រថយន្តLexus បុករះម៉ូតូ៣គ្រឿង ស្លាប់ម្នាក់និងរបួស៥នាក់ នៅស្រុកអង្គស្នួល

(កណ្តាល)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ៣គ្រឿងបណ្ដាលស្លាប់នៅនឹងកន្លែងកើតហេតុម្នាក់ និងរងរបួសធ្ងន់២នាក់ ,រងរបួសស្រាល៣នាក់ ដែលករណីនេះ បានកើតឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា  ឆ្នាំ២០២០ វេលាម៉ោង០៦ និង៣០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១៩-២០ស្ថិតនៅភូមិត្រពាំងសុក្រម ឃុំបែកចាន  ស្រុកអង្គស្នួល ខេត្តកណ្ដាល។

បើយោងតាមមន្ត្រីប៉ូលិស បាននិយាយថា គ្រោះថ្នាក់ខាងលើនេះ បង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាកLexus RX300  ពណ៌ទឹកមាស  ពាក់ផ្លាកលេខ ភ្នំពេញ 2BA-1894 បើកបរដោយឈ្មោះ ជា  សារ៉េត អាយុ៣៤ឆ្នាំ  ជនជាតិខ្មែរ  ទីលំនៅភូមិត្រពាំងអញ្ចាញ៤  សង្កាត់ត្រពាំងក្រសាំង  ខណ្ឌពោធិ៍ សែនជ័យ    ដែលបើកមកពីកើតទៅលិច  ពីភ្នំពេញទៅព្រះសីហនុ។

លុះដល់ចំណុចកើតហេតុខាងលើ  បានជ្រុលចង្កូតមកឆ្វេង ចូលចំណែកផ្លូវយានម្ខាងទៀត  បុករះម៉ូតូចំនួន០៣គ្រឿង រួមមាន ម៉ូតូម៉ាកហុងដា ឌ្រីម ស៊េរី១២៥  ពណ៌ខ្មៅ ពាក់ផ្លាកលេខ  កំពង់ស្ពឺ  1M-2566 បើកបរដោយឈ្មោះ គឿន  បូរីម ភេទប្រុស  អាយុ១៩ឆ្នាំ  ជនជាតិខ្មែរ ទីលំនៅភូមិធ្លក ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ  ឌុបឈ្មោះ  អោ  ឧដែន ភេទប្រុស  អាយុ១៩ឆ្នាំ  ជនជាតិខ្មែរ  ទីលំនៅភូមិតារាជ  ឃុំកក់  ស្រុកបសេដ្ឋ  ខេត្តកំពង់ស្ពឺ បានរងរបួសធ្ងន់ ។ ក្រោយពេលកើតហេតុ អ្នកបើកម៉ូតូខាងលើ បានស្លាប់នៅកន្លែងកើតហេតុ។

ម៉ូតូទី២ម៉ាក ហុងដាស្កុបពី  ពណ៌ស  ពាក់ផ្លាកលេខ  ភ្នំពេញ1FF-8797 បើកបរដោយឈ្មោះ  រស់  វណ្ណដា ភេទប្រុស  អាយុ២៧ឆ្នាំ  ជនជាតិខ្មែរ  ទីលំនៅភូមិរាំងដេក  ឃុំគគីធំ  ស្រុកកៀនស្វាយ  ខេត្តកណ្ដាល  បានរងរបួសធ្ងន់ ។

ចំណែកម៉ូតូម៉ាកហុងដា ឌ្រីម  ពណ៌ខ្មៅ  ពាក់ផ្លាកលេខ  ភ្នំពេញ1CM-5748 បើកបរដោយឈ្មោះ  វ៉ាន់  ពិសី  ភេទប្រុស  អាយុ៤១ឆ្នាំ  ទីលំនៅភូមិតាកេថ្មី  សង្កាត់កំបូល  ខណ្ឌកំបូល  ភ្នំពេញ ឌុបកូន០២នាក់  គឺ១.ឈ្មោះសុវណ្ណ  រក្សា  ភេទស្រី  អាយុ១៦ឆ្នាំនិង  ២.ឈ្មោះសុវណ្ណ  វីរាជ  ភេទប្រុស  អាយុ០៨ឆ្នាំ  ទីលំនៅរស់នៅជាមួយគ្នា  ។ អ្នកទាំង៣ បានរងរបួសស្រាល។

សូមបញ្ជាក់ផងដែរថា ម៉ូតូទាំង០៣គ្រឿង  បើកមកពីទិសខាងលិចទៅកើត(ព្រះសីហនុ-ភ្នំពេញ )ក្នងទិសដៅបញ្ច្រាសទិសគ្នា   ។

ប៉ូលិសបានសន្ឋិដ្ឋានថា ករណីនេះបណ្តាលមកពី អ្នកបើកបររថយន្តបើកបរមិនប្រកាន់ស្ដាំ  ខ្វះការប្រុងប្រយ័ត្ន។ អ្នកបើកបររថយន្ត ត្រូវបានប៉ូលិសឃាត់ខ្លួននៅអធិការដ្ឋានស្រុក អង្គស្នួល  ។ ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី  ។ ចំពោះមធ្យោបាយកម្លាំងប៉ូលិសជំនាញ បានយកមករក្សាទុកនៅអធិការដ្ឋាន ស្រុក  ៕ ដោយ៖ ភាវុន (Micheal)