ការដាំដុះដំណាំបន្លែចម្រុះ នៅទូទាំងខេត្តពោធិ៍សាត់ សម្រេចបានសរុបចំនួន ២៧៣ ហិកតា ស្មើនឹង ៦៨,៦០% នៃផែនការ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃព្រហស្បត្តិ៍ ទី ២៥ ខែ មិថុនា ឆ្នាំ ២០២០ បានឲ្យដឹងថា ការងារដាំដុះដំណាំបន្លែចម្រុះ នៅទូទាំងខេត្តពោធិ៍សាត់ សម្រេចបានសរុបចំនួន ២៧៣ ហ.ត ស្មើនឹង ៦៨,៦០% នៃផែនការ ៣៩៨ ហ.ត។

តាមការផ្តល់ព័តមានរបស់កសិករឈ្មោះ អ៊ុន លក្ខិណា ភេទស្រី រស់នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកណ្តៀង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា គាត់បានធ្វើការដាំដុះដំណាំបន្លែបាន៤ដងក្នុង១ឆ្នាំ ដូចជា ត្រប់ ត្រសក់ ស្ពៃ និងខាត់ណាផ្កា…។ល។ ហើយទទួលចំណូលប្រហែល ៣០,០០០,០០០ រៀល លើផ្ទៃដីដាំដុះប្រហែល ៣០អា ។ ចំពោះបន្លែដែលគាត់ផលិតបានទៅបោះដុំ ផ្សាភូពុយ ពោធិ៍សាត់ ប្រភេទបន្លែល្អលេខ១ និងលក់ដោយខ្លួនឯងខ្លះ។
ជាក់ស្តែងក្នុងមួយថ្ងៃត្រសក់លក់បានបរិមាណ ១០០ គ.ក្រ-១៣០ គ.ក្រ ក្នុងតំលៃ ២ ០០០ រៀល (បោះដុំ) ននោងនិងត្រឡាចជាមធ្យម ២២០០រៀល/១គ.ក្រ។ ដោយឡែកលទ្ធផលការងារបង្កបង្កើនផលដំណាំរួមផ្សំ និងសាកវប្បកម្មតាមគ្រួសារ ត្រឹមឆមាសទី១ សម្រេចបានសរុប ៤៣៥ ហ.ត ស្មើ ៧២,៣៨% ផែនការប្រចាំឆ្នាំ ៦០១ហ.ត ក្នុងនោះ បន្លែគ្រប់មុខ ២៧៣ ហ.ត, ឳឡឹក ៧៩ ហ.ត, ម្ទេសគ្រប់ប្រភេទ ៥ ហ.ត, ល្ពៅ ៣៣ ហ.ត, ម្នាស់ ១០ ហ.ត និង ដំឡូងជ្វា ៣៨ ហ.ត និង ដំណាំ ។

ដោយឡែក ដំណាំឧស្សាហកម្មគ្រួសារកសិករ អនុវត្តបាន ១៩ ០៧៣ ហ.ត ស្មើ ៩៦,៧៨% ផែនការប្រចាំឆ្នាំ ១៩ ៧០៧ ហ.ត ក្នុងនោះដំឡូងមី ១៥ ៤១៦ ហ ត, ពោតក្រហម ២ ១២៣ ហ ត,ពោតស ២២៥ ហ ត, អំពៅ ១៦៨ ហ ត, ដំណាំល្ង ១៣៣ ហ ត, សណ្តែកដី ៣៤១ ហ.ត, សណ្តែកបាយ ២១៨ ហ.ត, សណ្តែកអង្គុយ ១៥៤ ហ.ត, សណ្តែកសៀង ៥១ ហ.ត, ត្រាវ ៦៧ ហ.ត, សាគូ ៦០ ហ.ត, ខ្ញី ៤៥ ហ.ត និងរមៀត ៧២ ហ.ត៕ ដោយ៖ យុទ្ធ

ប្រភព៖ ក្រសួងកសិកម្ម