ជំនឿបញ្ចុះសពធ្វើជាគ្រឹះស្ពាន

ជំនឿដែលថា ការយកសាកសពមនុស្ស ទៅកប់ក្រោមគ្រឹះសំណង់ដែលមានដូចជាស្ពាន ឬសំណង់ធំៗក្ដី ដើម្បីធ្វើឱ្យសំណង់ទាំងនោះជាប់ធន់បានល្អ ហាក់មិនទាន់រសាត់ឆ្ងាយពីផ្នត់គំនិតប្រជាពលរដ្ឋខ្មែរនៅឡើយ។ តើពាក្យចចាមអារ៉ាមនេះមានប្រភពកំណើតមកពីណា? ហើយតើហេតុអ្វីបានជាគេមានជំនឿបែបនេះ?

សាស្រ្តាចារ្យ ធា សុកម៉េង បង្រៀនមុខវិទ្យាអក្សរសាស្រ្តខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានផ្ដល់បទសម្ភាសទាក់ទងនឹងប្រធានបទខាងលើឱ្យដឹងថា៖ “… វាជាពាក្យអាចាមអារ៉ាម ដែលសម័យដើមធ្លាប់ឮមនុស្សម្នាតែងតំណាល អំពីប្រម៉ាត់ប្រម៉ង់ ចាប់ក្មេងៗដើម្បីយកទៅបញ្ចុះក្នុងគ្រឹះស្ពានធំៗ …”។ ប៉ុន្តែទោះបីជាយ៉ាងណា លោកថាវាគ្រាន់តែជាការដំណាលប្រាប់របស់ចាស់ៗបន្ដគ្នាតែប៉ុណ្ណោះ ។

(សាស្រ្តាចារ្យ ធា សុកម៉េង)

ទាក់ទិននឹងបញ្ហានេះបើតាមការបញ្ជាក់របស់លោក ត្រឹង​ ងា ជាសាស្រ្តាចារ្យបរិញ្ញាផ្នែកវប្បធម៌និងអរិយធម៌អាស៊ី ដែលបានសរសេរនៅក្នុងសៀវភៅ ប្រវត្តិសាស្ត្រខ្មែរភាគ១និងភាគ២ ត្រង់ជំពូកទី ១៣ និយាយពីអរិធម៌ខ្មែរសម័យក្រោយអង្គរ (សម័យភ្នំពេញ ចតុមុខ សម័យលង្វែក សម័យទួលបាសាន សម័យស្រីសន្ធរ) បានឱ្យដឹងពីជំនឿក្នុងសម័យកាលនោះថា “… ក្នុងវិស័យជំនឿលើខ្មោចនេះ គេជឿទៀតថា ដើម្បីកសាងទំនប់ទឹកឬព្រះវិហារឱ្យ ជាប់ល្អគេត្រូវយកអ្នកទោសអស់ជីវិតទៅកប់ក្រោមទំនប់នោះ ឬគេត្រូវយកខ្មោចទៅទ្រាប់បាតសសរព្រះវិហារ…”។ ទោះបីជាយ៉ាងណា សាស្រ្តាចារ្យល្បីឈ្មោះជាប្រវត្តិសាស្រ្តរូបនេះមិនបានបញ្ជាក់អំពីមូលហេតុនៃជំនឿរបស់ប្រជាជនក្នុងសម័យកាលនោះថាមានជាប់ទាក់ទងនឹងសាសនាឬក៏អាទិទេពណាមួយនោះឡើយ។

(រូបភាពតំណាង ស្ពានកំពង់ក្ដី)

ដោយឡែក ទាក់ទងនឹងវិស័យជំនឿសាសនាក្នុងការសាងសង់អ្វីមួយនេះ បើតាមការបកស្រាយក្នុងសៀវភៅ អធិប្បាយអំពីទំនៀមទម្លាប់ខ្មែរ និង ពន្យល់ពាក្យសំខាន់ៗ ស្រាវជ្រាវរៀបរៀងដោយលោក​ស៊ិន សុវណ្ណនិ សាស្រ្តាចារ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានឱ្យដឹងក្នុងទំព័រទី ៧០ ចំនុចទី ១២ អំពី ពិធីពលីកាព្រះពិស្ណុការ គ្រូដើមខាងវិជ្ជាជាងឱ្យដឹងថា៖ “… អំពីនេះនិងពណ៌នារបៀបបូជាព្រះពិស្ណុការ ឬព្រះវិស្សកម្មនោះតទៅ ជាងខ្មែរកាលនិងក៏សាងរបស់ដែលសំខាន់ ដូចយ៉ាងប្រសាទ វិហារ ផ្ទះនិងធ្វើទូកធំៗជាដើម មានទំនៀមរៀបពលីការបូជាព្រះវិស្ណុ ដែលជាគ្រូកសាងដើមដោយមានគតិកាន់មនុស្សលោកយើងនេះ ដែលនឹងចេះការវិជ្ជាជាង ធ្វើសារពើកិច្ចការទាំងពួងអាស្រ័យដោយព្រះពិស្ណុការ ឬព្រះវិស្សកម្មប្រសិទ្ធីប្រសាធឱ្យមក  ហេតុនេះកាលគេនឹងធ្វើអ្វីមួយរមែងបូជាគ្រូដើមនោះឯង…”។

(បដិមាព្រះពិស្ណុការ)

ម្យ៉ាងវិញទៀត បើតាមគេហទំព័រ យសោធរ ជាបណ្ដាញព័ត៌មានផ្សព្វផ្សាយវប្បធម៌ខ្មែរបានឱ្យដឹងពីពិធីក្រុង ពលី ដែលទាក់ទងនឹងការបូជាមនុស្សថា៖ “បើយើងមើលកិច្ចហៅថា «ប្រុងពលី» ដែលអ្នកស្រុកខាងជើង មានអ្នកស្រុកនៅតំបន់អង្គរជាដើមប្រារព្វធ្វើទើបយើងយល់ថា នៅពីក្រោយសេចក្តីពន្យល់តាមព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា មានជំនឿទូទៅមួយដែលមនុស្សលោកធ្លាប់ជឿពីមុនមក ហើយដែលយើងត្រូវយកមកគិត។ ជំនឿនោះទាក់ទងនឹងការបូជាមនុស្សតែម្តង ជាពិសេស ជាពិសេសមនុស្សស្រី ដ្បិតគេយល់ថា ភូតឬខ្មោច កើតឡើងពីមនុស្សដែលគេយកទៅបូជានោះ មានអានុភាពអាចការពារទីកន្លែងណាមួយទប់ទល់នឹងសត្រូវគ្រប់បែបយ៉ាង។ យើងខ្ញុំពុំចាំបាច់និយាយវែងឆ្ងាយពេកទេ អ្នកអានយកតែរឿងអ្នកតាឃ្លាំងមឿងមកគិតទៅក៏យល់ហើយ ព្រោះក្នុងរឿងនោះគេនិយាយថា ដោយទាល់តម្រិះមិនដឹងធ្វើយ៉ាងម៉េចទៀតដើម្បីបង្រ្កាបទ័ពសៀមបាន ឧកញ៉ាសួគ៌ាលោកឈ្មោះថា មឿង ក៏សម្រេចចិត្តជីករណ្តៅដាំលំពែងច្រូងច្រាង ហើយលោតសម្លាប់ខ្លួននៅក្នុងនោះដើម្បីកទ័ពខ្មោចមកវាយសត្រូវ។ នេះជារឿង «ពលីជីវិត»ក្នុងបំណងបម្រើបុព្វហេតុអ្វីមួយធំ។ ម្យ៉ាងទៀត មិនថាតែខ្មែរទេ ជនជាតិនានាជិតឬឆ្ងាយ តែងជឿរឿងថាកប់មនុស្សស្រីជាដើមនៅគល់ស្ពាន ឬក៏សំណង់អ្វីមួយធំធេងដើម្បីឲ្យនៅថែរក្សានៅទីនោះ…”៕

(រូបតំណាង និមិត្តរូបនៃការបូជាមនុស្ស ចេញផ្សាយដោយ យសោធរ)

(ដោយ៖ភូមិន្ទ)