បត់ម៉ូតូត្រឡប់ក្រោយមិនមើលឆ្វេង-ស្តាំ ត្រូវរថយន្តដឹកដីបុកស្លាប់ភ្លាមៗ នៅស្រុកស្អាង

(កណ្ដាល)៖ បុរសម្នាក់បានស្លាប់យ៉ាងអណោចអធម័នៅនឹងកន្លែងកើតហេតុក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍ (រវាងរថយន្តនិងម៉ូតូ) កើតហេតុនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៥ និង០០នាទី នៅចំណុចផ្លូវជាតិលេខ១២១០ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពពីរសមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃខែឆ្នាំម៉ោងកើតហេតុខាងលើមានរថយន្ត ០១គ្រឿងម៉ាកនីសាន់ ពណ៌ស ប្រភេទបែន ពាក់ផ្លាកលេខ ចង្កូតស្តាំ PP-0926 (អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ) បានបើកបរក្នុងទិសដៅពីកើតទៅលិច ។

លុះពេលធ្វើដំណើរមកដល់ចំនុចភូមិឃុំកើតហេតុខាងលើស្រាប់តែមាន ម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៍ខៀវ ពាក់ស្លាកលេខកណ្ដាល1T-5349 បើកបរដោយឈ្មោះ យី សុខគា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិក្បាលកោះ សង្កាត់ កោះអន្លង់ចិន ក្រុង តាខ្មៅ ខេត្តកណ្ដាល(ស្លាប់នៅនិងកន្លែងកើតហេតុ) បានបើកបញ្ច្រាស់ទិសគ្នាពីលិចមកកើត ហើយបត់ត្រឡប់ក្រោយ កាត់ពីមុខរថយន្ត បណ្ដាលអោយរថយន្តគេចមិនទាន់ក៏បុក បណ្តាលអោយស្លាប់ អ្នកបើបរម៉ូតូភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង រីឯអ្នកបើកបររថយន្តបានឈប់រថយន្តរត់គេចខ្លួនបាត់តែម្ដង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងទីកន្លែងកើតហេតុនិងប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។ ចំណែកសាកសពសមត្ថកិច្ចយើងបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូ ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។

ក្រោយពីរមានការគ្រោះថ្នាក់ចរាចរណ៍នេះកើិតឡើងប្រជាពលរដ្ឋនៅឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្ដាល ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវចូលវត្តស្អាងភ្នំ មានការព្រួយបារម្ភ និងហួសចិត្ត ចំពោះរថយន្តធុនធំដឹកដី ដឹកថ្មបន្តកន្ទុយគ្នាដូចបុណ្យកឋិនតាមផ្លូវបេតុងក្លោងទ្វាវត្តស្អាងភ្នំ ដែលជាហេតុធ្វើអោយពួកគាត់ពិបាកក្នុងការធ្វើដំណើរ ហើយម្យាងទៀតពួកគាត់ព្រួយបារម្ភពីសុខភាព ខណៈដែលដឹកនោះធ្វើអោយធូលីដីហុយចូលពេញផ្ទះ ហើយបញ្ហាជាងនេះទៅទៀតនោះ ពួកគាត់មានការព្រួយបារម្ភពីករណីគ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្តទាំងនេះបើកល្បឿនលឿន មិនប្រមាណនឹងទំហ៊ំផ្លូវ និងទីប្រជុំជន ។

បញ្ហាទាំងអស់នេះហើយ ពួកគាត់បានធ្វើការសំណូមពរដល់អាជ្ញាធរឃុំ ស្រុក តែមិនមានប្រសិទ្ធភាពក្នុងការអន្តរាគមន៍នោះទេ ។ ជាចុងបញ្ចប់ ពួកគាត់ដែលជាប្រជាពលរដ្ឋ សូមសំណូមពរដល់អាជ្ញាធរខេត្ត សូមជួយអន្តរាគមន៍ដោះស្រាយចំពោះបញ្ហានេះផង៕ ដោយ សនសុភ័ក្រ (យុទ្ធ)