គណ:កម្មការក្រុងប៉ៃលិន ចុះសម្របសម្រួលបញ្ហា ទំនាស់ព្រំដីរបស់ប្រជាពលរដ្ឋ តែភាគីម្ខាងទៀត អត់ព្រមចូលមកដោះស្រាយ

(ប៉ៃលិន)៖ ដោយសារតែទំនាស់ព្រំដី រវាងភាគីម្ខាងជាមួយនឹងភាគីម្ខាងទៀតនៅរ៉ាំរ៉ៃ មិនចេះចប់ មិនចេះហើយ រហូតមកដល់វេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ គណ:កម្មការដោះស្រាយទំនាស់ដីធ្លីក្រុងប៉ៃលិន ដឹកនាំដោយលោក ចក់ រិទ្ធី អភិបាលរងក្រុង បានចុះទៅធ្វើការសម្របសម្រួលនៅលើទីតាំងដីទំនាស់។ ប៉ុន្តែ ភាគីម្ខាងទៀត អត់ព្រមចូលមកធ្វើការដោះស្រាយនោះឡើយ ដោយចង់ឱ្យបញ្ជូនសំនុំរឿងដីនោះ ទៅកាន់តុលាការតែម្តង ។

បើតាមប្រភពព័ត៌មានពីលោក ចក់ រិទ្ធី អភិបាលរងក្រុងប៉ៃលិន បានឱ្យភ្នាក់ងារសារព័ត៌មាន យើងដឹងថា បុរសម្នាក់ ឈ្មោះ ឈុំ ភឿន អាយុ៥០ឆ្នាំ រស់នៅភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន មានទំនាស់ព្រំដីជាមួយនឹងលោក វ៉ាន់ សាម៉េត អាយុ៦០ឆ្នាំ រស់នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលដីទំនាស់នោះ មានទីតាំងស្ថិតនៅក្បែរស្ពានតារៀប ស្ទឹងប៉ៃលិន ស្ថិតនៅភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ។

លោកបន្តទៀតថា បញ្ហាទំនាស់នេះ គឺកើតមានជាយូរឆ្នាំមកហើយ ដោយលោក ឈុំ ភឿន ចោទប្រកាន់លោក វ៉ាន់ សាម៉េត ថា បានយកគ្រឿងចក្រទៅជីក កកាយដកបង្គោលរបង របស់ខ្លួនចោល និងជីកកកាយដីលុបប្រឡាយទឹករបស់ខ្លួន ដោយគ្មានការអនុញ្ញាត ហើយថែមទាំង ហៅទៅធ្វើការដោះស្រាយនៅសាលាសង្កាត់បរយ៉ាខា ចំនួន៣លើក និងហៅទៅដោះស្រាយនៅសាលាក្រុងប៉ៃលិន ចំនួន៣លើក តែគាត់មិនព្រមចូលខ្លួនទាល់តែសោះ ។

លោកបន្ថែមទៀតថា ក្នុងនាមលោកអាជ្ញាធរ គឺមានតែសម្របសម្រួលឱ្យប្រជាពលរដ្ឋត្រូវរ៉ូវគ្នាប៉ុណ្ណោះ ពោលគឺមិនចង់ឱ្យមានការប្តឹងផ្តល់គ្នាវែងឆ្ងាយអ្វីនោះឡើយ ។ តែដោយលោក វ៉ាន់ សាម៉េត អត់ចូលខ្លួនមកដោះស្រាយ ទើបនៅពេលនេះ ភាគីម្ខាងទៀត គឺលោក ឈុំ ភឿន បានធ្វើលិខិតដាក់ពាក្យបណ្តឹង ទៅសាលាក្រុងឱ្យរក្សាដីទំនាស់ព្រំទាំងនោះនៅដដែល មិនឱ្យនរណាម្នាក់ប្រើប្រាស់ ដាក់បង្គោលរបង ឬលក់ដូរទៅឱ្យអ្នកផ្សេងទៀតក៏អត់មានដែរ ។

លោកអភិបាលរងក្រុង ក៏សំណូមពរ ឱ្យប្រជាពលរដ្ឋទាំងពីរភាគី ត្រូវតែចូលខ្លួនដោះស្រាយ បើសិនជាប្តឹងគ្នាឡើងទៅដល់ថ្នាក់លើ ឬតុលាការ ពិតជាខាតបង់ពេលវេលា និងអស់ថវិកាកាន់តែច្រើន ព្រោះការប្តឹងផ្តល់គ្នានេះ មិនមានខាងណាចំណេញនោះឡើយ មានតែខាតប៉ុណ្ណោះ ។

ដូច្នេះ បើសិនជាប្រជាពលរដ្ឋ ដែលមានបញ្ហាទំនាស់ដីធ្លី មានចិត្តចង់ឱ្យគណ:កម្មការក្រុងប៉ៃលិន ដោះស្រាយជូនមែន សូមឱ្យចូលរួមទាំងអស់គ្នា បើសិនជាចូលរួមតែភាគីម្ខាង ការដោះស្រាយ ក៏អត់ទទួលបានជោគជ័យនោះដែរ ៕ ដោយ៖សុខហៃ(MIcheal)