អាមេរិកឡាទីន ក្លាយជាកន្លែងឆ្លងវីរុសកូរ៉ូណាខ្លាំងជាងគេ ក្នុងពិភពលោក

(អន្តរជាតិ) ដោយមានចំនួនមនុស្សស្លាប់ លើសពី ១សែននាក់ ធ្វើឲ្យតំបន់អាមេរិកឡាទីន បានក្លាយជាកន្លែងរាតត្បាតនៃជំងឺកូវីដ១៩ ខ្លាំងជាងគេលើពិភពលោក

ប្រទេសប្រេស៊ីលនាំមុខគេនៅក្នុងតំបន់ ដោយមានអ្នកឆ្លងកូវីដ១៩ ចំនួន ១៩២ ៤៧៤ ករណី និងមានមនុស្សស្លាប់ ចំនួន ៥៣ ៨៧៤ នាក់ ធ្វើឲ្យប្រទេស នេះមានចំនួនអ្នកឆ្លង និងស្លាប់ ច្រើនលំដាប់ទី២ ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក នេះតាមសាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក

ប្រេស៊ីលបានកត់ត្រាករណីការឆ្លងថ្មី ចំនួន ៤០ ៩៩៥ ករណី ក្នុងរយៈពេលជាង ២៤ម៉ោង កាលពីថ្ងៃពុធរួមមានមនុស្សស្លាប់ជាង ៣០០ នាក់ ការរាតត្បាតនៅប្រេស៊ីលបានឡើងទៅដល់វិបត្តិមួយ ដែលចៅក្រមសហព័ន្ធបានចេញបញ្ជាឲ្យប្រធានាធិបតី Jair Bolsonaro ពាក់ម៉ាស់នៅកន្លែងសាធារណៈ បើពុំដូច្នេះទេ ត្រូវបង់ប្រាក់ផាកពិន័យ ៤០០ដុល្លារ ក្នុងមួយថ្ងៃ

ចៅក្រមបាននិយាយថា លោកប្រធានាធិបតី Bolsonaro កំពុងរំលោភច្បាប់ក្នុងទីក្រុង Brasilia ដែលមានគោលបំណងពន្យឺតការរាលដាលនៃវីរុសនោះ រហូតមក ទល់ពេលនេះ ប្រធានាធិបតី Bolsonaro បានបដិសេធពុំព្រមពាក់ម៉ាស់នៅឯការប្រជុំនយោបាយធំៗ ដែលនៅទីនោះ លោកប្រធានាធិបតីបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយអ្នកបោះឆ្នោត និងកូនក្មេង លោកប្រធានាធិបតី Bolsonaro បានចាត់ទុកការរាតត្បាតនោះថា ជា «ជំងឺគ្រុនផ្តាសាយ» ហើយបាននិយាយទៀតថា នរណាដែលព្រួយបារម្ភអំពីវីរុសនោះ ជាមនុស្សវិកលចរិត

សហរដ្ឋអាមេរិកបន្តនាំមុខគេក្នុងពិភពលោក ទាំងចំនួនអ្នកឆ្លង និងស្លាប់ ដោយមានការឆ្លងចំនួន ៤៦៣២០៦ ករណី និងស្លាប់ ១២៤ ២៨១ នាក់ លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិក បាននិយាយថា ថ្នាំវ៉ាក់សាំងចាក់ការពារវីរុសកូរ៉ូណានឹងមានគ្រប់គ្រាន់ នៅចុងឆ្នាំ២០២០នេះ

នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃព្រហស្បតិ៍នេះ មានអ្នកឆ្លងវីរុសកូរ៉ូណា ៥២០ ១៣៤ ករណី និងអ្នកស្លាប់ចំនួន ៤៨៣ ៩៥៩ នាក់ ហើយព្យាបាលបានជាសះស្បើយ ចំនួន ១៦៩ ២៧០ នាក់ ប្រែសម្រួល សារិទ្ធិ (យុទ្ធ)