សមត្ថកិច្ចស្រុកជីក្រែង ចាប់ត្រាក់ទ័រ២គ្រឿង ដែលភ្ជួរដីក្នុងតំបន់ហាមឃាត់

(សៀមរាប)៖ សមត្ថកិច្ចស្រុកជីក្រែង នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានសហការគ្នា ចាប់ត្រាក់ទ័រ២គ្រឿង បានលួចចូលទៅភ្ជួរដីក្នុងតំបន់៣ ដែលជាតំបន់ហាមឃាត់នៃបឹងទន្លេសាប។

បើតាមលោកវរសេនីយ៍ឯនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងថា ប្រតិបត្តិការនេះ ដឹកនាំដោយលោកម៉ូវ ជា អភិបាលរងស្រុក បានចុះពិនិត្យដី(ស្រែប្រាំង)តំបន់ ៣ ចំណុចតាពៀម ភូមិសាស្ត្រភូមិស្តៅ ឃុំអន្លង់សំណរ ដែលជាតំបន់ហាមឃាត់។

លោកបន្តថា ជាលទ្ធផល កម្លាំងបានឃាត់បានត្រាក់ទ័រចំនួន២គ្រឿង ដែលកំពុងធ្វើសកម្មភាពឈូសឆាយដី និងភ្ជួររាស់។

លោកបន្ថែមថា ម្ចាស់ត្រាក់ទ័រខាងលើ មានឈ្មោះ ង៉ាន់ ហៃ ភេទប្រុស រស់នៅភូមិតាគឹមលើ ឃុំអន្លង់សំណរ ស្រុកជីក្រែង និងម្ចាស់ម្នាក់ទៀតឈ្មោះ អ៊ុន សម្បត្តិ ភេទប្រុសអាយុ ៥៣ ឆ្នាំ ភូមិ ស្តៅ ឃុំអន្លង់សំណរស្រុកជីក្រែង។

លោកបានឲ្យដឹងទៀតថា បន្ទាប់ពីសមត្ថកិច្ចចុះអនុវត្តន៍រួច ក៏បានយកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអន្លង់សំណរ។ ដោយឡែក ម្ចាស់ត្រាក់ទ័រ ត្រូវបានឲ្យទៅផ្ទះសិន រងចាំជំនាញចាត់ការតាមនីតិវិធី៕ ដោយ៖បន្ទាយក្តី(Micheal)