ក្រុមតន្រ្តីឪពុក ឱក សុគន្ធកញ្ញា ទទួលបានពានមួយក្នុងការប្រកួត

ក្រុម​​មន្ទីរ​​​វប្បធម៌​ខេត្ត​ព្រៃវែង​មក​ពី​ខេត្ត​ព្រៃវែងដែលដឹកនាំដោយលោក ឱក បូនី ត្រូវជាឪពុកបង្កើតរបស់អ្នកនាង ឱក សុគន្ធកញ្ញា ទទួលបានលទ្ធផលចំណាត់ថ្នាក់លេខពីរ ក្នុងវិញ្ញាសារ “វង់ភ្លេងការបុរាណខ្មែរ” នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុង​​កម្មវិធី​​​ “វង់​តន្រ្តី​ខ្មែរ” ​រដូវកាល​​ទី១​ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះ បន្ទាប់ពីប្រកួតប្រជែងយ៉ាងស្វិតស្វាញនាពេលកន្លងមកនេះ។ កម្មវិធីប្រកួតប្រជែងវង់តន្រ្តីខ្មែរនេះ ​រៀបចំ​ដោយ​​​​សហភាព​​​​សហព័ន្ធ​យុវជន​​​កម្ពុជា​ខេត្ត​ស្វាយរៀង គាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​​វិចិត្រ​សិល្បៈ និង​សមាគម​​​មិត្ត​តន្រ្តីករ ​សហការ​​​ផ្សាយ​ដោយ​ទូរទស្សន៍​បាយ័ន។

ការទទួលបានចំណាត់ថ្នាក់លេខពីររបស់ក្រុមលោក ឱក បូនី ដោយទទួលបានពានកិត្តិយសមួយនិងប្រាក់រង្វាន់ ៨ លានរៀលនេះគឺរំលងបានតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីតន្រ្តីករជើងចាស់រូបនេះប្រកាសក្នុងគណនីហ្វេសប៊ុកថាកូនស្រីរបស់លោក ឱក សុគន្ធ​កញ្ញា ជាកូនដែលមិនស្គាល់ឪពុក។ ក្រោយការវាយប្រហាររបស់ឪពុកនៅក្នុងបណ្ដាញគណនីហ្វេសប៊ុករួចមក ឱក សុគន្ធកញ្ញា ក៏បានឆ្លើយតបតាមរយៈសារព័ត៌មានក្នុងស្រុកមួយថា នាងក៏មិនយល់ថាហេតុអ្វីនៅសុខៗឪពុកនាងនិយាយបែបនេះនោះឡើយ។ គួរបញ្ជាក់ឱ្យដឹងថា លោក ឱក បូនី បែកបាក់ទំនាក់ទំនងជាមួយម្ដាយអ្នកនាងឱក សុគន្ធកញ្ញា ជាច្រើនឆ្នាំមកហើយ។ ហើយនេះគឺជាហេតុដែលធ្វើឱ្យទំនាក់ទំនងរវាងឪពុកនិងកូនរូបនេះមិនសូវមានភាពស្និទ្ធស្នាលនឹងគ្នាប៉ុន្មាននោះឡើយ៕

(ដោយ៖ភូមិន្ទ)