ប្រធានាធិបតីកូសូវ៉ូ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ក្នុងទសវត្ស១៩៩០

(អន្តរជាតិ) តុលាការនៅទីក្រុងឡាអេ បាននិយាយកាលពីថ្ងៃពុធ ទី២៤ ខែមិថុនាថា ប្រធានាធិបតីកូសូវ៉ូលោក Hashim Thaci ត្រូវបានចោទប្រកាន់ចំនួន ១០ ករណីនៃឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ចំពោះតួនាទីរបស់លោក នៅក្នុងជម្លោះរបស់ប្រទេសនេះ ក្នុងទសវត្ស១៩៩០

ប្រធានចារកម្មសម័យសង្គ្រាម និងជាអតីតប្រធានសភាលោក Kadri Veseli ក៏ត្រូវបានចោទប្រកាន់ផងដែរ ពីបទឧក្រិដ្ឋកម្មសង្រ្គាម ការចោទប្រកាន់លើបុរសទាំងពីរនាក់ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ខែមេសា ប៉ុន្តែមិនបានបង្ហាញជាសាធារណៈទេនៅពេល នោះ

សេចក្តីថ្លែងការណ៍ថាលោក Hashim Thaci,លោក Kadri Veseli និងជនសង្ស័យផ្សេងទៀត ដែលត្រូវបានចោទប្រកាន់អំពីតួនាទីទទួលខុសត្រូវខាងព្រហ្មទណ្ឌ ចំពោះឃាតកម្មជិត ១០០នាក់

ជនជាប់ចោទ ក៏បានប្រឈមនឹងការចោទប្រកាន់ផ្សេងទៀត ដូចជា ការបាត់ខ្លួនមនុស្សដោយបង្ខំ ការធ្វើទុក្ខបុកម្នេញ និងការធ្វើទារុណកម្ម

ឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់នៅក្នុងសាលដីកា មានជាប់ពាក់ព័ន្ធនឹងជនរងគ្រោះរាប់រយនាក់ រួមទាំងគូប្រជែងនយោបាយផងដែរ ក្រុមរដ្ឋអាជ្ញាបាននិយាយថា ពួកគេបានសំរេចចិត្តធ្វើការចោទប្រកាន់ជាសាធារណៈ ពីព្រោះលោក Thaci និងលោក Veseli បានធ្វើឱ្យមានការប៉ុនប៉ងម្តងហើយម្តងទៀតដើម្បីរារាំងដល់តុលាការពិសេសកូសូវ៉ូ

លោក Thaci កំពុងរៀបចំខ្លួនសម្រាប់កិច្ចប្រជុំកំពូលនៅសេតវិមាន នៅថ្ងៃសៅរ៍នេះ ជាមួយសមភាគីស៊ែប៊ីលោក Aleksandar Vucic និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានលើកឡើងថា លោក Thaci បានចាកចេញទៅសហរដ្ឋអាមេរិក ហើយ ប៉ុន្តែប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកប្រចាំនៅស៊ែប៊ី និងកូសូវ៉ូ លោក Richard Grenell ដែលរៀបចំការប្រជុំសេតវិមាន បាននិយាយថា លោក Thaci បានលុបចោលការចូលរួមក្នុងកិច្ចប្រជុំកំពូលបន្ទាប់ពីការចោទប្រកាន់នៅទីក្រុងឡាអេ

លោក Grenell បានមានប្រសាសន៍ថាខ្ញុំគោរពតាមការសម្រេចចិត្តរបស់លោក ដែលមិនចូលរួមក្នុងការពិភាក្សា រហូតដល់បញ្ហាផ្លូវច្បាប់នៃការចោទប្រកាន់ទាំងនោះ ត្រូវបានដោះស្រាយ ប្រែសម្រួល៖សារិទ្ធិ (យុទ្ធ)