សមត្ថកិច្ចឃាត់ឃាត់អាអ៊ិច២គ្រឿង ដែលលួចចូលទៅឈូសឆាយដីព្រៃរបស់រដ្ឋ នៅស្រុកអង្គរធំ

(សៀមរាប)៖ កម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប សហការជាមួយកម្លាំងអាវុធហត្ថខេត្តសៀមរាប បានធ្វើការឃាត់អាអ៊ិច ចំនួន២គ្រឿងដែលលួចចូលទៅឈូសឆាយដីព្រៃរបស់រដ្ឋ។

ហេតុការនេះធ្វើឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដែលស្ថិតនៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។

បើយោងតាមលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បានឲ្យដឹងនារសៀលថ្ងៃទី២៤នេះថា កម្លាំងសង្កាត់, ផ្នែក និងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប សហការជាមួយកម្លាំងអាវុធហត្ថស្រុកអង្គរធំ បានចុះមកត្រួតពិនិត្យ និងឈានដល់ឃាត់អាអ៊ិចចំនួន២គ្រឿង ដែលបានឈួសឆាយដីព្រៃរបស់រដ្ឋស្ថិតនៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។

លោកបន្តថា ដីព្រៃទាំងនោះ គឺជាដីគម្របឆ្នាំ២០០២ និងជាដីព្រៃរបស់រដ្ឋ។ លោកបន្ថែមទៀតថា បន្ទាប់ពីសមត្ថកិច្ចចុះទៅដល់ ក្រុមម្ចាស់អាអ៊ិច បាននាំគ្នារត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកអាអ៊ិចចំនួន២គ្រឿងនៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្ន អាអ៊ិចត្រូវយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុក ដើម្បីប្រកាសស្វែងរកម្ចាស់ យកមកដោះស្រាយគ្នាតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ដីព្រៃរបស់រដ្ឋនៅស្រុកអង្គរធំ ត្រូវបានក្រុមឈ្មួញនាំគ្នាកាត់ និងឆ្វៀលលួចធ្វើប្លង់លក់យ៉ាងអាណាធិបតយ្យ។ ករណីនេះ គេបានដាក់ការសង្ស័យថាសមត្ថកិច្ចជំនាញនៅទីនោះ អាចបានទទួលលាភពីក្រុមឈ្មួញ៕ ដោយ៖បន្ទាយក្តី(Micheal)