សមត្ថកិច្ចកំពុងរុករក អ្នកនេសាទម្នាក់ ដែលលោតទម្លាក់ខ្លួនចេញពីទូក នៅខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ រហូតមកត្រឹមវេលាថ្ងៃត្រង់ ថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០២០នេះគេនៅ មិនទាន់ស្វែងរកឃើញបុរសអ្នកនេសាទទូកខ្យង វ័យ២៣ឆ្នាំម្នាក់​ ដែលលោតទម្លាក់ខ្លួនចេញពីទូកចូលទៅក្នុងសមុទ្រ នៅជិតកំពង់ផែក្រុងព្រះសីហនុ ចន្លោះពីកោះព្រាបទៅពោងសញ្ញាផ្លូវនាវា កាលពីយប់ថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ។

បើតាមពលរដ្ឋអ្នកនេសាទប្រាប់ជាបឋមថា ករណីនេះទំនងជាការធ្វើអត្តឃាតខ្លួនឯង ដោយសារតែពេលលោតចេញពីទូក បុរសនេះបានយកដែកយុថ្កាទូក មកចងផ្អោបជាប់នឹងខ្លួន។

ក្រោយហេតុការណ៍នេះ មានទូកនេសាទតូច ធំច្រើនគ្រឿង រួមនឹងសមត្ថកិច្ចផង បានអន្តរាគមន៍ជួយស្វែងរកនៅក្បែរកន្លែង ដែលបុរសនេះលោកចេញពីទូកចូលក្នុងសមុទ្រ ប៉ុន្តែមិនទាន់បានជួបប្រទះនៅឡើយ ។

បើយោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ការស្វែងរកកំពុងធ្វើបន្ត និងពុំទាន់ដឹងពីជោគវាសនាបុរសរូបនេះថាយ៉ាងណានៅឡើយ។

គួរបញ្ជាក់ផងដែរថា បុរសអ្នកនេសាទរូបនេះ មានឈ្មោះ លីន ឃឹម មានទីលំនៅ ភូមិអំពែងឃុំ អង្កោល ស្រុក ដំណាក់ចង្អើរ ខេត្តកែប៕ ដោយ៖ Micheal