ឱក សុគន្ធកញ្ញា ត្រូវឪពុកបង្កើតនិយាយថាជាកូនដែលមិនដឹងបាបបុណ្យ

(ភ្នំពេញ)៖ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានឪពុកបង្កើតបកអាក្រាតតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថាជាកូនម្នាក់ដែលមិនស្គាល់ឪពុកនិងមិនដឹងបាបបុណ្យនោះឡើយ។

លោក ឱក បូនី ជាតន្រ្តីករជើងចាស់មួយរូបនិងត្រូវបានគេស្គាល់ថាជាឪពុកបង្កើតរបស់កំពូលតារាចម្រៀងឱក សុគន្ធ កញ្ញា បានបញ្ចេញសារទាក់ទងនឹងរឿងគ្រួសារក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដោយភ្ជាប់ជាមួយរូបថតថ្ងៃមង្គលការតារាល្បីរូបនេះឱ្យដឹងថា ៖ “ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរព្រោះឪអ្នកដាក់ឱ្យ”។ លោកឱក បូនី ថែមទាំងបញ្ចេញមតិឆ្លើយតបនឹងមហាជនទៀតថា៖ “ឪមិនដែលចង់បានអ្វីពីកូនទេតែកូនមិនដែលតេសួរសុខទុក្ខឪថាឪនៅណា?សុខទុក្ខយ៉ាងណា?ឈឺឬជា? …ពេលប្រាប់ការដូចហៅជាភ្ញៀវមិនមែនអញ្ជើញជាឪទេ។… ឪសុខចិត្តអត់ទៅចិនដោយដឹងថាកូនការថ្ងៃនោះ តែគេមិនបានអញ្ជើញឪមកចូលក្នុងកម្មវិធីផ្សេងៗដូចហុចផ្កាស្លាកាត់ខាន់ស្លាជាដើម ។ …វាមិនដឹងបាបដឹងបុណ្យទេទេីបវាមានគំនិតបែបនេះ…។”

ក្រោយឪពុកបង្កើតបកអាក្រាតថាជាកូនដែលមិនស្គាល់ឪរួចមក អ្នកនាងឱក សុគន្ធកញ្ញា ​នៅមិនទាន់ចេញមុខបកស្រាយអ្វីឡើយជុំវិញរឿងនេះ៕​ (ដោយ៖ ភូមិន្ទ)