រកឃើញគោយន្តកន្ត្រៃមួយគ្រឿង នៅព្រៃលិចទឹកតំបន់៣ ដែលជាតំបន់ហាមឃាត់ នៅស្រុកសង្កែ

(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០វេលាម៉ោង៩នឹង៣០នាទី កម្លាំងអាវុធហត្ថចំនួន៥នាក់រថយន្ត១គ្រឿង សហការជាមួយគណបញ្ជាការឯកភាពរដ្ឋបាលស្រុកសង្កែដឹកនាំដោយ លោក សុខហឿន អភិបាលស្រុក ចុះត្រួតពិនិត្យការកាប់ទន្ទ្រានដី ព្រៃលិចទឹកតំបន់៣ដែនបឹងទន្លេសាបនៅត្រង់ចំណុចតាអ៊ួក្រញ៉ាញ់និយាមការលេខ (០៣២៩៨៩៣- ១៤៤៦៧០៤) ស្ថិតក្នុងភូមិដំបូកបុណ្យ ឃុំអន្លង់វិលស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពពីប្រជាពលរដ្ធដែលរស់នៅក្នុងមូលដ្ធានបានរាយការណ៏មកសម្ថកិច្ចថា មានការកាប់ទន្ទ្រានអស់២១ហិកតាកន្លែងខ្លះ ព្រោះស្រូវដោយជនមិនស្គាល់អត្តសញ្ញាណបានយកគោយន្តកន្ត្រៃមកភ្ជួរដី ព្រោះស្រូវនៅតំបន់ព្រៃលិចទឹកដែលជាតំបន់ហាមឃាត់។

លោកវរសេនីយ៏ត្រី ហម ភ័ណ្ឌ មេបញ្ជាការមូលដ្ធានកងរាជអាវុធហត្ថស្រុកសង្កែ បានបញ្ជាក់បន្ថែមថា នៅក្នុងកិច្ចប្រតិបត្តិការណ៏នៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០នេះដែរ កម្លាំងចំរុះរួមនិងមានការបញ្ជារផ្ទាល់ពីលោកអភិបាលស្រុកផងនោះ បានរកឃើញគោយន្តកន្ត្រៃម៉ាកត្រា ឆាងសណ្តោងរីម៉ក០១គ្រឿងក្បាលពណ៌ក្រហម និងស្រូវ០៩ការ៉ុងនៅលើដីដែលបានភ្ជួរទន្ទ្រាន រីឯត្រាក់ទ័របានបើកគេចចូលព្រៃបាត់ ។

បច្ចុប្បន្នកម្លាំងជំនាញជលផលសង្កាត់និងខេត្ត ជាអ្នកធ្វើកំណត់ហេតុកសាងសំណុំរឿងដើម្បីបន្តនិតិវិធីទៅតាមផ្លូវច្បាប់។ ចំណែកគោយន្តនិងស្រូវពូជ
ត្រូវបានយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែនៅថ្ងៃដដែលផងដែរ៕ ដោយ ប៊ុនថេត (យុទ្ធ)