សម្តេចតេជោ ហ៊ុន សែន គាំទ្រអាណត្តិធម្មនុញ្ញ របស់អង្គការសុខភាពពិភពលោក

(ភ្នំពេញ) ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦(កិច្ចប្រជុំពេញអង្គ) តាមរយៈប្រព័ន្ធវីដេអូ ក្រោមប្រធានបទ«ភាពស្អិតរមួតនិងការឆ្លើយតប» នាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ នៅវិសន្តិភាព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានសម្ដែងនូវ ការគាំទ្រកយ៉ាងពេញទំហឹងចំពោះអាណត្តិធម្មនុញ្ញរបស់អង្គការសុខភាពពិភពលោក (WHO) នេះ ដែលកំពុងដើរតួនាទីស្នូលក្នុងការដឹកនាំប្រយុទ្ធប្រឆាំងជាសកល នឹងជំងឺរាត ត្បាត ពិសេសកូវីដ១៩។

   

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការរាតត្បាតនៃជំងឺ ដូចជា បញ្ហាកូវីដ១៩ បាននាំមកនូវបញ្ហាប្រឈមមួយចំនួន ដែលមិនធ្លាប់មានពីមុនមក សុវត្ថិភាពសុខ ភាព សាធារណៈ ការបង្អាក់ការប្រមូលផ្ដុំ និងដំណើរការនៃច្រវ៉ាក់ផ្គត់ផ្គង់សកល ក៏ដូចជា ផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសង្គម និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលោក។

សម្ដេច តេជោ បានបន្តថា  ក្នុងបរិការណ៍នេះ ការឆ្លើយតបរួម និងសាមគ្គីភាពជាសកលលើមូល ដ្ឋានពហុភាគីនិយម ជាពិសេសក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិ  ពិតជាមានភាព ចាំ បាច់មិនអាចខ្វះបាន។ ជាការពិតណាស់ កាលៈទេសៈនេះមិនមែនជាពេលសម្រាប់យើង ចោទប្រកាន់គ្នារើសអើង ឬបែងចែកសម្ព័ន្ធមិត្តគ្នា ដោយផ្អែកលើរបៀបវារៈនយោបាយ ណាមួយនោះឡើយ។

ក្នុងន័យនេះ កម្ពុជាសូមគាំទ្រយ៉ាងពេញទំហឹងចំពោះអាណត្តិ ធម្ម នុញ្ញរបស់អង្គការសុខ ភាពពិភពលោក (WHO)នេះ ដែលកំពុងដើរតួនាទីស្នូលក្នុងការដឹក នាំប្រយុទ្ធប្រឆាំងជាសកល នឹងជំងឺរាតត្បាត។

សម្ដេចតេជោគូសបញ្ជាក់ថា  ទន្ទឹមនឹងការ រង់ចាំភាពជោគជ័យដំបូងបំផុតនៃការផលិតវ៉ាក់សាំង កម្ពុជាសូមអំពាវនាវឱ្យចាត់ទុក វ៉ាក់សាំងនេះ ជាទំនិញរួមសម្រាប់សកលលោក (Global common goods) ដែលប្រជាជន គ្រប់រូបក្នុង សកលលោក អាចទទួលបាន។

ក្នុងកម្រិតតំបន់ យើងទាំងអស់ ធៀបនឹង តំបន់ផ្សេងៗទៀត គឺពិតជាមានមោទនភាព ដែលអាស៊ានទទួលបានជោគជ័យប្រៀប ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ ទន្ទឹមនេះ ក្នុងខែមេសាកន្លងទៅ យើងបាន រៀបចំកិច្ចប្រជុំពិសេសស្តីពីបញ្ហានេះ តាមរយៈប្រព័ន្ធវីដេអូ ព្រមទាំងបានឯកភាពលើវិធាន ការជាក់ស្តែងមួយចំនួន ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩នេះ។ ជាងនេះទៅទៀត យើងបានពង្រីកកិច្ច សហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ តាមរយៈការចូលរួមយ៉ាងសកម្មជាមួយដៃគូខាងក្រៅ(External partners) ជាទិសដៅ ទៅមុខ អាស៊ានពិតជាមានភាពចាំបាច់ជាយុទ្ធសាស្ត្រ ក្នុងការត្រៀមខ្លួនឱ្យបានល្អសម្រាប់ ក្រោយអំឡុងពេលវិបត្តិកូវីដ១៩។

ជាមួយគ្នានេះ សម្ដេចតេជោបានបន្ថែមថា ដើម្បីសម្រេចបាននូវគោលដៅនេះ អាស៊ានគួរបង្កើត ផែនការស្តារឡើង ប្រកបដោយភាពជាក់លាក់ និងប្រុងប្រយ័ត្ន តាមរយៈ ការដាក់ចេញនូវ សេណារីយ៉ូមួយចំនួន សម្រាប់បើកឱ្យដំណើរការជាបណ្តើរៗ ក្នុងការ ធ្វើដំណើរឆ្លងកាត់ ព្រំដែន និងប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសក្នុងតំបន់ និងការស្តារ ឡើង វិញនូវវិស័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនេះ។

 គួរបញ្ជាក់ដែរថា តបតាមការអញ្ជើញរបស់ឯកឧត្ដម ង្វៀន សួនហ្វុក នាយករដ្ឋ មន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូល អាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ២០២០។

អញ្ជើញអមសម្តេចតេជោ នៅក្នុងកិច្ចប្រជុំ រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួង សុខាភិបាល និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជន ជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៦ តាមរយៈប្រព័ន្ធវីដេអូ ថ្នាក់ដឹកនាំបានផ្តោតការយក ចិត្តទុកដាក់លើកិច្ចខិតខំ ប្រឹង ប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ១៩ និងការលើក កម្ពស់ ការស្តារសេដ្ឋកិច្ចសង្គមក្រោយជំងឺកូវីដ១៩ វិធីនិងមធ្យោបាយនានាដើម្បីសម្រេច បាននូវចក្ខុវិស័យសហគមន៍ អាស៊ានឆ្នាំ២០២៥ និងទំនាក់ទំនងរបស់អាស៊ាន ជាមួយដៃ គូ ខាងក្រៅ និងសហគមន៍ពិភពលោក៕ ដោយ៖ Micheal