុងព្រៃវែង

(ព្រៃវែង)៖ ពិតជារឿងដែលគួរឲ្យហួសចិត្តមែន នារីពីរនាក់ជិះម៉ូតូឌុបគ្នាបញ្ច្រាស់ផ្លូវ ជ្រុលទៅបុកជាមួយគោយន្តច្នៃមួយគ្រឿង រួចប្តឹងទារសំណងចំនួន ៣ពាន់ដុល្លាសហរដ្ឋអាមេរិក ទាំងដែលសមត្ថកិច្ចរកឃើញថា គោយន្តគ្មានកំហុស។ ហេតុការណ៍ដែលគួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងកាលពីថ្ងៃសៅរ៍ទី ២០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ព្រឹក ត្រង់ចំណុច រង្វង់មូលយាយទូលកណ្ដាប់ស្រូវ នៅកំណាត់ផ្លូវជាតិលេខ១១។

នេះបើយោងតាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅថ្ងៃកើតហេតុមាននារីពីរជិះម៉ូតូឌុបគ្នា ទិសដៅពីលិចទៅកើតក្នុងស្ថានភាពបើកបរជិះបញ្ច្រាស់ផ្លូវ ហើយបម្រុងនឹងបត់ឆ្វេងមិនឆ្លងកាត់រង្វង់មូល លុះដល់ចំណុចកើតហេតុបានជ្រុលទៅបុកជាមួយគោយន្តច្នៃមួយគ្រឿង ដែលបើកបរក្នុងទិសដៅពីកើតទៅទៅលិច ពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់។

ប្រភពពីអ្នកបើកបរគោយន្តច្នៃឈ្មោះ ហេង សៅ ភេទប្រុស អាយុ៣១ ទីលំនៅភូមិបារាយលិច ឃុំបារាយលិច ស្រុុកកំពង់លាវ ខេត្តព្រៃវែងបានប្រាប់នារសៀលថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២០នៅកន្លែងអធិការរដ្ឋានក្រុងព្រៃវែងនេះថា បន្ទាប់ពីកើតហេតុគាត់បាន ប្រញាប់ប្រញាល់ ជួយសង្គ្រោះនារីបើកម៉ូតូ ថែមទាំងជួយដឹកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ប្រភពបានបន្តថា ក្រោយមកនៅថ្ងៃដដែល សមត្ថកិច្ចបានហៅគាត់ទៅ អធិការដ្ឋាននគរបាល ក្រុងព្រៃវែង ដើម្បីធ្វើការសាកសួរដោះស្រាយ និងជួបជាមួយគ្រួសារខាងភាគីម៉ូតូ ក៏ស្រាប់តែមានបុរសមាឌធំម្នាក់ ជិះរថយន្តទំនើបម៉ាក់RangRoverពណ៌ខ្មៅ ដែលតាំងខ្លួនជាតំណាងឲ្យភាគីម៉ូតូ បានចុះមកស្រែកចង្អុលមុខជាមួយនឹងពាក្យសម្តី អសុរោះ កាយវិការចង់ហក់មកវាយ មិនតែប៉ុណ្ណោះបានស្រែកគំរាមសម្លាប់គាត់ទាំងគ្រួសារនៅនឹងមុខសមត្ថកិច្ចថែមទៀតផង។ ជាមួយគ្នានោះខាងភាគីម៉ូតូ បានដាក់ពាក្យបណ្តឹងប្តឹងទារសំណងជាប្រាក់ចំនួន ៣ពាន់ដុល្លាសហរដ្ឋអាមេរិក បើមិនព្រមសង គេនឹងប្តឹងទារថែម៧ពាន់ដុល្លា ហើយត្រៀមខ្លួនជាប់គុកទៅ។

បុរសជាអ្នកបើកនិងជាម្ចាស់គោយន្តច្នៃ បានរៀបរាប់ទាំងទឹកភ្នែក រលីងរលោង អួលដើមករថា គ្រួសារគាត់មានជីវភាពក្រីក្រខ្វះខាត រកព្រឹកគ្រប់ល្ងាច បានខ្ចីបុលគេបានលុយជាង២ពាន់ដុល្លា មកទិញគោយន្តច្នៃមួយគ្រឿង ទុកគ្រាន់នឹងសុីឈ្នួលដឹកជីរឲ្យគេ ហើយឥឡូវមកជួបអកុលរឿងបែបនេះដែលមករងនូវពាក្យប្រមាថ សំឡុតគំរាមកំហែង ទាំងដែលខ្លួនមិនបានខុស គាត់មិនដឹងធ្វើយ៉ាងម៉េចទេខំជួយជីវិតគេហើយ មិនបានពាក្យអរគុណក៏ហុីចុះ។ ចុងក្រោយមានតែម្រាមដៃដប់គោរពដល់អាជ្ញាធរ ជាពិសេសមហាជន មេត្តាជួយផ្តល់យុត្តិធម៌ដល់គាត់ផង៕ ដោយ ជីវ័ន្ត (យុទ្ធ)