វិភាគអន្តរជាតិ ៖ អាស៊ីអគ្នេយ៍យល់ច្បាស់អភិក្រមឈ្នះឈ្នះរបស់ចិន និងគោលដៅយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក

មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ ដែលជាអង្គភាពពិចារណាមួយរបស់សហរដ្ឋអាមេរិក បានចេញផ្សាយការស្ទង់មតិរបស់ឥស្សរជនយុទ្ធសាស្ត្រនៅអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកស្តីពីទស្សនៈរបស់ពួកគេ លើ“ អនាគតនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយចេញពីទស្សនៈអាស៊ីអាគ្នេយ៍” ។

គំនិតស្ថាបនិកមួយនៃការស្ទង់មតិនេះ គឺថា “ប្រទេសចិនត្រូវបានគេមើលឃើញថាកំពុងកាន់អំណាច និងឥទ្ធិពលនយោបាយ លើសពីសហរដ្ឋអាមេរិកបន្តិច នៅអាស៊ីអាគ្នេយ៍សព្វថ្ងៃ និងកាន់តែមានមានអំណាចរឹតតែច្រើនជាង ធៀបទៅនឹងសហរដ្ឋអាមេរិកក្នុងរយៈពេល ១០ ឆ្នាំទៀត” ។ ការរកឃើញពីការស្ទង់មតិនេះពិតជាការមិននឹកស្មានដល់សោះឡើយ ។ ជាមូលដ្ឋាន វាបានបញ្ជាក់ពីទស្សនៈរបស់ឥស្សរជននយោបាយអាស៊ីអាគ្នេយ៍ អំពីឥទ្ធិពលរបស់ចិន និងអាមេរិកនៅក្នុងតំបន់។

ពួកគេហាក់ដូចជាដឹងច្បាស់ អំពីការរះឡើងរបស់ចិន និងការធ្លាក់ចុះរបស់សហរដ្ឋអាមេរិក ។ ថៃ និងហ្វីលីពីនត្រូវបានគេនិយាយយោងថា ជា “សម្ព័ន្ធមិត្តអាស៊ីចាស់ជាងគេ” របស់សហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីនតោន បានរក្សាឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ចាប់តាំងពីការចប់ទៅនូវសង្គ្រាមលោកលើកទី ២។ នៅក្នុងន័យនេះ ហេតុអ្វីបានជាទីក្រុងប៉េកាំងមានអំណាច និងឥទ្ធិពលនយោបាយក្នុងដៃ ច្រើនជាងវ៉ាស៊ីនតោននៅអាស៊ីអាគ្នេយ៍ ទៅវិញ? ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបង្កើនសកម្មភាពការទូតរបស់ខ្លួនជាមួយប្រទេសជិតខាង រួមទាំងការដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ជាដើម។

រដ្ឋាភិបាលក្រុងប៉េកាំង ខិតខំមិនឈប់ឈរដើរតួនាទីវិជ្ជមាននៅលើឆាកអន្តរជាតិ និងព្យាយាមអនុវត្តគោលនយោបាយដែលផ្តល់លទ្ធផលឈ្នះឈ្នះនៅក្នុងតំបន់ផងដែរ ។ ប្រ​ទេសជិតខាងជាច្រើនរបស់ចិន រួមទាំងបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានទទួលស្គាល់ការខិតខំរបស់ចិននៅក្នុងបញ្ហានេះ ។ លើសពីនេះទៅទៀត ឆន្ទៈរបស់សហរដ្ឋអាមេរិកក្នុងការចូលរួមកិច្ចការនៅអាស៊ីអាគ្នេយ៍ កំពុងតែថមថយ ហើយប្រធានាធិបតី ដូណាល់ ត្រាំ មិនបានផ្តោតសារៈសំខាន់ទៅលើតំបន់នោះទេ ។ នេះអាចថាមួយផ្នែក មកពីសហរដ្ឋអាមេរិកកំពុងតែបាត់បង់អំណាចជាយុទ្ធសាស្ត្ររបស់ខ្លួននៅពេលដែលភាពមាំមួនរបស់ខ្លួនកំពុងធ្លាក់ចុះ ។

ជំហររបស់រដ្ឋបាល Trump ចំពោះតំបន់នេះខុសគ្នាពីរដ្ឋបាលរបស់អតីតប្រធានាធិបតីអូបាម៉ា ។ ឧទាហរណ៍ លោក Trump បានអវត្តមានពីកិច្ចប្រជុំកំពូលជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)នៅឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ខណៈពេលដែលលោកអូបាម៉ាចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ស្ទើរតែទាំងអស់ក្នុងអំឡុងពេលដែលលោកកាន់តំណែង ។ ថ្វីត្បិតតែជាមហាអំណាចនៅក្រៅតំបន់ក៏ដោយ សហរដ្ឋអាមេរិកបានចូលទៅលូកលាន់ម្តងហើយម្តងទៀតជាមួយកិច្ចការអាស៊ីអាគ្នេយ៍ ជាពិសេសសមុទ្រចិនខាងត្បូង។ ទោះបីជាលោក Trump នៅតែបន្តជ្រៀតជ្រែកក្នុងតំបន់ក៏ដោយ ក៏គាត់នៅតែជ្រើសរើសថាប្រទេសណា ដែលគាត់នឹងចូលទៅធ្វើអន្តរាគមន៍ ។

លោក Trump បាននិយាយនៅ West Point ថា សហរដ្ឋអាមេរិកមិនមែនជា “ប៉ូលីសពិភពលោកទេ”។ ក្រោមគោលនយោបាយ “អាមេរិកមុនគេ” វោហារសាសន៍របស់លោក Trump អាចត្រូវបានបកស្រាយ ដោយសំដីថា សហរដ្ឋអាមេរិកនឹងយកចិត្តទុកដាក់តិចតួចលើកិច្ចការពិភពលោកឬតំបន់។ ទោះយ៉ាងណាក្តី ដរាបណានិយាយពីផលប្រយោជន៍របស់អាមេរិក សហរដ្ឋអាមេរិកនឹងស្ទាក់ស្ទើរក្នុងការកាត់បន្ថយការជ្រៀតជ្រែករបស់ខ្លួន ។ ទោះជាមិនសូវមានចំណាប់អារម្មណ៍លើកិច្ចការអាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិកដឹងថា កិច្ចការសមុទ្រចិនខាងត្បូង អាចយកមកប្រើបានដើម្បីទប់ប្រទេសចិន។

ជាលទ្ធផល ផ្ទុយពីការបន្ធូរបន្ថយការជ្រៀតជ្រែករបស់ខ្លួន សហរដ្ឋអាមេរិកបែរជាកំពុងវិនិយោគបន្ថែមទៀតទៅក្នុងការជ្រៀតជ្រែក ក្នុងដែនទឹកនៃតំបន់។ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០ វ៉ាស៊ីនតោន បានកេណ្ឌនាវាដឹកយន្តហោះចំនួន ៣ គ្រឿង និងក្រុមនាវាវាយលុករបស់ពួកគេ ធ្វើល្បាតដែនទឹកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។ មានជម្លោះមួយចំនួនរវាងប្រទេសចិន និងប្រទេសជិតខាងរបស់ខ្លួនទាក់ទងនឹងទឹកដី។ ប៉ុន្តែបញ្ហាទាំងនេះត្រូវបានគេសន្មត់ថា ត្រូវបានដោះស្រាយដោយការចរចារវាងគ្នាតែប៉ុណ្ណោះ។ ទោះ​យ៉ាងណាក្តី ក្រុងវ៉ាស៊ីនតោន មានការស្ទាក់ស្ទើរក្នុងការឃើញជម្លោះត្រូវបានដោះស្រាយដោយសន្តិវិធី ដោយគ្មានការចូលរួមរបស់ខ្លួន។

សហរដ្ឋអាមេរិក បានព្យាយាមប្រើការប្រេះស្រាំទាំងឡាយ ដើម្បីធ្វើឱ្យចំណងទាក់ទងរវាងចិន និងប្រទេសជិតខាងរបស់ខ្លួន កាន់តែយ៉ាប់យ៉ឺន ក្នុងគោលបំណងរារាំងចិន ។ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ មានការយល់ដឹងច្បាស់ អំពីចេតនាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ ពួកគេភាគច្រើនយល់ថា ការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មានកំរិត ហើយនៅពេលដែលពួកគេពិតជាមានជម្លោះជាមួយចិន ជំនួយដែលផ្តល់ដោយសហរដ្ឋអាមេរិក នឹងមិនគ្រប់គ្រាន់ឡើយ ។

អត្ថបទមួយពីក្រុមពិចារណាយុទ្ធសាស្ត្រ Foreign Affairs មានចំណងជើងថា “សតវត្សរ៍អាស៊ីកំពុងប្រឈមគ្រោះថ្នាក់៖ អាមេរិក ចិន និងគ្រោះថ្នាក់នៃការប្រឈមមុខដាក់គ្នា” ដែលសរសេរដោយនាយករដ្ឋមន្រ្តីសឹង្ហបូរី លី សៀនលុង ចេញផ្សាយនៅ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២០ បានទទួលការចាប់អារម្មណ៍ជាសាកល ។

អត្ថបទវិភាគពីការប្រឈម បានលើកឡើងដោយការបង្កើនភាពតានតឹងរវាងចិននិងអាមេរិក ដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍។ សម្រាប់ប្រទេសទាំងនោះការឈរនៅតែភាគីណាតែម្ខាង គឺជាជំរើសដ៏លំបាក ។ នៅខាងម្ខាង ក្រុងវ៉ាស៊ីនតោន សង្ឃឹមថាប្រទេសទាំងនោះនឹងកាន់ជើង ក្នុងគោលបំណងរារាំងក្រុងប៉េកាំង។ នៅម្ខាងទៀត បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ជាផ្នែកមួយនៃភាពជាអ្នកជិតខាងរបស់ចិន ដូច្នេះការអភិវឌ្ឍរបស់ពួកគេមានការទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយប្រទេសសេដ្ឋកិច្ចធំបំផុតទី ២ របស់ពិភពលោក។

ក្រៅពីការពិចារណាលើភូមិសាស្ត្រនយោបាយ ដើម្បីបន្តប្រកាន់យកសន្តិសុខ និងស្ថេរភាពក្នុងតំបន់ សម្រាប់ប្រទេសក្នុងតំបន់ ជំហរដែលថាមានភាពអព្យាក្រឹតរវាងប្រទេសយក្សទាំងពីរ គឺជាជំរើសសមហេតុផល ៕ (២៣-០៦-២០២០)

ប្រែសម្រួល ៖ ណានី ភូ (យុទ្ធ)