ចាប់ពីផ្ទុះជំងឺកូវីដ១៩មក ក្រសួងសុខាភិបាល បានទទួលធ្វើតេស្ត ទៅលើមនុស្សជាង ៣ម៉ឺននាក់

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីរកាសចូលកាន់តំណែងថ្មី លោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា ជាប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ជំនួសលោកស្រីសាស្ដ្រាចារ្យ ទុង រដ្ឋាវី ដែលត្រូវបានចូលនិវត្ដន៍ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ លោក ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ គិតចាប់ខែមករា ដល់ខែមិថុនានេះ ក្រសួងបានធ្វើតេស្ដរកមេរោគកូវីដ១៩ ដល់អ្នកជំងឺកូវីដ និងអ្នកជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល ប្រមាណជាង ៣ម៉ឺននាក់។

រដ្ឋមន្ដ្រីសុខាភិបាលខាងលើ បានបន្ដទៀតថា អ្នកជំងឺកូវីដ១៩នៅកម្ពុជាកន្លងមក សុទ្ធសឹងតែជាករណីនាំចូលពីក្រៅប្រទេស ដូច្នេះយើងត្រូវតែខិតខំប្រឹងប្រែងរួមគ្នា ធ្វើយ៉ាងម៉េចកាត់បន្ថយកុំឱ្យមានការចម្លងពីខាងក្រៅ បើមានករណីនាំចូលកូវីដ១៩នេះ ត្រូវរកឱ្យឃើញភ្លាម ហើយយកមកព្យាបាលនៅមន្ទីរពេទ្យភ្លាម ហើយនឹងតាមដានរកអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល យកមកធ្វើតេស្ដ និងចត្ដាឡីស័ក។

លោកបានលើកឡើងទៀតថា មកដល់ពេលនេះ យើងមិនទាន់មានករណីឆ្លងនៅតាមសហគមន៍នោះទេ ហើយយើងនឹងបន្ដកិច្ចការនេះឱ្យកាន់តែមានម៉ត់ចត់ ដើម្បីគ្រប់គ្រង និងធានាបានថា មិនឱ្យចម្លងដល់អ្នកដទៃទៀតនៅតាមមូលដ្ឋាន»។ ទោះជាយ៉ាង យើងនៅតែបារម្ដ ព្រោះមិនចង់ឱ្យមានករណីឆ្លងច្រើន ហើយមានអ្នកជំងឺណាម្នាក់ទទួលមរណៈដោយជំងឺកូវីដ១៩នេះ ខណៈរកមិនទាន់ឃើញវ៉ាក់សាំង និងថ្នាំព្យាបាល» ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋ បន្ដប្រុងប្រយ័ត្នខ្ពស់ កុំធ្វេសប្រហែសជាដាច់ខាត ជាពិសេសក្រុមគ្រូពេទ្យ ត្រូវប្រើប្រាស់សម្លៀកបំពាក់, ម៉ាស,របាំងមុខការពារសុវត្ថិភាព ពេលកំពុងព្យាបាលអ្នកជំងឺ បង្ការកុំឱ្យឆ្លងនូវជំងឺកូវីដ និងជំងឺផ្សេងៗទៀត ព្រោះបើមានករណីឆ្លងនោះ វាអាចនឹងមានលទ្ធភាពចម្លងទៅអ្នកជំងឺកាន់តែច្រើនថែមទៀត។

ជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា គិតចាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩លើកសកលលោក កម្ពុជាមានករណីឆ្លង១៣០នាក់ ជាសះស្បើយ១២៨នាក់ គ្មានករណីស្លាប់ ហើយ២នាក់ទៀតសង្ឃឹមថា នឹងជាសះស្បើយឆាប់ៗ៕ ដោយ៖ Micheal