ជីវប្រវត្តិនិងស្នាដៃលោកស្រីបណ្ឌិត សាស្រ្តាចារ្យ ពៅ សាវរស

លោកស្រី ពៅ សាវរស ជាស្ត្រីអ្នកប្រាជ្ញខ្មែរដែលធ្វើការសិក្សា ស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលខាងវិជ្ជាអារ្យធម៌ខ្មែរដែលមានការទទួលស្គាល់ទាំងថ្នាក់ជាតិនិងអន្តរជាតិ។ ខាងក្រោមនេះគឺជាការសង្ខេបជីវប្រវត្តិក៏ដូចជាស្នាដៃសំខាន់ៗរបស់លោកស្រី។

ជីវប្រវត្តិសង្ខេប៖

  • លោកស្រីបណ្ឌិតសាស្រ្តាចារ្យ ពៅ សាវរស កើតថ្ងៃទី ២៤ ខែសីហា ឆ្នាំ ១៩២៩ នៅក្រុងភ្នំដូនពេញ(រាជធានីភ្នំពេញ) ។ គឺក្នុងសម័យប្រទេសកម្ពុជាស្ថិតក្រោមអាណាព្យាបាលរបសស់បារាំងសែស ពីឆ្នាំ ១៨៦៣ ដល់ ១៩៥៣។
  • ឪពុកនាម ពៅ ច្រឹង ម្ដាយនាម…? លោកស្រីមានបងប្អូន ៤​នាក់ លោកស្រីជាកូនទីពីរ។
  • លោកស្រី បានចូលរៀនសាលាបឋមសិក្សាក្នុងរាជធានី បន្ទាប់មក ចូលសិក្សាមធ្យមសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ(ក្រុងភ្នំដូនពេញ)។
  • លោកស្រីបានទទួលសញ្ញាបត្រមធ្យមសិក្សាភាគទី ២ ផ្នែកអក្សរសាស្រ្តនិងទស្សនៈវិជ្ជា (សម័យនោះនិស្សិតត្រូវធ្វើដំណើរទៅប្រឡងនៅឯព្រៃនគរឆ្នាំ ១៩៤៧)។ ក្នុងឆ្នាំដដែលនោះ លោកស្រីសិក្សាថ្នាក់ទស្សនៈវិទូបន្តទៀត។
  • ឆ្នាំ ១៩៥១ បន្ដមករៀនវិជ្ជានៅប្រទេសបារាំងសែស តាមរយៈក្រសួងសិក្សាធិការជាតិបានផ្ដល់អាហារូបករណ៍ឱ្យ។
  • លោកស្រីបានបន្ដវិជ្ជានៅសាលកលវិទ្យាល័យ ស៊កបោនន៍ (Sorbonne) ផ្នែកអក្សរសាស្រ្តនិងមនុស្សសាស្រ្ត បន្ទាប់មកលោកស្រីបានទទួលសញ្ញាបត្រផ្នែកខាងប្រវិត្តសាស្រ្ត ភូមិសាស្រ្តនិងភាសាសាស្រ្ត។
  • លោកស្រីទទួលសញ្ញាបត្រជាបណ្ឌិតរដ្ឋនៅឆ្នាំ ១៩៧៨ ដោយបានសរសេរនិក្ខេបបទមានចំណងជើងថា “រាមកេរ្តិ៍ខ្មែរ”។
(ប្រភពរូបថតពីលោក ព្រាប ចាន់ម៉ារ៉ា ព្រឹទ្ធ​បុរស​រង​មហា​វិទ្យាល័យ​បុរាណ​វិទ្យា និង​ជា​គ្រូ​បង្រៀន​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ)

ប្រវត្តិការងារនិងស្នាដៃសំខាន់ៗ៖

  • ១៩៧៩: ត្រូវបានរដ្ឋាភិបាលបារាំងតែងតាំងឲ្យបម្រើការនៅ មជ្ឈមណ្ឌលជាតិស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្រ្ត
  • ១៩៨៩: រៀបចំបោះពុម្ពឯកសារ “សិលាចារឹកខ្មែរ ភាគទី១”
  • ១៩៨៩-១៩៩៥: បង្រៀនសិលាចារឹកខ្មែរនៅសាកលវិទ្យាល័យ សង់ស៊ីយ៉េរ ប្រទេសបារាំង
  • ១៩៩៥-១៩៩៨: បង្រៀនសិលាចារឹកខ្មែរ នៅសាលាបារាំងចុងបូព៌ា ទីក្រុងប៉ារីស
  • ១៩៩២: បោះពុម្ពផ្សាយវចនានុក្រម ខ្មែរចាស់-បារាំង-អង់គ្លេស
  • ១៩៩៣: ធ្វើសន្និសីទ និង បង្រៀននៅសាកលវិទ្យាល័យភ្នំពេញ
  • ១៩៩៨: ត្រូវបានអញ្ជើញចូលរួមធ្វើសន្និសីទនៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
  • ២០០១: បោះពុម្ពឯកសារសិលាចារឹកខ្មែរ ភាគ២ និង ភាគ៣
  • ២០០៣: សហការជាមួយ វិទ្យាស្ថានរៃយំ បោះពុម្ពស្នាដៃ ២៤ អត្ថបទ
  • ២០០៤: បោះពុម្ពផ្សាយវចនានុក្រមខ្មែរចាស់-បារាំង-អង់គ្លេស (កំណែប្រែថ្មី)
  • ២០០៧: បោះពុម្ពសៀវភៅ រឿងរាមកេរ្តិ៍ ភាគទី១
  • ២០១១: បោះពុម្ពឯកសារសិលាចារឹកខ្មែរ ភាគទី៤
  • ២០១៦: បញ្ចប់ការសរសេរសៀវភៅ វចនានុក្រមខ្មែរសម័យកណ្តាល (បោះពុម្ពឆ្នាំ ២០១៧)
    ក្រៅពីនេះ លោកស្រីបណ្ឌិត សាស្រ្តាចារ្យធ្លាប់ត្រូវបានគេអញ្ជើញចូលរួមជាវាគ្មិនពិភាក្សាអំពីបញ្ហាអក្សរសាស្រ្តនិង សិលាចារឹកខ្មែរលើឆាកអន្តរជាតិជាច្រើនប្រទេស និង សរសេរស្នាដៃលើប្រធានបទខាងទាំង​ជាភាសា​ខ្មែរ បារាំង និង​អង់គ្លេស​រាប់រយស្នាដៃឯណោះ។

គួរបញ្ជាក់ឱ្យដឹងថាលោកស្រីបណ្ឌិត សាស្រ្តាចារ្យ ពៅ សាវរស ទទួលមរណភាពនៅថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២០ នៅឯប្រទេសបារាំងក្នុងជម្មាយុ ៩១ ឆ្នាំ ដោយជរាពាធ។ ដំណឹងមរណភាពរបស់លោកស្រីធ្វើឱ្យមានការស្ដាយស្រណោះជាពន់ពេកដល់បណ្ដាសិស្ស និស្សិត និងអ្នកសិក្សាស្រាវជ្រាវ ព្រោះនេះគឺជាការបាត់បង់ដ៏ធំក្នុងនាមលោកស្រីជាអ្នកប្រាជ្ញខាងអក្សរសាស្រ្តខ្មែររូប៕ (សង្ខេបសម្រួលចេញពីសៀវភៅ ជីវប្រវត្តិរបស់លោកស្រីបណ្ឌិត សាស្រ្តាចារ្យ ពៅ សាវរស ដែលរៀបរៀងដោយ ហម ឆាយលី) (ដោយ៖ ភូមិន្ទ)